ដោយការឆ្លងរាតត្បាតជំងឺកូវីដ១៩ មានការកើនឡើងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក លោក Joe Biden ដែលគេព្យាករណ៍ថា បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក បានព្រមានថា មនុស្សប្រហែល ២ សែននាក់ទៀត អាចស្លាប់ដោយសារជំងឺកូវីដ១៩ មុនពេលវ៉ាក់សាំងត្រូវបានផលិតឡើង និងចែកចាយគ្រប់គ្រាន់។
បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមប្រឹក្សាផ្ដល់យោបល់អំពីជំងឺកូវីដ១៩ របស់ក្រុមរបស់លោក លោក Biden បានថ្លែងកាលពីថ្ងៃចន្ទម្សិលមិញនៅក្នុងទីក្រុង Wilmington រដ្ឋ Delaware ថា «បញ្ហាប្រឈមនៅចំពោះមុខយើងនេះ នៅមានភាពធំធេងនៅឡើយ និងកំពុងកើនឡើង ហើយតម្រូវការដើម្បីចាត់វិធានការម៉ឺងម៉ាត់ប្រយុទ្ធនឹងជំងឺនេះ ក៏អញ្ចឹងដែរ»។
សហរដ្ឋអាមេរិក មានករណីឆ្លងជំងឺកូវីដ១៩ ទាំងអស់ជាង ១០ លានករណី ដោយមានអត្រាឆ្លង ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងចំនួនមនុស្សស្លាប់ដោយសារជំងឺនេះ កំពុងកើនឡើង។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។
ជំនួបរបស់ក្រុមការងារជំងឺកូវីដ១៩ របស់សេតវិមានដែលដឹកនាំដោយលោកអនុប្រធានាធិបតី Mike Pence ក៏ត្រូវបានធ្វើឡើងផងដែរ កាលពីថ្ងៃចន្ទ។
កាលពីថ្ងៃចន្ទម្សិលមិញផងដែរ ក្រុមហ៊ុនផលិតឱសថ Pfizer បានប្រកាសថា ការវិភាគដំបូងៗ បង្ហាញថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពខ្លាំងនៅក្នុងការបង្ការជំងឺកូវីដ១៩។
ក្រុមហ៊ុន Pfizer បានបញ្ជាក់ថា គណៈកម្មាធិការឃ្លាំមើលទិន្នន័យ បានរកឃើញថា មិនមានក្ដីបារម្ភខ្លាំងណាមួយរឿងសុវត្ថិភាពទាក់ទិននឹងវ៉ាក់សាំងរបស់ខ្លួន ដែលតម្រូវឲ្យប្រើចំនួន ២ ដូសនោះទេ។ ក្រុមហ៊ុនឱសថ Pfizer និងក្រុមហ៊ុន BioNTech ដែលជាដៃគូរបស់ខ្លួននៅប្រទេសអាល្លឺម៉ង់ មានគោលបំណងដាក់ពាក្យសុំការអនុញ្ញាតិការប្រើវ៉ាក់សាំងនេះក្នុងគ្រាអាសន្ននៅក្រោយសប្តាហ៍ទី ៣ នៃខែវិច្ឆិកានេះ។
លោក Biden មានប្រសាសន៍បន្ថែមទៀតថា វ៉ាក់សាំងនោះ ទោះបីជាប្រសិនបើទទួលបានការអនុញ្ញាតក៏ដោយ ក៏នឹងមិនមានគ្រប់គ្រាន់ឲ្យបានទូលំទូលាយភ្លាមៗនោះទេ ដោយត្រូវរង់ចាំជាច្រើនខែ ដូច្នេះយើងនៅមានបញ្ហាប្រឈមខ្លាំងក្លាដែលត្រូវដោះស្រាយ៕