រដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមមួយចំនួនទៀតបានព្រមព្រៀងគ្នាទៅលើបទឈប់បាញ់នៅទូទាំងប្រទេស ចាប់ផ្តើមពីថ្ងៃសុក្រនេះ។
កិច្ចព្រមព្រៀងនេះគឺបានឯកភាពជាមួយយោធាស៊ីរី និងក្រុមឧទ្ទាមមួយចំនួន ប៉ុន្តែមិនមែនជាមួយក្រុមឥស្លាមមួយចំនួននោះទេ។
ប្រទេសរុស្ស៊ីដែលគាំទ្រលោកប្រធានាធិបតីស៊ីរី Bashar al-Assad និងប្រទេសទួកគីដែលគាំទ្រក្រុមឧទ្ទាមបានឲ្យដឹងថា ពួកគេនឹងធានាទៅលើបទឈប់បាញ់នេះ។
បទឈប់បាញ់នេះត្រូវបានធ្វើឡើង បន្ទាប់ពីតួកគី ស៊ីរី និងរុស្ស៊ី បាននិយាយកាលពីសប្តាហ៍មុនថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចរចាទៅលើកិច្ចព្រមព្រៀងសន្តិភាពមួយដើម្បីបញ្ចប់សង្គ្រាមរយៈពេល៦ឆ្នាំក្នុងប្រទេសស៊ីរី។
ប្រសិនបើបទឈប់បាញ់នេះត្រូវបានគេអនុវត្ត នឹងមានកិច្ចប្រជុំសន្តិភាពថ្មីទៀតនៅខែក្រោយនេះក្នុងរដ្ឋធានី Astana ក្នុងប្រទេសកាហ្សាក់ស្ថាន។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានហៅសំណើបទឈប់បាញ់នេះថាមានលក្ខណៈផុយស្រួយ ប៉ុន្តែលោកបានថ្លែងថា បទឈប់បាញ់នេះគាំទ្ររដ្ឋាភិបាលស៊ីរីនិងកងកម្លាំងរបស់ក្រុមប្រឆាំងប្រដាប់អាវុធធំៗ។
លោក Putin បានថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់គណៈរដ្ឋមន្ត្រីមួយកាលពីថ្ងៃព្រហស្បតិ៍ថា «កិច្ចព្រមព្រៀងដែលបានឯកភាពគ្នានេះ ពិតជាមានលក្ខណៈផុយស្រួយ និងត្រូវការការយកចិត្តទុកដាក់ជាពិសេស ហើយនិងត្រូវតាមដានដើម្បីរក្សាវាឲ្យបាន។ ប៉ុន្តែវាគឺជាលទ្ធផលដ៏លេចធ្លោនៃសហប្រតិបត្តិការរបស់យើង»៕