ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានច្រានចោលលទ្ធភាពនៃការបិទផ្នែកខ្លះនៃរដ្ឋាភិបាលម្តងទៀតដើម្បីទទួលបានថវិកាសង់ជញ្ជាំងព្រំដែនរបស់លោកនៅទល់ដែនភាគខាងត្បូងជាមួយប្រទេសម៉ិកស៊ិក។ ប៉ុន្តែលោកក៏បានបញ្ជាក់យ៉ាងខ្លាំងផងដែរថា លោកមានគម្រោងប្រកាសដាក់ប្រទេសជាតិក្នុងស្ថានភាពអាសន្នដើម្បីសង់ជញ្ជាំងព្រំដែនដោយមិនចាំបាច់មានការអនុម័តពីសភា។
លោក Trump បានថ្លែងតាមរយៈបទសម្ភាសន៍មួយជាមួយសារព័ត៌មាន CBS ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យមួយសប្តាហ៍បន្ទាប់ពីការបញ្ចប់ការបិទរដ្ឋាភិបាលដែលមានរយៈពេល៣៥ថ្ងៃថា «ខ្ញុំមិនចង់ធ្វើអ្វីដែលគ្មានការពិភាក្សានោះទេ ប៉ុន្តែវាគឺជាជម្រើសមួយ»។ ក៏ប៉ុន្តែមេដឹកនាំសហរដ្ឋ អាមេរិករូបនេះបានថ្លែងថា «វាគឺជាស្ថានភាពអាសន្នរបស់ប្រទេសជាតិ។ វាជារឿងមួយផ្សេងទៀតហើយអ្នកបានដឹងហើយថាមានការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នជាច្រើនដងរួចមកហើយ។ នេះគឺជាស្ថានភាពឈ្លានពានយ៉ាងពិតប្រាកដមកក្នុងប្រទេសរបស់យើងតាមរយៈការជួញដូរមនុស្ស»។
លោកបាននិយាយបន្តទៀតថា «មនុស្សទាំងនេះគឺពិតជាអាក្រក់ដែលនាំយកស្ត្រី និងកុមារភាគច្រើនចូលមកក្នុងប្រទេសរបស់យើង។ វាជាការជួញដូរមនុស្ស។ យើងនឹងមានជញ្ជាំងដែលរឹងមាំ។ ជាវិធីសាស្ត្រតែមួយគត់។ យើងត្រូវការជញ្ជាំង។ អ្នកដែលនិយាយថាជញ្ជាំងមិនមែនជាភាពចាំបាច់នោះ ពួកគេទាំងនោះកំពុងតែលេងល្បែងប៉ុណ្ណោះ»។
លោកបានរិះគន់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី Nancy Pelosi ខាងគណបក្សប្រជាធិបតេយ្យដែលបន្តប្រឆាំងនឹងសំណើសង់ជញ្ជាំងព្រំដែនរបស់លោក។ នៅអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកាលពី ឆ្នាំ២០១៦ លោក Trump បានសន្យាថានឹងសង់ជញ្ជាំងព្រំដែន ហើយឲ្យប្រទេសម៉ិកស៊ិកជាអ្នកចំណាយលើការសាងសង់ ក៏ប៉ុន្តែឥឡូវនេះលោក Trump កំពុងស្នើឲ្យសភាអនុម័តសំណើថវិកាសង់ជញ្ជាំងព្រំដែនទៅវិញ៕