ព្រឹទ្ធសភាសហរដ្ឋអាមេរិកអាចបោះឆ្នោតលើសំណើច្បាប់កំណែទម្រង់អន្តោប្រវេសន៍មួយចំនួននៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលសមាជិកសភាកំពុងថ្លឹងថ្លែងសំណើច្បាប់ប្រជែងគ្នាមួយចំនួនដែលផ្ដោតលើបញ្ហានានាដូចជាការការពារជនអន្តោប្រវេសន៍វ័យក្មេងគ្មានក្រដាសស្នាម ការពង្រឹងសន្តិសុខព្រំដែន និងការផ្លាស់ប្ដូរច្បាប់អន្តោប្រវេសន៍តាមរយៈគ្រួសារ។
កាលពីយប់ថ្ងៃពុធម្សិលមិញ ក្រុមសមាជិកព្រឹទ្ធសភាមកពីគណបក្សទាំងពីរចំនួន ១៦ រូប បានប្រកាសអំពីការព្រមព្រៀងគ្នាលើច្បាប់មួយដែលនឹងបើកផ្លូវឲ្យជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមដែលចូលមកក្នុងសហរដ្ឋអាមេរិកតាំងពីនៅកុមារអាចទទួលបានសញ្ជាតិអាមេរិកាំងបាន។
សំណើច្បាប់នេះក៏នឹងអនុញ្ញាតឲ្យមានការផ្ដល់ថវិកាចំនួន ២៥ ពាន់លានដុល្លារអាមេរិកសម្រាប់ពង្រឹងសន្តិសុខព្រំដែននៅក្នុងរយៈពេល ១០ ទៅមុខ។ ស្របពេលនោះដែរក៏ផ្ដោតលើកិច្ចប្រឹងប្រែងពង្រឹងផ្នែកអន្តោប្រវេសន៍ចំពោះឧក្រិដ្ឋជនដែលប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរ ឬក៏ប្រព្រឹត្តិបទល្មើសម្ដងជាពីរដង អ្នកដែលតំណាងឲ្យការគំរាមកំហែងចំពោះសន្តិសុខជាតិ និងអ្នកដែលចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់នៅក្រោយខែមិថុនា។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគាំទ្រការកែទម្រង់បន្ថែមទៀត ដែលអាចបន្ថែមការដាក់កំហិតចំពោះអន្តោប្រវេសន៍តាមរយៈគ្រួសារ និងផ្ដល់អាទិភាពដល់អ្នកណាដែលមានជំនាញជឿនលឿនឲ្យចូលមកក្នុងសហរដ្ឋអាមេរិក ជំនួសឲ្យប្រព័ន្ធចាប់ឆ្នោតយកទិដ្ឋាការមករស់នៅសហរដ្ឋអាមេរិក។
នៅក្នុងសេចក្ដីប្រកាសរបស់សេតវិមានកាលពីថ្ងៃពុធម្សិលមិញ លោក Trump បានជំរុញឲ្យសមាជិកសភានានាអនុម័តលើ «កំណែទម្រង់អន្តោប្រវេសន៍រួមមួយដែលមានការទទួលខុសត្រូវសម្រាប់ប្រជាពលរដ្ឋអាមេរិកាំង»៕