ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ថា សហរដ្ឋ​អាមេរិក​ត្រៀម​រៀបចំ​កិច្ច​ប្រជុំ​អាមេរិក-អាស៊ាន​នៅ​ពេល «ប៉ុន្មាន​ខែ​ខាងមុខ»


រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក លោក Joe Biden ចូលរួម​​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពី​សាលប្រជុំ​នៅ​សេតវិមាន​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក លោក Joe Biden ចូលរួម​​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពី​សាលប្រជុំ​នៅ​សេតវិមាន​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ពិសេស​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​រយៈពេល «ប៉ុន្មាន​ខែ​ខាងមុខ​នេះ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​រង​សេតវិមាន​អ្នកស្រី Karine Jean-Pierre កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

ដោយ​តប​ទៅនឹង​សំណួរ​របស់​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន VOA ប្រចាំ​សេតវិមាន​អ្នកស្រី Patsy Widakuswara នៅ​លើ​យន្តហោះ​ប្រធានាធិបតី​អាមេរិក Air Force One អ្នកស្រី Jean-Pierre បាន​ថ្លែង​ថា៖ «លោក​ប្រធានាធិបតី Joe Biden ទន្ទឹង​រង់ចាំ​ស្វាគមន៍​បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​មកកាន់​រដ្ឋធានី​វ៉ាស៊ីនតោន សម្រាប់​កិច្ច​ប្រជុំ​ពិសេស​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ»។

អ្នកស្រី Jean-Pierre បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​តាំងចិត្ត​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​នឹង​អាស៊ាន ក៏​ដូចជា​មជ្ឈភាព​របស់​អាស៊ាន​ផងដែរ។ យើង​បាន​ធ្វើការ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​របស់​យើង​នៅក្នុង​តំបន់ និង​ជំរុញ​ឲ្យ​មាន​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ​ដែល​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ»។

សហរដ្ឋ​អាមេរិក​កំពុង​បង្កើន​ភាព​ជា​ដៃគូ​ផ្នែក​យុទ្ធសាស្ត្រ​របស់​ខ្លួន​ជាមួយ​នឹង​សមាគម​អាស៊ាន ស្របពេល​ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden មាន​បំណង​ចាប់ផ្ដើម «គម្រោង​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក» ថ្មី​មួយ​ចាប់ពី​ដើម​ឆ្នាំ ២០២២ នេះ​តទៅ៕

XS
SM
MD
LG