រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់ការអំពាវនាវឲ្យប្រេសិតពិសេសរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) សម្រាប់មីយ៉ាន់ម៉ា ឲ្យជួបជាមួយក្រុមនានាដែលជំទាស់ប្រឆាំងរដ្ឋប្រហារកាលពីឆ្នាំទៅដែលពួកយោធាបានប្រកាសថា ជា«ក្រុមភេរវជន»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ដោយមានសញ្ញាតិចតួចដែលថា ពួកយោធាអនុវត្តផែនការសន្តិភាព៥ចំណុចដែលបានព្រមព្រៀងជាមួយអាស៊ានកាលពីឆ្នាំទៅ ដែលរួមមានការបញ្ចប់ជាបន្ទាន់នូវអរិភាពហើយនឹងអនុញ្ញាតឲ្យបេសកជនពិសេសសម្របសម្រួលការសន្ទនា ការបែកបាក់ដែលកំពុងកើនឡើង បានលេចចេញនៅក្នុងប្លុកដែលមានប្រទេស១០ជាសមាជិក អំពីថាតើត្រូវស្តារឡើងវិញនូវស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះយ៉ាងដូចម្តេច។
បន្ទាប់ពីជំនួបរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា វាជាការសំខាន់សម្រាប់ប្រេសិតពិសេសជួបគ្រប់ភាគីទាំងអស់នៅក្នុងជម្លោះនោះ ដោយប្រទេសម៉ាឡេស៊ីបានអំពាវនាវឲ្យមានការចរចាជាមួយរដ្ឋាភិបាលឯកភាពជាតិ (NUG) ជាក្រុមមួយដែលមានសមាជិករបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាដែលត្រូវបានបណ្តេញចេញពីអំណាចនិងពួកអ្នកប្រឆាំងនឹងពួកយោធាផ្សេងទៀត។
ក្រសួងការបរទេសមីយ៉ាន់ម៉ា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ក្រសួងបានកត់សម្គាល់ថា ខណៈដែលការពិភាក្សាខ្លះមានលក្ខណៈស្ថាបនាអំពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុចនោះ សមាជិក២របស់អាស៊ាន បានស្នើឲ្យប្រសិតពិសេសធ្វើការទាក់ទងជាមួយក្រុមខុសច្បាប់និងក្រុមភេរវជន»។
នៅក្នុងការឆ្លើយតបជាសាធារណៈរបស់ខ្លួនលើកដំបូងចំពោះជំនួបរបស់អាស៊ានកាលពីសប្តាហ៍មុន ក្រសួងការបរទេសមីយ៉ាន់ម៉ាបានបញ្ជាក់ថា សំណើឲ្យបេសកជនអាស៊ានធ្វើការទាក់ទងជាមួយក្រុមផ្សេងៗទៀតនោះ «មិនត្រឹមតែផ្ទុយទៅនឹងគោលការណ៍នៃធម្មនុញ្ញអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងធ្វើឲ្យអន្តរាយដល់ការខំប្រឹងប្រែងនៃការប្រឆាំងភេរវកម្មរបស់អាស៊ានដែរ»។
អ្នកតំណាងពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនបានត្រូវគេគេអញ្ជើញឲ្យចូលក្នុងជំនួបរបស់អាស៊ានចាប់តាំងពីចុងឆ្នាំទៅមកម៉្លេះ៕