រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken គ្រោងនឹងប្រកាសនៅថ្ងៃអង្គារនេះអំពីកញ្ចប់ជំនួយមួយថ្មីដើម្បីជួយប្រទេសអ៊ុយក្រែននៅក្នុងការដោះស្រាយការខូចខាតប្រព័ន្ធអគ្គិសនីរបស់ខ្លួនដែលបណ្ដាលមកពីការវាយប្រហាររបស់រុស្ស៊ី។
ការប្រកាសនេះនឹងធ្វើឡើងនៅក្រៅកិច្ចប្រជុំរបស់បណ្ដារដ្ឋមន្ត្រីការបរទេសនៃអង្គការអូតង់ (NATO) នៅក្នុងប្រទេសរូម៉ានី។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានប្រាប់អ្នកកាសែតថា ជំនួយនេះនឹងមានចំនួន «ច្រើនគួរសម» ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីទំហំពិតប្រាកដនិងប្រភេទនៃកញ្ចប់ជំនួយនេះទេ។
សហរដ្ឋអាមេរិកក៏គ្រោងនឹងអំពាវនាវដល់សម្ព័ន្ធមិត្តដទៃទៀតរបស់អ៊ុយក្រែនឱ្យជួយអ៊ុយក្រែនបន្ថែមទៀតដើម្បីឱ្យជៀសផុតពីការកាត់ផ្ដាច់ថាមពលផងដែរ ស្របពេលដែលធាតុអាកាសត្រជាក់ចូលមកដល់។
បណ្ដាញអគ្គិសនីរបស់ប្រទេសអ៊ុយក្រែនរងការបំផ្លាញនៅទូទាំងប្រទេសតាំងពីដើមខែតុលាមកដោយសារការវាយប្រហារមានគោលដៅរបស់រុស្ស៊ី ដែលនេះជាអ្វីដែលមន្ត្រីសហរដ្ឋអាមេរិកហៅថាជាយុទ្ធនាការរបស់រុស្ស៊ីនៅក្នុងការយកធាតុអាកាសត្រជាក់នៅរដូវរងាខាងមុខនេះជាអាវុធ។
នៅមុនកិច្ចប្រជុំចូលមកដល់ អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg ក៏បានបញ្ជាក់ផងដែរថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin «កំពុងព្យាយាមប្រើរដូវរងាជាអាវុធនៃសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន» និងថា សម្ព័ន្ធមិត្តរបស់អង្គការអូតង់និងប្រទេសអ៊ុយក្រែន «ចាំបាច់ត្រូវត្រៀមលក្ខណៈសម្រាប់ការវាយប្រហារបន្ថែមទៀត»។
សម្ព័ន្ធមិត្តនីមួយៗរបស់អ៊ុយក្រែនក៏ទំនងជានឹងប្រកាសផងដែរអំពីការផ្គត់ផ្គង់យុទ្ធោបករណ៍ថ្មីដល់អ៊ុយក្រែន ដែលជាចម្បងគឺប្រព័ន្ធការពារដែនអាកាសដែលរដ្ឋាភិបាលអ៊ុយក្រែនត្រូវការយ៉ាងខ្លាំងដើម្បីការពារដែនអាកាសរបស់ខ្លួន។ ប៉ុន្តែអង្គការអូតង់ក្នុងនាមជាស្ថាប័នទាំងមូលនឹងមិនធ្វើដូច្នេះទេ ដើម្បីបញ្ចៀសមិនឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមធំជាងនេះជាមួយនឹងប្រទេសរុស្ស៊ីដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះមានប្រភពពីទីភ្នាក់ងារព័ត៌មាន AFP និង Reuters។