នៅថ្ងៃប្រហស្បតិ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងរៀបចំកិច្ចប្រជុំតាមអនឡាញអំពីលទ្ធិប្រជាធិបតេយ្យ ដែលនឹងមានការចូលរួមពីមេដឹកនាំនានានៅលើពិភពលោក ក៏ដូចជាពីសង្គមស៊ីវិល និងផ្នែកឯកជនផងដែរ ដើម្បី «ដាក់ចេញនូវរបៀបវារៈវិជ្ជមានមួយសម្រាប់ការចាប់ផ្ដើមបន្តអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងដោះស្រាយការគំរាមកំហែងខ្លាំងក្លាមួយចំនួន ដែលបណ្ដាប្រទេសប្រជាធិបតេយ្យកំពុងប្រឈមនៅពេលបច្ចុប្បន្ន តាមរយៈសកម្មភាពរួមគ្នា»។
កិច្ចប្រជុំដែលមានរយៈពេល ២ ថ្ងៃនេះ គឺជាផ្នែកមួយនៃការសន្យារបស់លោក Biden នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក នៅចំពេលដែលរដ្ឋាភិបាលផ្តាច់ការបែបអត្តាធិបតេយ្យកំពុងកើនឡើង។
គោលបំណងរបស់កិច្ចប្រជុំនេះ គឺដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ទប់ទល់ប្រឆាំងនិងការដឹកនាំបែបផ្តាច់ការ ដោះស្រាយបញ្ហាអំពើពុករលួយ និងលើកកម្ពស់សិទ្ធិមនុស្ស។
រដ្ឋបាលរបស់លោក Biden បានបញ្ជាក់ថា បណ្ដាមេដឹកនាំដែលចូលរួមនៅក្នុងកិច្ចប្រជុំនេះ នឹងត្រូវបានលើកទឹកចិត្តឲ្យប្រកាសអំពី«សកម្មភាពជាក់លាក់និងការតាំងចិត្តចំពោះការធ្វើកំណែទម្រង់ផ្ទៃក្នុងដ៏មានប្រយោជន៍» ស្របទៅតាមគោលបំណងរបស់កិច្ចប្រជុំនេះ។
សហរដ្ឋអាមេរិក បានអញ្ជើញប្រទេសជាង ១០០ នៅជុំវិញពិភពលោកឲ្យចូលរួមនៅក្នុងកិច្ចប្រជុំនេះ ដែលក្នុងនោះរួមមានទាំងប្រទេសប្រជាធិបតេយ្យសេរី ប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ និងប្រទេសមួយចំនួនទៀតដែលមានលក្ខណៈផ្តាច់ការផងដែរ។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បានថ្លែងប្រាប់វីអូអេថា ការអញ្ជើញរបស់សហរដ្ឋអាមេរិកនេះ មិនមែនមានន័យថា សហរដ្ឋអាមេរិកប្រថាប់ត្រាយល់ស្របជាមួយប្រទេសទាំងនោះនោះទេ៕