រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងប្រឈមនឹងការដោះស្រាយបញ្ហាដើម្បីបញ្ចៀសកុំឲ្យមានការបិទរដ្ឋាភិបាលជាថ្មីម្តងទៀតដោយសារតែជិតដល់ថ្ងៃផុតកំណត់នៃការផ្តល់ថវិកាចំណាយសម្រាប់ប្រតិបត្តិការប្រមាណ១ភាគបួនរបស់ខ្លួនដែលនឹងផុតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ។
សំណើថវិកាសង់ជញ្ជាំងព្រំដែននៅទល់ដែនភាគខាងត្បូងសហរដ្ឋអាមេរិកជាមួយប្រទេសម៉ិកស៊ិកនៅតែជាមូលហេតុនៃជម្លោះនៅក្នុងសភាដោយក្នុងនោះលោក ប្រធានាធិបតី Donald Trump បានស្នើសុំថវិកាចំនួន៥ពាន់៧រយលានដុល្លារសម្រាប់សាងសង់ជញ្ជាំង ហើយគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងបានយល់ព្រមផ្តល់ថវិកាមួយចំនួនរួចទៅហើយ ប៉ុន្តែតិចជាងចំនួនដែលលោកប្រធានាធិបតីចង់បាន។
កាលពីសប្តាហ៍មុនសមាជិកសភាជាច្រើនបាននិយាយថា ពួកគេកំពុងជិតឈានដល់កិច្ចព្រមព្រៀងហើយ បើទោះបីជាគេនៅមិនទាន់ច្បាស់ថាតើលោកប្រធានាធិបតីនឹងព្រមព្រៀងឬក៏យ៉ាងណានោះ។
ក៏ប៉ុន្តែកាលពីថ្ងៃអាទិត្យ សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Alabama លោក Richard Shelby
ដែលជាអ្នកដឹកនាំគណកម្មាធិការសភាខាងគណបក្សសាធារណរដ្ឋដែលមានសមាជិកចំនួន១៧នាក់ដែលកំពុងព្យាយាមសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងសន្តិសុខព្រំដែនបានប្រាប់សារព័ត៌មាន Fox News ថា កិច្ចចរចាកំពុងជាប់គាំងនាពេលឥឡូវនេះ ហើយលោកក៏គ្មានជំនឿថានឹងសម្រេចបានកិច្ចព្រមព្រៀងអ្វីឡើយ។
នាយខុទ្ទកាល័យស្តីទីប្រចាំសេតវិមានលោក Mick Mulvaney បានប្រាប់សារព័ត៌មាន NBC ថានឹងគ្មានការបិទរដ្ឋាភិបាលម្តងទៀតឡើយ។ លោកបាននិយាយបន្តថាវាអាស្រ័យទៅលើថាតើសមាជិកសភាជិតឈានដល់កិច្ចព្រមព្រៀងស្តីពីថវិកាសន្តិសុខព្រំដែនឬយ៉ាងណា គឺវាអាស្រ័យថាតើអ្នកអ្នកស្តាប់អ្នកណា។
លោក Mulvaney បានថ្លែងបន្ថែមថា លោកប្រធានាធិបតីពិតជាជឿថាមានវិបត្តិសន្តិសុខជាតិ និងវិបត្តិមនុស្សធម៌នៅតាមព្រំដែន ហើយលោកនឹងចាត់វិធានការចំពោះបញ្ហាទាំងនេះ។ លោកនឹងធ្វើអ្វីៗដែលលោកអាចធ្វើបានតាមអំណាចច្បាប់ដើម្បីការពារព្រំដែន៕