រដ្ឋមន្ត្រីការបរទេសប្រទេសតួកគីនិយាយថា មន្ត្រីស.រ.អា.នឹងត្រូវប្រទេសតួកគីនិងរុស្ស៊ីអញ្ជើញឲ្យចូលរួមកិច្ចពិភាក្សាសន្តិភាពប្រទេសស៊ីរីជាថ្មី ដែលនឹងរៀបចំឡើងនៅប្រទេសកាហ្សាក់ស្ថាន នៅខែនេះ។ លោក Mevlut Cavusoglu បានបង្ហាញជំហរយ៉ាងច្បាស់ថា លោកគាំទ្រឲ្យមានការចូលរួមរបស់ស.រ.អា.ក្នុងកិច្ចពិភាក្សានោះ តែប្រទេសរុស្ស៊ីនៅមិនទាន់ប្រកាសជំហរជាផ្លូវការនៅឡើយទេទាក់ទងនឹងការអញ្ជើញមន្ត្រីអាមេរិកនេះ។ លោក Mevlut បាននិយាយតាមសម្តីដើមថា ជាដំបូង ដូចដែលលោកអ្នកបានដឹងហើយថា យើងបានព្រមព្រៀងគ្នាជាមួយរុស្ស៊ីក្នុងការអញ្ជើញមន្ត្រីស.រ.អា.នេះ។ ខ្ញុំបាននិយាយជាមួយលោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ហើយយើងបានព្រមព្រៀងគ្នាថា នឹងអញ្ជើញមន្ត្រីអាមេរិកចូលរួម។ យើងមិនបដិសេធតួនាទីរបស់ស.រ.អា.ទេ។
លោក Sean Spicer អនាគតអ្នកនាំពាក្យសេតវិមានសម្រាប់ប្រធានាធិបតីជាប់ឆ្នោត Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ីបានអញ្ជើញមន្ត្រីរដ្ឋបាលលោក Trump ឲ្យចូលរួមកិច្ចពិភាក្សាសន្តិភាពនេះ៕