ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​តៃវ៉ាន់​ថា តៃវ៉ាន់​និង​អឺរ៉ុប​ត្រូវតែ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​ជាមួយគ្នា


នៅក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់​នេះ បង្ហាញ​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen ទទួល​ស្វាគមន៍​សមាជិក​សភា​មក​ពី​បណ្តា​រដ្ឋ​នៅ​តំបន់​សមុទ្រ​បាល់ទិក នៅ​ការិយាល័យ​ប្រធានាធិបតី​ក្នុង​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់​នេះ បង្ហាញ​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen ទទួល​ស្វាគមន៍​សមាជិក​សភា​មក​ពី​បណ្តា​រដ្ឋ​នៅ​តំបន់​សមុទ្រ​បាល់ទិក នៅ​ការិយាល័យ​ប្រធានាធិបតី​ក្នុង​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen បាន​ប្រាប់​សមាជិក​សភា​មកពី​ប្រទេស​លីទុយអានី ឡេតូនី និង​អេស្តូនី ដែល​ជា​បណ្ដា​ប្រទេស​នៅ​តំបន់​សមុទ្រ​បាល់ទិក (Baltic Sea) នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តៃវ៉ាន់​និង​ទ្វីប​អឺរ៉ុប​ ត្រូវតែ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ទប់ទល់​នឹង​លទ្ធិ​ផ្តាច់ការ​និយម​ និង​ព័ត៌មាន​មិន​ពិត។ នេះ​ បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រទេស​លីទុយអានី​ បាន​ប្រឈម​ការ​គាប​សង្កត់​ជា​ប្រចាំ​ពី​ប្រទេស​ចិន តាំងពីពេល​ដែល​ប្រទេស​នេះ​ បាន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​ស្ថានទូត​តៃវ៉ាន់​នៅ​ក្នុង​រដ្ឋធានី​របស់​ខ្លួន​មក។

រដ្ឋាភិបាល​ចិន ​បាន​បង្កើន​សម្ពាធ​យោធា​និង​ការទូត​លើ​រដ្ឋាភិបាល​តៃវ៉ាន់ ដើម្បី​ឲ្យ​តៃវ៉ាន់​ឯកភាព​តាម​ខ្លួន​ថា​តៃវ៉ាន់​ជា​ដែនដី​របស់​ខ្លួន និង​ដើម្បី​ដាក់​កំហិត​លើ​ការ​ចូលរួម​របស់​តៃវ៉ាន់​នៅ​លើ​ឆាក​អន្តរជាតិ។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នកស្រី Tsai Ing-wen បាន​និយាយ​ថា តៃវ៉ាន់​នឹង​មិន​ខ្លបខ្លាច​ការ​គំរាមកំហែង​នេះ​ទេ ហើយ​តៃវ៉ាន់​នឹង​ការពារ​សេរីភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ខ្លួន។

អ្នកស្រី Tsai Ing-wen បាន​ប្រាប់​សមាជិក​សភា​ទាំង​នោះ​នៅ​ឯ​ខុទ្ទកាល័យ​របស់​អ្នកស្រី​ថា តៃវ៉ាន់​និង​ប្រទេស​ទាំង ៣ មាន​បទពិសោធន៍​ប្រហាក់​ប្រហែល​គ្នា​នៃ​ការ​រំដោះ​ខ្លួន​ចេញពី​ការ​គ្រប់គ្រង​បែប​ផ្តាច់ការ និង​ការ​តស៊ូ​ប្រយុទ្ធ​ដើម្បី​សេរីភាព។

អ្នកស្រី​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «លទ្ធិ​ប្រជាធិបតេយ្យ​ដែល​យើង​មាន​នៅ​ពេល​សព្វថ្ងៃ​នេះ​បាន​មក​ដោយ​លំបាក។ នេះ​ជា​អ្វី​ដែល​យើង​ទាំងអស់​គ្នា​យល់​យ៉ាង​ជ្រាលជ្រៅ»។

លោក Matas Maldeikis មេដឹកនាំ​ក្រុម​មិត្តភាព​តៃវ៉ាន់​នៃ​សភា​ប្រទេស​លីទុយអានី បាន​ប្រាប់​អ្នកស្រី Tsai Ing-wen ថា ក្រុម​របស់​លោក​មក​តៃវ៉ាន់​ពេល​នេះ​ដើម្បី​បង្ហាញ​នូវ​សាមគ្គីភាព​របស់​ខ្លួន​ជាមួយ​នឹង​តៃវ៉ាន់៕

XS
SM
MD
LG