ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ត្រាំ​មាន​ផែន​ការ​ដាក់​ពង្រាយ​កង​ទ័ព​នៅ​ព្រំ​ដែន​ជាមួយ​ម៉ិកស៊ិក​ដើម្បី​រារាំង​ពួក​ជន​ចំណូល​ស្រុក


ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ថ្លែង​នៅ​សេតវិមាន​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​៣ មេសា ២០១៨។
ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ថ្លែង​នៅ​សេតវិមាន​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​៣ មេសា ២០១៨។

លោកប្រធានាធិបតីស.រ.អា. លោក ដូណាល់ ត្រាំ​ បាននិយាយ​ប្រាប់ពួក​អ្នកកាសែត​កាលពី​ថ្ងៃ​អង្គារ​ថា​ ពួក​ទាហាន​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ព្រំដែន​ប្រទេស​អាមេរិកជាប់​ជាមួយ​ប្រទេស​ម៉ិកស៊ិក​ ដើម្បី​បង្អាក់​អន្តោប្រវេសន៍​ខុស​ច្បាប់។

នៅ​ក្នុង​ការ​ឆ្លើយ​តប​ដល់​សំណួរ​មួយ​ពី​អ្នក​សារព័ត៌មាន​ម្នាក់​នៅ​ក្នុង​បន្ទប់​ខាង​កើត​នៃ​សេតវិមាន​ លោក​ប្រធានាធិបតី​បាន​និយាយ​ថា៖ «ខ្ញុំ​យល់​ថានេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ»។

លោក​ប្រធានាធិបតី​និង​សមាជិក​គណៈ​រដ្ឋមន្ត្រី​មួយ​ចំនួន​ដោយ​មាន​រួម​បញ្ចូល​ទាំង​លោក​រដ្ឋមន្ត្រី​ការ​ពារប្រទេស​ James Mattis​ រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ kirsten Nielsen ​និង​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធ៌ម​ Jeff Sessions​ ផង​បាន​ស្តាប់​ការ​និយាយ​ប្រាប់​ត្រួសៗ​កាល​ពី​ថ្ងៃ​អង្គារ​ដើម្បី​ពិនិត្យ​មើល​យុទ្ធសាស្ត្រ​របស់​រដ្ឋបាល​របស់​លោក។​

ការ​ពិភាក្សា​គ្នា​មាន​រួម​បញ្ចូល​ការ​កេណ្ឌ​ក្រុម​ឆ្មាំ​ជាតិ​និង​សេចក្តី​ត្រូវ​ការ​ដាក់​គំនាប​សង្កត់​លើ​សភា​ស.រ.អា.​ឱ្យ​អនុម័ត​ជា​បន្ទាន់​នូវ​សេចក្តី​ព្រាង​ច្បាប់​ដើម្បី​បិទ​ភាព​ចន្លោះ​ប្រហោង​ខាងផ្លូវ​ច្បាប់​ ដែល​បាន​ត្រូវ​ទាញ​យក​អត្ថប្រយោជន៍​ដោយ​ក្រុម​អ្នក​ជួញ​ដូរ​ឧក្រិដ្ឋ, ពួក​ភេរវជន​ជួញ​ដូរ​គ្រឿង​ញៀន​និង​អង្គការ​រត់​ពន្ធ។​

ក្រសួង​ការពារ​ប្រទេស​ស.រ.អា.​បាន​ឆ្លើយ​តប​នឹង​ផែនការ​របស់​លោក ត្រាំ​ ក្នុង​ការ​ប្រើ​កង​ទាហាន​ឱ្យ​យាម​ព្រំដែន។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​និយាយ​ថា​៖ «យើង​កំពុង​ពិគ្រោះ​ជាមួយ​សេតវិមាន» ដោយ​លោក​បាន​សន្យា​ថា​នឹង​ផ្តល់​ព័ត៌មាន​ថែម​ទៀត។​

រដ្ឋមន្ត្រី​ការ​បរទេស​ម៉ិកស៊ិក​ លោក Luis Videgaray Caso បាន​និយាយ​តាម​ Twitter ​ថា​ រដ្ឋាភិបាល​លោក​បាន​សុំ​ដល់​ស.រ.អា.​ឱ្យ​បំភ្លឺ​អំពី​សេចក្តី​ប្រកាស​របស់​លោក ត្រាំ។​ លោក​បានសរសេរ​ថា​ ប្រទេស​ម៉ិកស៊ិក​ នឹង​បញ្ជាក់​គោល​ជំហរ​ខ្លួន​ដោយ​ផ្អែក​លើ​ការ​បំភ្លឺ​នេះ​ហើយ​តែង​តែ​ឋិត​នៅ​ក្នុង​ការ​ការពារអធិបតេយ្យភាព​និង​ផល​ប្រយោជន៍​ជាតិជា​និច្ច៕

XS
SM
MD
LG