នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន អ្នកដែលចរចានៅក្នុងរដ្ឋសភា បានចាប់ផ្តើមកិច្ចការមួយ គឺខិតខំប្រឹងប្រែងស្វែងរកភាពស្រុះស្រួលគ្នាលើបញ្ហាថវិកាសង់ជញ្ជាំងសន្តិសុខ ដែលបញ្ហានេះ គឺជាបញ្ហាស្នូលនៃការបិទរដ្ឋាភិបាលផ្នែកខ្លះរយៈពេល ៣៥ថ្ងៃ ដែលបានចប់នៅសប្តាហ៍មុន។ អ្នកចរចាទាំងនេះ មានពេលរហូតដល់ត្រឹមថ្ងៃទី១៥ ខែកុម្ភៈនេះប៉ុណ្ណោះ ក្នុងការស្វែងរកដំណោះស្រាយ បើរកដំណោះស្រាយមិនបានទេ ការបិទរដ្ឋាភិបាល នឹងអាចកើតមានឡើងម្តងទៀត។
ទីភ្នាក់ងាររបស់រដ្ឋាភិបាលដែលរងប៉ះពាល់ បានបើកឡើងវិញ ក្រោយពីលោកប្រធានាធិបតី Donald Trump និងគណបក្សប្រជាធិបតេយ្យ បានយល់ស្របគ្នាក្នុងការសម្រុះសម្រួលគ្នាលើបញ្ហាជញ្ជាំងសន្តិសុខ។
លោក Trump បានចេញការព្រមានថ្មីមួយនៅលើបណ្តាញ Twitter ថា កិច្ចព្រមព្រៀងណាមួយត្រូវតែរួមបញ្ចូលថវិកាសម្រាប់សង់ជញ្ជាំង ក្រោយពីការប្តេជ្ញារបស់លោក ដែលបានធ្វើឡើង នៅពេលការបិទរដ្ឋាភិបាលផ្នែកខ្លះបានបញ្ចប់ទៅកាលពីសប្តាហ៍មុន។
«រដ្ឋាភិបាល នឹងបិទម្តងទៀត នៅថ្ងៃទី ១៥ខែកុម្ភៈ ខាងមុខនេះ ឬ ខ្ញុំត្រូវប្រើអំណាចដែលបានផ្តល់ឲ្យខ្ញុំតាមផ្លូវច្បាប់ និងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ»។
សមាជិកខាងគណបក្សសាធារណរដ្ឋ ដែលក្នុងនោះក៏មានមេដឹកនាំសំឡេងភាគច្រើនក្នុងព្រឹទ្ធសភា លោក Mitch McConnell ផងដែរនោះ មិនចង់ឲ្យមានការបិទរដ្ឋាភិបាលនេះជាថ្មីទេ។
«ខ្ញុំមិនចូលចិត្តការបិទរដ្ឋាភិបាលនោះទេ។ ការបិទរដ្ឋាភិបាលមិនបានផ្តល់ផលប្រយោជន៍ដល់អ្នកណាឡើយ ហើយខ្ញុំគិតថា យើងត្រូវតែជៀសវាងឲ្យបាន»។
ការស្ទង់មតិសាធារណៈ បានរកឃើញថា សាធារណជនភាគច្រើន បានបន្ទោសលោក Trump និងគណបក្សសាធារណរដ្ឋ ចំពោះការបិទរដ្ឋាភិបាលកន្លងទៅនេះ គឺដូចអ្វីដែលសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យលោក Chuck Schumer បានលើកឡើងថា៖
«ខ្ញុំសង្ឃឹមថា ការបិទរដ្ឋាភិបាលនាពេលថ្មីៗនេះ នឹងក្លាយជាមេរៀនសម្រាប់លោកប្រធានាធិបតី Trump និងសហការីរបស់ខ្ញុំទាំងអស់នៃគណបក្សសាធារណរដ្ឋថា នឹងមិនឲ្យមានការបិទរដ្ឋាភិបាលទៀតទេ។ លោក Trump បានលេងភ្លើង ហើយខ្ញុំសង្ឃឹមថា លោកនឹងមិនធ្វើដូច្នេះ ម្តងទៀតនោះទេ»។
ការស្ទង់មតិមួយចំនួន ក៏បានបង្ហាញដែរថា អត្រាអ្នកគាំទ្រលោកប្រធានាធិបតី បានធ្លាក់ចុះដល់ក្រោម ៤០ភាគរយ គ្រាដែលការបិទរដ្ឋាភិបាលបានអូសបន្លាយរយៈពេលយូរ ដែលបង្ហាញពីផលប៉ះពាល់រយៈពេលយូរដល់លោក Trump។
លោកស្រី Elaine Kamarck អ្នកវិភាគមួយរូបនៃវិទ្យាស្ថាន Brookings បានថ្លែងថា៖
