ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​វាយប្រហារ​តាម​អាកាស​ជា​លើក​ទី១​ក្នុង​ពេល​៦ខែ ប្រឆាំង​ក្រុម Al-Shabab នៅ​សូម៉ាលី


រូបឯកសារ៖ ទាហាន​ម្នាក់ ដើរ​ក្បែរ​គំនរ​បាក់បែក បន្ទាប់ពី​មាន​ការវាយប្រហារ​ទៅលើ​សណ្ឋាគារ​ Afrik Hotel ក្នុង​ទីក្រុង​ម៉ូហ្គាឌីស្យូ ប្រទេស​សូម៉ាលី កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ទាហាន​ម្នាក់ ដើរ​ក្បែរ​គំនរ​បាក់បែក បន្ទាប់ពី​មាន​ការវាយប្រហារ​ទៅលើ​សណ្ឋាគារ​ Afrik Hotel ក្នុង​ទីក្រុង​ម៉ូហ្គាឌីស្យូ ប្រទេស​សូម៉ាលី កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

កង​កម្លាំង​កុម៉្មង់ដូ​សូម៉ាលី​ ដែល​រង​ការ​វាយ​ប្រហារ​ពីក្រុម​ភេរវករ​ al-Shabab ​ក្នុង​ប្រទេស​សូម៉ាលី​ បាន​ទទួល​ជំនួយ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អាមេរិក​ ជា​លើក​ទី​មួយ​នៅ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​ទៅ។

មន្ទីរ​បញ្ចកោណ​ កាលពី​យប់​ថ្ងៃ​អង្គារ​ បាន​បញ្ជាក់​ថា​ កង​កម្លាំង​សហ​រដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​លើក​នៅ​ជិត​តំបន់ ​Galkayo ​ចម្ងាយ​ប្រហែល​៥៨០​ គីឡូម៉ែត្រ​ ភាគ​ខាង​ជើង​រដ្ឋធានីម៉ូហ្គាឌីស្យូ។​ មន្ត្រី​សូម៉ាលី​ ក៏​បាន​ប្រកាស​ពី​រឿង​នេះ​ដំបូង​គេ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ។​

មន្ត្រី​មន្ទីរបញ្ចកោណមួយ​រូប​ប្រាប់​វីអូអេ​ថា​ ការ​វាយ​ប្រហារ​នេះ​ ត្រូវ​បាន​អនុញ្ញាត​តាម​អាណត្តិ​បច្ចុប្បន្ន​ ដើម្បី​ការពារ​កង​កម្លាំង​ដៃគូ​អាមេរិក​ បើ​ទោះ​បី​ជា​គ្មាន​វត្តមាន​កង​ទ័ព​អាមេរិក​នៅ​ក្នុង​តំបន់​នោះ​ក្តី។ ​

ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​ថ្ងៃ​អង្គារ​ទៅ​លើ​ក្រុម​ al-Shabab ​គឺ​ជាការ​វាយ​ប្រហារ​ទីមួយ​នៃ​ការ​វាយ​ប្រហារ​ប្រភេទ​នេះ​ក្នុង​រយៈ​ពេល​៦​ខែ​ ហើយ​ក៏​ជា​លើក​ទី​១​ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​ Joe Biden​ ចូល​កាន់​តំណែង។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​សហ​រដ្ឋ​អាមេរិក​លោកស្រី ​Cindi King​ បាន​និយាយ​ថា​ កង​កម្លាំង​ស.រ.អា.​ កំពុង​ធ្វើ​បេសក​កម្ម«ណែនាំ​និង​ជួយ»​ពីចម្ងាយ​ដើម្បី​គាំទ្រ​ដល់​កង​កម្លាំង​ដៃគូ​សូម៉ាលី។​ មិនមាន​កង​កម្លាំង​សហ​រដ្ឋ​អាមេរិក​អមជាមួយ​កង​កម្លាំង​សូម៉ាលី​ក្នុង​អំឡុង​ពេល​ប្រតិបត្តិ​ការ​នេះ​ទេ»។​

សហ​រដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ចំនួន​៦៣​ដង​ប្រឆាំង​ក្រុម​ al-Shabab ​កាល​ពី​ឆ្នាំ​២០១៩​ និង​៥៣​ដង​ ក្នុង​ឆ្នាំ​២០២០។​

ក្រុម​មន្រ្តី​សហ​រដ្ឋ​អាមេរិក​បាន​លើក​ឡើង​ពី​ការ​បន្ថយ​ការវាយ​ប្រហារ ពី​ព្រោះ​រដ្ឋបាលលោក​ Biden​ ពិនិត្យ​ឡើងវិញ​នូវ​គោល​នយោបាយ​ការ​វាយ​ប្រហារ​តាម​អាកាស។ ទោះ​យ៉ាង​ណាក្តី វាបាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ចំណោម​មន្ត្រី​ជាន់ខ្ពស់​សូម៉ាលី​ដែលអ្នក​ខ្លះ​ព្រមាន​ថា​ ការបន្ថយ​នេះ​ នឹង​អនុញ្ញាត​ឱ្យ​ពួក​ al-Shabab ​ចេញ​ធ្វើសកម្មភាព​ខ្លាំង។​

ចាប់​តាំងពី​ពេល​នោះ​មក​ មន្រ្តី​សូម៉ាលី​ អំពាវនាវ​ម្តង​ហើយម្តង​ទៀត​ឱ្យ​បន្ត​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហ​រដ្ឋ​អាមេរិក៕​

VOA​ ភាសា​សូម៉ាលី​រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ

XS
SM
MD
LG