លោកអនុប្រធានាធិបតីអាមេរិក Mike Pence បាននិយាយថាការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសជប៉ុនគឺជាវិធីដ៏ល្អបំផុតដើម្បីដោះ ស្រាយអតុល្យភាពពាណិជ្ជកម្មដែលក្រុងវ៉ាស៊ីនតោននិយាយថាខ្លួនបានធ្វើឲ្យ ផលិតផលអាមេរិក មានឧបសគ្គ។
លោក Pence បានថ្លែងនៅក្នុងសន្និសីទព័ត៌មានរួមគ្នាមួយក្នុងទីក្រុងតូក្យូជាមួយនឹង លោក អាបេថា៖
«ផលិតផលអាមេរិកនិងសេវាកម្មផងដែរ តែងតែមានឧបសគ្គ ក្នុងការប្រកួតប្រជែង ដោយយុត្តិធម៌នៅក្នុងទីផ្សារជប៉ុន»។ លោក Pence បានបន្ថែមថា៖ «ឱកាសដ៏ប្រសើរ សម្រាប់ការធ្វើពាណិជ្ជកម្មទៅវិញទៅមក ប្រកបដោយយុត្តិធម៌និង ស្មើភាពគ្នាគឺនឹង សម្រេចនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី»។ លោកថ្លែងបន្តទៀតថាប្រជាជាតិ ទាំងពីរនឹងចរចាគ្នាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលនឹងក្លាយជាគំរូមួយសម្រាប់ ប្រជាជាតិផ្សេងៗទៀត។
លោកប្រធានាធិបតី ដូណាល់ ត្រាំបានបញ្ជាក់ម្តងហើយម្តងទៀតអំពីការចង់បាន របស់លោកពីការចរចានៃកិច្ចព្រមព្រៀងទ្វេភាគី ដែលត្រូវឈរលើលក្ខខណ្ឌផ្តល់ផលប្រយោជន៍ច្រើនដល់សហរដ្ឋអាមេរិក។
លោកប្រធានាធិបតី ត្រាំ បានត្អូញត្អែរចំពោះពាណិជ្ជកម្មជប៉ុនដែលមានអតិរេកថវិកា ដល់ទៅ៦៩ ពាន់លានដុល្លារ ជាមួយស.រ.អា ហើយលោក ត្រាំ បានដាក់សម្ពាធដល់ លោក អាបេ ឲ្យយល់ព្រមនឹងកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីដោះស្រាយបញ្ហានោះ។ លោកថាជប៉ុននាំរថយន្តរាប់លានគ្រឿងទៅកាន់អាមេរិកខាងជើង នៅពេលជាមួយគ្នា ជប៉ុនរាំងខ្ទប់ការនាំចូលរថយន្តអាមេរិក។ លោកថាពាណិជ្ជកម្មទាក់ទងនឹងផលិត ផលកសិកម្មក៏គ្មានតុល្យភាពដែរ។
ទីក្រុងតូក្យូបាននិយាយថាទីផ្សាររបស់ខ្លួនបើកទូលាយ តែយ៉ាងណាក៏ដោយជប៉ុនមានការគាំពារផលិតផលខ្លះរបស់ជប៉ុន។
នៅក្នុងសុន្ទរកថាមុនកិច្ចប្រជុំជាមួយលោក អាបេ លោក Pence បានថ្លែងថាលោករង់ចាំពិភាក្សាជាមួយលោកអាបេអំពីវិធីនានាដើម្បីឲ្យប្រទេសទាំងពីរ ជប៉ុន និង អាមេរិកបន្តធ្វើកិច្ចការជាមួយគ្នាកាន់តែជិតដិតដើម្បីធ្វើឲ្យជឿនលឿនទៅមុខចំពោះគោលបំណងនៃការលុបបំបាត់មិនឲ្យមានអាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ៕