ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់ នឹង​ចូលរួម​កិច្ចប្រជុំ​របស់​សហរដ្ឋ​អាមេរិក​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ


រូបឯកសារ៖ ប្រធានាធិបតី​កោះតៃវ៉ាន់​អ្នកស្រី Tsai Ing-wen នៅក្នុង​ពេល​ថ្លែង​សុន្ទរកថា​មួយ នៅ​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​កោះតៃវ៉ាន់​អ្នកស្រី Tsai Ing-wen នៅក្នុង​ពេល​ថ្លែង​សុន្ទរកថា​មួយ នៅ​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

កោះ​តៃវ៉ាន់​ នឹង​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​តាម​អនឡាញ​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ។

ឯកអគ្គរដ្ឋទូត​តៃវ៉ាន់​ប្រចាំ​សហរដ្ឋ​អាមេរិក​អ្នកស្រី Hsiao Bi-khim និង​រដ្ឋមន្ត្រី​ឌីជីថល​តៃវ៉ាន់​លោក Audrey Tang នឹង​តំណាង​ឱ្យ​រដ្ឋាភិបាល​តៃវ៉ាន់​នៅ​ក្នុង​កិច្ចប្រជុំ​នេះ រួម​ជាមួយ​នឹង​អ្នក​តំណាង​ជា​ច្រើន​រូប​ទៀត​មកពី​ប្រទេស ​និង​ស្ថាប័ន​អន្តរជាតិ​ជាង ១០០ នៅ​លើ​ពិភពលោក។

លោក Wang Ting-yu ដែល​ជា​សមាជិក​សភា ​និង​ជា​សមាជិក​គណៈកម្មាធិការ​កិច្ចការ​បរទេស​ និង​ការពារជាតិ​នៃ​សភា​តៃវ៉ាន់ បាន​លើកឡើង​ថា៖ «កិច្ចប្រជុំ​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នេះ ​គឺជា​ការ​បញ្ជូន​សារ​មួយ​របស់​សេតវិមាន​ប្រធានាធិបតី​អាមេរិក​ដែល​ថា ប្រទេស​ប្រជាធិបតេយ្យ​គួរតែ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក និង​ធ្វើការ​រួមគ្នា​ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក Wang បាន​បន្ថែម​ទៀត​ថា ការណ៍​ដែល​សហរដ្ឋអាមេរិក​អញ្ជើញ​តៃវ៉ាន់​ឱ្យ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នេះ ​គឺជា​«សញ្ញា​ដ៏​ច្បាស់លាស់​មួយ​បង្ហាញ​ទៅកាន់​រដ្ឋាភិបាល​ចិន»​ថា កោះ​តៃវ៉ាន់​ គឺជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​សហរដ្ឋ​អាមេរិក និង​គួរ​ត្រូវបាន​ចាត់ទុក​ថា​ ជា​ប្រទេស​មួយ បើ​ទោះបីជា​មានតែ​ប្រទេស​ចំនួន ១៥ និង​វិមាន​វ៉ាទីកង់​ប៉ុណ្ណោះ​នៅ​លើ​ពិភពលោក​ដែល​ទទួលស្គាល់​រដ្ឋាភិបាល​តៃវ៉ាន់​ក៏ដោយ។

បើ​ទោះបីជា​សហរដ្ឋ​អាមេរិក​ និង​កោះ​តៃវ៉ាន់​ មិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​គ្នា​ក៏ដោយ ក៏​សហរដ្ឋ​អាមេរិក ​គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ​របស់​តៃវ៉ាន់។ នៅ​ក្រោម​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់ (Taiwan Relations Act) ឆ្នាំ ១៩៧៩ សហរដ្ឋ​អាមេរិក​ បាន​សន្យា​ថា​ នឹង​ជួយ​តៃវ៉ាន់​ការពារ​ខ្លួន​ពី​ការ​គំរាមកំហែង​ពី​ខាងក្រៅ៕

XS
SM
MD
LG