កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃជាមធ្យមជាង១សែននាក់ ដោយក្នុងនោះមនុស្សជាង១២៨.០០០នាក់ បានឆ្លងជំងឺនេះកាលពីថ្ងៃសុក្រ។
ចំនួនអ្នកជំងឺកូវីដ១៩ ដែលត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យ មានការកើនឡើងខ្លាំង ដោយបង្ខំឲ្យមន្ទីរពេទ្យជាច្រើនក្នុងបណ្តារដ្ឋភាគកណ្តាលប៉ែកខាងលិច និងរដ្ឋនៅភាគខាងត្បូង ចាត់វិធានការជាបន្ទាន់ ក្នុងការទទួលអ្នកជំងឺចូលព្យាបាលដ៏ច្រើនលើសលប់នោះ។
ការឆ្លងជំងឺកូវីដ១៩ ក្នុងសហរដ្ឋអាមេរិក កំពុងមានការហក់ឡើងខ្លាំង នៅគ្រប់តំបន់ទាំងអស់ក្នុងសហរដ្ឋអាមេរិក ខណៈពេលដែលអ្នកស្លាប់ដោយសារជំងឺនេះ ក៏កំពុងបន្តកើនឡើងខ្ពស់ផងដែរ។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួនជាង ៩ លាន ៨ សែននាក់ ហើយមានមនុស្សស្លាប់សរុបដោយសារជំងឺនេះជាង២៣៧.០០០ នាក់ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins នៅក្នុងសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិកដែលទើបជាប់ឆ្នោតថ្មី លោក Joe Biden មានគម្រោងនឹងប្រកាសនៅថ្ងៃចន្ទ ស្តីពីការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលមានសមាជិក១២រូប សម្រាប់រដ្ឋបាលរបស់លោក ដែលគណៈកម្មាធិការនេះ នឹងចាប់ផ្តើមសកម្មភាពរបស់ខ្លួន ក្នុងខែមករា ឆ្នាំ២០២១ខាងមុខនេះ៕