ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី​ជាង​១សែន ​ក្នុង​ពេល​៣ថ្ងៃ​​ជាប់ៗ​គ្នា


បុគ្គលិកសុខាភិបាលម្នាក់កំពុងយកសំណាកពីបុរសម្នាក់ដែលស្ថិតក្នុងរថយន្ត ដើម្បីធ្វើតេស្តរកជំងឺកូវីដ ១៩ នៅទីក្រុង Salt Lake រដ្ឋ Utah កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
បុគ្គលិកសុខាភិបាលម្នាក់កំពុងយកសំណាកពីបុរសម្នាក់ដែលស្ថិតក្នុងរថយន្ត ដើម្បីធ្វើតេស្តរកជំងឺកូវីដ ១៩ នៅទីក្រុង Salt Lake រដ្ឋ Utah កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក បាន​រាយការណ៍​ថា មាន​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ជាង ​១២១.០០០ ​ករណី​ថ្មី​ កាលពី​ថ្ងៃ​សុក្រ​ ដែល​ជា​ថ្ងៃទី ៣ ជាប់ៗ​គ្នា ​ដែល​ប្រទេស​មួយនេះ បាន​កត់​ត្រា​ថា មាន​ការឆ្លង​ថ្មី​ជាង​ ១០០.០០០​ ករណី។

ការ​ឆ្លង​នេះ កំពុង​កើន​ឡើង​នៅ​តំបន់​ទាំងអស់​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ជា​ពិសេស​នៅ​ភាគ​កណ្តាល​ប្រទេស នៅ​ពេល​ដែល​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​១៩ បាន​បន្ត​កើនឡើង។

ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​សហរដ្ឋ​អាមេរិក បាន​កើន​ឡើង ដែល​បាន​បង្ខំ​ឲ្យ​មន្ទីរពេទ្យ​នៅ​បណ្តា​រដ្ឋភាគកណ្តាល​ និង​ខាង​ត្បូង​ដូច​ជា​រដ្ឋ Illinois, Indiana, Iowa, Minnesota, North Dakota, Nebraska និង​រដ្ឋ Oklahoma ចាត់​វិធានការជា​បន្ទាន់​ ដើម្បី​ទទួល​នូវ​ចំនួនអ្នក​ជំងឺ​ថ្មីដ៏​ច្រើន​នេះ។​

ចាប់តាំង​ពី​ការ​ឆ្លង​បាន​កើនឡើង​នៅ​សហរដ្ឋអាមេរិក​ កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា​មក រដ្ឋ​ខ្លះ​បាន​ដាក់​វិធានការបិទ​សកម្មភាព​សង្គម​មួយ​ផ្នែក​ម្តងៗ រួម​មាន​រដ្ឋ Maine ដែល​បាន​ពង្រីកការតម្រូវ​ឲ្យ​ពាក់​ម៉ាស់​នៅតាមទីកន្លែង​សាធារណៈ​ទាំងអស់។

​មន្ត្រី​នៅ​ក្នុង​ក្រុង Denver រដ្ឋ Colorado កាលពី​ថ្ងៃ​សុក្រ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​ផ្ទះ​ ពី​រវាង​ម៉ោង​ ១០ ​យប់​និង​ម៉ោង ​៥ ភ្លឺ​ ដើម្បី​ព្យាយាម​កាត់​បន្ថយ​ការ​កើនឡើង​នៃ​រលក​ថ្មី​នៃ​ការឆ្លង​វីរុស​កូរ៉ូណា។​

គិត​មកដល់​ថ្ងៃ​សៅរ៍​ម្សិលមិញ សហរដ្ឋ​អាមេរិក​មាន​ការឆ្លង​ជំងឺ​កូវីដ​១៩​ ជាង​ ៩,៧ លានករណី​ និង​មនុស្ស​ស្លាប់​ជាង​ ២៣៦.០០០​ នាក់។ នេះតាម​សាកល​វិទ្យាល័យ ​Johns Hopkins

XS
SM
MD
LG