ក្រុមស៊ើបការសម្ងាត់ SITE បានរាយការណ៍កាលពីថ្ងៃសុក្រថាក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានអះអាងថាការវាយប្រហារតាមអាកាសមួយដោយប្រទេសហ្ស៊កដានីបានបណ្តាលឱ្យជនជាតិអាមេរិកាំងម្នាក់ដែលធ្វើការផ្នែកជំនួយសង្គ្រោះ និងត្រូវបានក្រុមបះបោរនេះឃុំឃាំងបាត់បង់ជីវិត។
សេតវិមានបាននិយាយថាខ្លួនមិនអាចបញ្ជាក់ថាការអះអាងនេះជាការពិតនៅទ្បើយទេ។
អ្នកស្រី Bernadette Meehan អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងខ្វល់ខ្វាយខ្លាំងណាស់អំពីរបាយការណ៍ទាំងនេះ។ នៅពេលនេះយើងមិនបានឃើញភ័ស្តុតាងណាមួយដែលបញ្ជាក់ថាការអះអាងរបស់ក្រុម ISIS ជាការពិតទេ»។
អ្នកស្រី Marie Harf អ្នកនាំពាក្យក្រសួងការបរទេសស.រ.អា.បាននិយាយថាក្រសួងការបរទេសបានទទួលស្គាល់ថាមានជនជាតិអាមេរិកាំងជាប់ឃុំឃាំងនៅក្រៅប្រទេសដោយមានរួមបញ្ចូលទាំងអ្នកដែលត្រូវចាប់ឃុំឃាំងដោយក្រុមរដ្ឋអ៊ីស្លាមដែរ ក៏ប៉ុន្តែអ្នកស្រីបានថ្លែងថាអ្នកស្រីមិនអាចនិយាយបានល្អិតល្អន់ជាងនេះអំពីករណីពិសេសនេះទេ។
ប្រទេសហ្ស៊កដានីបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងទីដៅរបស់ក្រុមរដ្ឋអ៊ីស្លាមនៅក្រោយក្រុមនេះបានសម្លាប់អ្នកបើកយន្តហោះហ្ស៊កដានីម្នាក់ដែលបានត្រូវចាប់ខ្លួននៅក្នុងប្រទេសស៊ីរីកាលពីខែធ្នូ។
បើតាមប្រភពស៊ើបការសម្ងាត់ ជនជាតិអាមេរិកាំងដែលធ្វើការខាងជំនួយសង្គ្រោះនេះត្រូវបានគេជឿជាក់ថាជាចំណាប់ខ្មាំងស.រ.អា.ចុងក្រោយបង្អស់ដែលក្រុមសកម្មប្រយុទ្ធនេះឃុំឃាំង ហើយគេគិតថាលោកនៅមានជីវិតកាលពីពីរសប្តាហ៍មុននេះ។
មានការសង្ស័យខ្លះចំពោះការអះអាងដែលថាអ្នកស្រីបានត្រូវសម្លាប់នៅក្នុងការវាយប្រហារមួយនៅក្រោយអាជ្ញាធរហ្ស៊កដានីបាននិយាយថាអ្នកបើកយន្តហោះរបស់ពួកគេបានត្រូវសម្លាប់មួយខែមុនក្រុមរដ្ឋអ៊ីស្លាមចេញផ្សាយវីដេអូមួយដែលបង្ហាញអំពីការស្លាប់របស់លោក។
មនុស្សរាប់ពាន់នាក់បានដើរតាមផ្លូវនានាក្នុងរាជធានីអាម៉ាន់ (Amman) នៃប្រទេសហ្ស៊កដានីកាលពីថ្ងៃសុក្រដើម្បីគាំទ្រលោក Muath al-Kaseasbeh ដែលជាអ្នកបើកយន្តហោះ។
អាជ្ញាធរហ្ស៊កដានីនិយាយថាការវាយប្រហារតាមអាកាសកាលពីពេលថ្មីៗនេះ ប្រឆាំងនឹងទីដៅរបស់ក្រុមរដ្ឋអ៊ីស្លាមគ្រាន់តែជាការចាប់ផ្តើមនៃការសងសឹកដល់ការសម្លាប់លោក Muath al-Kaseasbeh៕