តុលាការកំពូលសហរដ្ឋអាមេរិក បានសម្រេចថាបញ្ញត្តិមួយនៃច្បាប់អន្តោប្រវេសន៍ដែលតម្រូវឱ្យចាប់បញ្ជូនជនអន្តោប្រវេសនួ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋដ៏ហិង្សា ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញជាដាច់ខាតនោះ គឺមានលក្ខណៈស្រពិចស្រពិលពេករហូតដល់មិនអាចយកទៅអនុវត្តបានទេ។
ជាបរាជ័យមួយចំពោះប្រធានាធិបតី លោក ដូណាល់ ត្រាំ ចៅក្រមដែលលោកប្រធានាធិបតីបានតែងតាំងឱ្យកាន់តំណែងក្នុងតុលាការកំពូលនោះគឺលោកចៅក្រម Neil Gorsuch បានយល់ស្របជាមួយចៅក្រមដែលមានទំនោរសេរីនិយមផ្សេងទៀត ដោយសំឡេង៥ទល់នឹង៤ ក្នុងការសម្រេចសេចក្ដីលើសំណុំរឿងទាក់ទងនឹងជនអន្តោប្រវេសន៍ឈ្មោះ Dimaya (Session v. Dimaya) កាលពីថ្ងៃអង្គារម្សិលមិញ។
សេចក្តីសម្រេចរបស់តុលាការកំពូលនេះ ពាក់ព័ន្ធនឹងលោក James Dimaya ដែលមានដើមកំណើតនៅប្រទេសហ្វីលីពីន ហើយដែលបានចូលមកក្នុងសហរដ្ឋអាមេរិកដោយស្របច្បាប់ក្នុងនាមជាក្មេងអាយុ១៣ឆ្នាំកាលពីឆ្នាំ១៩៩២។ បន្ទាប់ពីលោក មិនបានតវ៉ាប្រឆាំងនឹងបទចោទប្រកាន់ចំនួនពីរ ពីបទលបចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះគេ ក្នុងរដ្ឋកាលីហ្វ័រញ៉ា រដ្ឋាភិបាលក៏បានចាប់ផ្តើមដំណើរការចាប់បញ្ជូនខ្លួនលោកទៅប្រទេសកំណើតវិញ។
រដ្ឋាភិបាលបានលើកទឡ្ហីករណ៍ថា លោក James Dimaya អាចត្រូវចាប់បញ្ជូនខ្លួនចេញពីសហរដ្ឋអាមេរិក ដោយសារទោសរបស់គាត់ស្មើនឹងឧក្រិដ្ឋកម្មដ៏ហិង្សា ដែលអាចអនុញ្ញាតឱ្យអាជ្ញាធរចាប់បញ្ជូនខ្លួនចេញបានតាមច្បាប់អន្តោប្រវេសន៍។
ប៉ុន្តែ ចៅក្រម Elana Kagan បានសរសេរក្នុងសេចក្ដីសន្និដ្ឋានដោយមានសំឡេងភាគច្រើនថា បញ្ញត្តិនេះមិនបញ្ជាក់ច្បាស់អំពីអ្វីទៅជាឧក្រិដ្ឋកម្មដ៏ហិង្សា ដែលវាអាចធ្វើឱ្យជនអន្តោប្រវេសន៍ម្នាក់អាចត្រូវចាប់បញ្ជូនចេញពីសហរដ្ឋអាមេរិកបាន មិនថាជននោះបានរស់នៅក្នុងសហរដ្ឋអាមេរិកយូរប៉ុណ្ណានោះទេ។ លោកស្រីចៅក្រមរូបនេះសរសេរថា ការធ្វើបែបនេះរំលោភលើការពារផ្នែកច្បាប់ដែលធានាដោយរដ្ឋធម្មនុញ្ញ៕