បើតាមមេបញ្ជាការនៃកងកម្លាំងស.រ.អា.និងកងកម្លាំងអន្តរជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានឱ្យដឹងថា ក្រុមយោធារបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានជាអ្នកហៅឱ្យមានការវាយប្រហារតាមអាកាសដោយកងយន្តហោះចម្បាំងស.រ.អា.ប្រឆាំងនឹងយុទ្ធជនតាលីបង់ នៅក្នុងបរិវេណមន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុង Kunduz ដែលបានបណ្តាលឱ្យក្រុមអ្នកធ្វើការក្នុងមន្ទីរពេទ្យនោះនិងអ្នកជំងឺចំនួន២២នាក់បានស្លាប់។
កាលពីថ្ងៃចន្ទ លោកឧត្តមសេនីយ John Campbell នៃកងទ័ពជើងគោកស.រ.អា. បាននិយាយប្រាប់ក្រុមអ្នកកាសែតនៅឯក្រសួងការពារប្រទេសស.រ.អា.ថា លោកកែតម្រូវសេចក្តីថ្លែងការណ៍មួយចេញផ្សាយពីដំបូងទៅលើឧប្បត្តិហេតុកាលពីថ្ងៃសៅរ៍នោះ ដែលថាការទម្លាក់គ្រាប់បែកតាមអាកាសដោយស.រ.អា.មានគោលដៅការពារកងកម្លាំងស.រ.អា.ដែលរងការបាញ់ប្រហារ។
ការវាយប្រហារទម្លាក់គ្រាប់បែករយៈពេលកន្លះម៉ោងនោះ បានត្រូវចំមន្ទីរពេទ្យមួយកន្លែងចាត់ចែងកិច្ចការដោយក្រុមគ្រូពេទ្យគ្មានព្រំដែន ដែលជាអង្គការសប្បុរសធម៌អន្តរជាតិមួយដែលបានព្យាបាលមនុស្សរងរបួសកាលពីបីបួនថ្ងៃមុននេះ នៅពេលដែលកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានប្រយុទ្ធប្រឆាំងនឹងពួកតាលីបង់ដើម្បីដណ្តើមការត្រួតត្រាទីក្រុង Kunduz នៅក្នុងប៉ែកខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន។ បុគ្គលិកមន្ទីរពេទ្យ១២នាក់និងអ្នកជំងឺ១០នាក់បានបាត់បង់ជីវិតដោយមានរួមបញ្ចូលទាំងកុមារបីនាក់ផងដែរ។
ក្រោយពីបានស្តាប់សេចក្តីថ្លែងការណ៍របស់លោក Campbell ក្រុមគ្រូពេទ្យគ្មានព្រំដែនដែលគេស្គាល់ឈ្មោះតាមអក្សរកាត់ជាភាសាបារាំងថា MSF បាននិយាយថា «ការពិតគឺថាស.រ.អា.បានទម្លាក់គ្រាប់បែកទាំងនោះ។ ស.រ.អា.បានវាយប្រហារត្រូវចំមន្ទីរពទ្យធំមួយពេញដោយអ្នកជំងឺនិងបុគ្គលិកនៃគ្រូពេទ្យ MSF។ គ្មានការបញ្ជាក់ថាជាការត្រឹមត្រូវទេ អំពីការវាយប្រហារដ៏រន្ធត់នេះ៕»