ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​នឹង​បង្កើន​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​រដ្ឋ​ឥស្លាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់


លោក​ឧត្តមសេនិយ៍ឯក Charles Brown។
លោក​ឧត្តមសេនិយ៍ឯក Charles Brown។

មន្ត្រី​យោធា​ស.រ.អា.​ជាន់​ខ្ពស់​ម្នាក់​នៅ​ក្នុង​ភូមិ​ភាគ​មជ្ឈឹមបូព៌ា​បាន​និយាយ​ថា​ល្បឿន​នៃ​ការ​ទម្លាក់​គ្រាប់បែក​របស់​ស.រ.អា.​លើ​ទីដៅ​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ ឥស្លាម​ក្នុង​ប្រទេស​ស៊ីរី​ និង​ប្រទេស​អ៊ីរ៉ាក់​ទំនង​ជា​នឹង​កើន​ខ្លាំង​ជាង​មុន​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខនេះ​ ក្រោយ​ពី​មានភាព​ស្ងប់ស្ងៀម​ក្នុង​ខែ​កញ្ញា​ និង​ខែ​តុលា​មក​នោះ។​

លោក​ឧត្តមសេនិយ៍ឯក Charles Brown នៃ​កងទ័ព​អាកាស​ស.រ.អា.​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ការ​បន្ថយ​ការ​ឆ្មក់​ទម្លាក់​គ្រាប់បែក​ដោយ​ក្រុម​ចម្រុះ​បណ្តាល​មក​ពី​ធាតុអាកាស​មិន​ល្អ និង​ការ​គ្មាន​ចលនា​របស់​កងកម្លាំង​ពួក​រដ្ឋ​ឥស្លាម​នៅ​លើ​ដី។​ លោក​បាន​និយាយ​ថា​ ក្រុម​មន្ត្រី​ចាប់ផ្តើម​ឃើញ​ចលនា​នៅ​លើ​ដី​របស់​ពួក​ជន​សកម្ម ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ច្រើន​ជាង​មុន។​

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​ខាង​ក្រៅ​សន្និសីទ​អន្តរជាតិ​នៃ​ក្រុម​មេ​បញ្ជាការ​កង​ទ័ព​អាកាស​នៅ​ក្នុង​ក្រុង​ Dubai​ លោក Brown ​បាន​ច្រានចោល​ការ​រិះគន់​ដែល​ថា​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​តិច​ជាង​មុន​ដោយសារ​មាន​ការ​ឆ្មក់វាយ​ប្រហារ​តាម​អាកាស​ដោយ​កងយន្តហោះ​ចម្បាំង​រុស្សី​នៅ​ក្នុង​ប្រទេស​ស៊ីរី។​

លោក Brown បាន​ថ្លែង​ថា​កិច្ចព្រមព្រៀង​មួយ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ស.រ.អា. និង​ប្រទេស​រុស្សី​កាលពី​ខែ​មុន​ដើម្បី​កាត់​បន្ថយ​ការ​គ្រោះថ្នាក់​នៅ​ក្នុង​អាកាស​ដោយ​កង​យន្តហោះ​ចម្បាំង​នៃ​ប្រទេស​ទាំង​ពីរ​មិន​បាន​បង្អាក់​កងកម្លាំង​ស.រ.អា.​មិន​ឱ្យ​ធ្វើការ​វាយ​ប្រហារ​ទេ​ នៅ​ពេល​ណា​មាន​តម្រូវ​ការ​នោះ៕

XS
SM
MD
LG