ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួននឹងបញ្ជូនពលរដ្ឋអាមេរិកាំងម្នាក់ដែលបានត្រូវចាប់ឃុំឃាំងកាលពីខែតុលាដោយចូលក្នុងប្រទេសនេះដោយខុសច្បាប់ពីប្រទេសចិនមកកាន់ស.រ.អា.វិញ។
ទីភ្នាក់ងារព័ត៌មាន KCNA ជាផ្លូវការនៃរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានរាយការណ៍នៅថ្ងៃសុក្រនេះថា «នៅពេលត្រូវសួរចម្លើយ បុរសនេះបាននិយាយថាគាត់បានចូលក្នុងប្រទេសកូរ៉េខាងជើងដោយខុសច្បាប់តាមបញ្ជានៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស.រ.អា. (CIA)។
គេមិនបានដឹងច្បាស់លាស់ភ្លាមៗថាតើនៅពេលណាបុរសនេះនឹងត្រូវបញ្ជូនមកកាន់ប្រទេសអាមេរិកវិញទេ។
កាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងមានសកម្មភាពខ្លាំងជាងមុនលើការចាប់ឃុំឃាំងពលរដ្ឋអាមេរិកដែលជាធម្មតាបានត្រូវដោះលែងនៅក្រោយពេលអ្នកនយោបាយស.រ.អា.ម្នាក់បានត្រូវបញ្ជូនឱ្យទៅយកពួកជនជាតិអាមេរិកាំងទាំងនោះ។ ជាធម្មតាពួកជនជាប់ឃុំឃាំងទាំងនេះបានត្រូវដោះលែងដោយមានស្ថានភាពល្អ។
ក៏ប៉ុន្តែនេះមិនមែនជាករណីសម្រាប់លោក Otto Warmbier ដែលជានិស្សិតម្នាក់នៃសាកលវិទ្យាល័យស.រ.អា.ទេ។ លោកបានត្រូវដោះលែងកាលពីឆ្នាំមុនក្នុងស្ថានភាពគ្មានវិញ្ញាណក្រោយពេលបានជាប់ឃុំឃាំង១៧ខែ ហើយលោកបានស្លាប់នៅពេលប៉ុន្មានថ្ងៃបន្ទាប់មក។ កូរ៉េខាងជើងបានបដិសេធថាពួកគេមិនបានធ្វើទារុណកម្មលោក Warmbier ទេ។
សេចក្តីសម្រេចថាបញ្ជូនមកកាន់ប្រទេសអាមេរិកវិញនូវពលរដ្ឋស.រ.អា.ដែលបានត្រូវចាប់ឃុំឃាំងកាលពីពេលថ្មីៗនេះអាចជាសញ្ញាមួយថា អាជ្ញាធរកូរ៉េខាងជើងចង់បន្តរក្សាទំនាក់ទំនងដែលខ្លួនបានចាប់ផ្តើមធ្វើជាមួយស.រ.អា.ត
ទៅទៀត។ កាលពីខែមិថុនា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងនិងលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានធ្វើជំនួបកំពូលជាប្រវត្តិសាស្ត្រមួយនៅក្នុងប្រទេសសិង្ហបុរី៕