កាលពីថ្ងៃពុធ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិកបានឆ្លើយជាកសិណសាក្សីនៅចំពោះមុខពួកសមាជិកសភាអាមេរិកាំងដែលស៊ើបអង្កេតអំពីការចោទប្រកាន់លោកប្រធានាធិបតី Donald Trump ដែលអាចបំភ្លឺអំពីការដកលោកស្រី Marie Yovanovitch ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ុយក្រែនចេញពីតំណែង។
លោកស្រី Yovanovitch ដែលជាអ្នកការទូតប្រចាំអាជីពបានត្រូវយល់ឃើញដោយជំនួយការខ្លះរបស់លោក Trump ថាជាឧបសគ្គដល់ការធ្វើឱ្យរដ្ឋាភិបាលក្រុងគៀវ បើកធ្វើការស៊ើបអង្កេតដើម្បីជួយលោក Trump ខាងនយោបាយ។ លោកស្រីបានត្រូវហៅឱ្យត្រឡប់មកសហរដ្ឋអាមេរិកវិញជាបន្ទាន់ពីទីក្រុងគៀវ កាលពីពេលមុននេះក្នុងឆ្នាំនេះ ហើយលោកស្រីបានត្រូវដកចេញពីតំណែងប៉ុន្មានខែនៅមុនការបញ្ចប់បេសកកម្មរបស់លោកស្រីដែលបានត្រូវកំណត់ជាមុន។
នៅក្នុងការនិយាយទូរសព្ទមួយកាលពីចុងខែកក្កដាជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy លោក Trump បានពណ៌នាលោកស្រីថាជា «ព័ត៌មានអាក្រក់» ក៏ប៉ុន្តែពួកមន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយប្រាប់លោកស្រីថា លោកស្រីមិនបានធ្វើអ្វីខុសទេហើយនៅមុនការដកលោកស្រីចេញពីតំណែងមន្ត្រីទាំងនេះបានសុំឱ្យលោកស្រីបន្តបេសកកម្មលោកស្រីរហូតដល់ឆ្នាំ២០២០។
លោក Rudy Giuliani អតីតអភិបាលបូរីញូវយ៉ក និងជាមេធាវីផ្ទាល់ខ្លួនរបស់លោក Trump ដែលមើលការខុសត្រូវអំពីទំនាក់ទំនងរបស់អាមេរិកជាមួយប្រទេសអ៊ុយក្រែន បានជំរុញឱ្យមានការដកលោកស្រី Yovanovitch ចេញពីតំណែងនិងឱ្យអ៊ុយក្រែនធ្វើការស៊ើបអង្កេតអំពីលោកអតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden ដែលជាគូប្រជែងធំខាងគណបក្សប្រជាធិបតេយ្យប្រឆាំងនឹងលោក Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកាំងក្នុងឆ្នាំ២០២០ខាងមុខនេះនិងអំពីការងាររបស់កូនប្រុសលោកឈ្មោះ Hunter Biden ក្នុងក្រុមហ៊ុនឧស្ម័នធម្មជាតិអ៊ុយក្រែនមួយនិងអំពីការទាក់ទងណាមួយរបស់ប្រទេសអ៊ុយក្រែនក្នុងការបោះឆ្នោតក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៦ដែលលោក Trump បានឈ្នះ។
លោក John Hale ដែលជាមន្ត្រីលំដាប់ទីបីនៃក្រសួងការបរទេសអាមេរិកបានទៅដល់វិមានសភា Capitol ដើម្បីត្រូវសាកសួរក្នុងបន្ទប់បិទទ្វារ ដោយទីភ្នាក់ងារព័ត៌មាន Associated Press រាយការណ៍ថា គេរំពឹងថា លោកនិយាយប្រាប់ក្រុមអ្នកស៊ើបអង្កេតអំពីការចោទប្រកាន់លោក Trump ថា ការពិចារណាខាងនយោបាយឋិតនៅពីក្រោយការប្រកែករបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo មិនព្រមការពារខ្លាំងក្លាដល់លោកស្រី Yavanovitch។
ជំនួយការឯទៀតៗរបស់លោក Pompeo ដោយមានរួមបញ្ចូលទាំងលោក Michael McKinley ផងដែរបាននិយាយប្រាប់ក្រុមអ្នកស៊ើបអង្កេតថាពួកគេបានសុំឱ្យលោកការពារលោកស្រី Yavanovitch ដែរ តែឥតបានការ។