«មើលទៅ ហាក់ដូចជាយើង បានឈានដល់ផ្លូវរបត់មួយ។ លោកប្រធានាធិបតី បានវាយតម្លៃខុសយ៉ាងខ្លាំងនៃផលប៉ះពាល់ទៅលើពលរដ្ឋសាមញ្ញដោយសារការបិទរដ្ឋាភិបាលនេះ។ អ្នកធ្វើការនៅសេតវិមាន មិនដឹងថា ការមានរដ្ឋាភិបាល មានសារៈសំខាន់យ៉ាងណាចំពោះសេដ្ឋកិច្ចទាំងមូលរបស់សហរដ្ឋអាមេរិកនោះទេ»។
អ្នកគាំទ្រលោកប្រធានាធិបតីខ្លះ សង្ឃឹមថា លោកប្រធានាធិបតី បានរៀនមេរៀនពីការជាប់គាំងដែលនាំឲ្យមានការបិទរដ្ឋាភិបាលនេះ ហើយពួកគេសង្ឃឹមថា លោក Trump ប្តូរគោលនយោបាយ។ ក្នុងចំណោមអ្នកទាំងនោះ ក៏មានអតីតអភិបាលរដ្ឋ New Jersey មួយរូបផងដែរ គឺលោក Chris Christie។
«លោក គឺជាមនុស្សដែលគ្មានការភ័យខ្លាច ខ្ញុំចង់និយាយថា មនុស្សដែលគ្មានការភ័យខ្លាចដូចលោកអ៊ីចឹង មានតែប៉ុន្មាននាក់ប៉ុណ្ណោះ ក្នុងឆាកនយោបាយ។ ដូច្នេះ ទាំងនោះសុទ្ធតែជាចំណុចល្អ។ ក៏ប៉ុន្តែ នៅពេលដែល យើងធ្វើតាមការគិតឃើញភ្លាមៗ ជួនកាល យើងមិនមានផែនការនោះ តាមដែលខ្ញុំគិត អ្វីដែលបានកើតឡើងនៅក្នុងរឿងបិទរដ្ឋាភិបាលនេះ មិនមានលទ្ធផលល្អនោះទេ»។
ដោយសារតែការបិទរដ្ឋាភិបាលគ្មានប្រជាប្រិយភាពនេះ អ្នកគាំទ្រលោក Trump ជាច្រើនរំពឹងថា លោក Trumpនឹងប្រកាសស្ថានភាពអាសន្ននៅតាមព្រំដែន ដើម្បីសង់ជញ្ជាំង បើសិនជា សភាបរាជ័យក្នុងការសម្រុះសម្រួលរកដំណោះស្រាយនោះ។
លោក John Fortier អ្នកវិភាគនយោបាយមួយរូប បាននិយាយថា ការសន្យាក្នុងពេលឃោសនារកសំឡេងឆ្នោតថា នឹងសង់ជញ្ជាំងនោះ មានសារៈសំខាន់ខ្លាំង ដែលមិនអាចឲ្យលោក Trump លះបង់ចោលបានឡើយ។
«វាគឺជាពាក្យស្លោក ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោត។ នេះ គឺជាអ្វីដែល លោក Trump មិនចង់ឲ្យគេមើលឃើញថា ជាការចុះចាញ់របស់លោកនោះទេ ហើយហេតុដូចនេះ វាធ្វើឲ្យមានការលំបាកក្នុងការសម្រុះសម្រួលណាស់»។
ក៏ប៉ុន្តែ លោកស្រី Elaine Kamarck នៃវិទ្យាស្ថាន Brookings បានថ្លែងថា ការណ៍នេះ ធ្វើឲ្យលោក Trump ចុះខ្សោយសម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយដោយសារតែលោក ផ្តោតទៅលើតែរឿងម្យ៉ាងគឺបំពេញចិត្តអ្នកគាំទ្រសំខាន់របស់លោក។
«ក្នុងរយៈពេល២ ឆ្នាំ តាំងពីលោកបានចូលកាន់តំណែងនៅក្នុងសេតវិមាន លោកមិនបានធ្វើកិច្ចការដើម្បីបង្កើនអ្នកគាំទ្រទេ។ នោះ ជាមហន្តរាយសម្រាប់ប្រធានាធិបតី ពីព្រោះថា វាជារឿងជៀសមិនផុត ដែលថា លោកនឹងបាត់បង់អ្នក គាំទ្រខ្លះរបស់លោក»។
ឱកាសល្អបំផុតក្នុងពេលខាងមុខ សម្រាប់លោកប្រធានាធិបតី ក្នុងរឿងសង់ជញ្ជាំងនៅតាមព្រំដែននេះ គឺនៅពេលលោក ថ្លែងសុន្ទរកថាស្តីអំពីស្ថានការណ៍ប្រទេសជាតិ នៅចំពោះមុខសភា និងដែលមានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់