ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​អាមេរិក​ចាប់​ផ្ដើម​អនុវត្ត​ដំណើរការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​ជា​ផ្លូវការ


សភា​តំណាងរាស្ត្រ​ធ្វើ​ការ​បោះឆ្នោត​តើ​សេចក្តីសម្រេច​ដើម្បី​បន្ត​នីតិវិធី​លើ​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
សភា​តំណាងរាស្ត្រ​ធ្វើ​ការ​បោះឆ្នោត​តើ​សេចក្តីសម្រេច​ដើម្បី​បន្ត​នីតិវិធី​លើ​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាលពី​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

រដ្ឋសភា​អាមេរិក​បាន​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៣១ ខែតុលា ដើម្បី​អនុម័ត​ជា​ផ្លូវការ​ទៅ​លើ​ដំណើរការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ពី​តំណែង។ នេះ​គឺ​ជា​ដំណើរ​វិវត្ត​លក្ខណៈ​ប្រវត្តិសាស្ត្រ​មួយ។

លោក ត្រាំ ឥឡូវ​នេះ ក្លាយ​ទៅ​ជា​ប្រធានាធិបតី​អាមេរិក​ទី​បួន​ហើយ​ ដែល​ត្រូវ​បាន​គេ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ពី​តំណែង ដោយសារ​ការ​ចោទប្រកាន់​ថា លោក​បាន​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ុយក្រែន​ឲ្យ​ស៊ើបអង្កេត​ទៅ​លើ​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​គូប្រជែង​នឹង​លោក។

រឿងរ៉ាវ​ជា​ប្រវត្តិសាស្ត្រ​បាន​កើតឡើង ដោយសារ​តែ​រដ្ឋសភា​អាមេរិក​បន្ត​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចេញ​ពី​តំណែង​ជា​ផ្លូវការ។ ដំណើរការ​ស៊ើបអង្កេត​នេះ​ដឹក​នាំ​ដោយ​ប្រធាន​រដ្ឋសភា​អាមេរិក​ លោកស្រី Nancy Pelosi ខាង​គណបក្ស​ប្រជាធិបតេយ្យ។

លោកស្រី Pelosi បាន​ថ្លែង​ថា៖ «នេះ​គឺ​ជា​រឿង​ប្រាកដប្រជា​មួយ»។

លោកស្រី Pelosi និង​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​ទៀត​ជឿ​ថា លោក​ប្រធានាធិបតី ត្រាំ បាន​បំពាន​អំណាច​របស់​លោក ដោយ​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ឲ្យ​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​គូ​ប្រជែង​នយោបាយ​របស់​លោក គឺ​លោក Joe Biden ដែល​ជា​អតីត​អនុប្រធានាធិបតី​អាមេរិក។

លោកស្រី Pelosi បាន​និយាយ​ទៀត​ថា៖ «យើង​បាន​សច្ចា​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​យើង​មិន​អាច​មិន​អើពើ​បាន។ យើង​នឹង​មិន​ឈប់​អើពើ​នោះ​ទេ នៅ​ពេល​ដែល​អាកប្បកិរិយា​របស់​លោក​ប្រធានាធិបតី​បង្ហាញ​ថា ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ពី​តំណែង​គឺ​ជា​រឿង​ចាំបាច់‍»។

សមាជិក​រដ្ឋសភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​ស្រុះស្រួល​គ្នា​ប្រឆាំង​នឹង​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង ហើយ​លោក Kevin McCarthy មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​តែ​ព្យាយាម​កែប្រែ​ជ័យជម្នះ​របស់​លោក ត្រាំ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦។

លោក McCarthy ថ្លែង​ថា៖ «សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​តែ​ព្យាយាម​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ចេញ​ពី​តំណែង ដោយសារ​តែ​ពួកគេ​ភ័យ​ខ្លាច​ថា ពួកគេ​មិន​អាច​យក​ឈ្នះ​លើ​លោក​ប្រធានាធិបតីបាន​នៅ​ពេល​បោះឆ្នោត។ នេះ​មិនមែន​ជា​ពាក្យ​សម្ដី​របស់​ខ្ញុំ​នោះ​ទេ។ នេះ​គឺ​ជា​ពាក្យ​សម្ដី​របស់​សហការី​របស់​ខ្ញុំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​បាន​ស្នើ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​បី​ដង​រួច​មក​ហើយ‍»។

លោក​ប្រធានាធិបតី​បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម Twitter ដោយ​ហៅ​ការ​បោះឆ្នោត​ទៅ​លើ​ដំណើរការ​ស៊ើបអង្កេត​នេះ​ថា​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ហើយលោក​បាន​ប្ដេជ្ញា​ជា​យូរ​មក​ហើយ​ថា​នឹង​យក​ឈ្នះ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងឡាយ​ណា​ដែល​ចង់​ទម្លាក់​លោក​ពី​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ធ្លាប់​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពាក់ព័ន្ធ​នឹង​លោក Mueller និង​រុស្ស៊ី។ ខ្ញុំ​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ជា​រៀងរាល់​សប្ដាហ៍។ តើ​អ្វី​ទៅ​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុង​សប្ដាហ៍​នេះ? ពួកគេ​មិន​អាច​យក​ឈ្នះ​យើង​តាមរយៈ​ការ​បោះឆ្នោត​បាន​ទេ។ ដូច្នេះ​ហើយ​ទើប​ពួកគេ​ចង់​យក​ឈ្នះ​យើង​តាម​វិធីសាស្ត្រ​បុរាណ ដែល​មិន​ល្អ​ទាល់​តែ​សោះ។ ពួកគេ​គឺ​ជា​ក្រុម​មនុស្ស​មាន​ល្បិច»។

ការ​បោះឆ្នោត​លើក​ចុង​ក្រោយ​បង្អស់​របស់​រដ្ឋសភា​អាមេរិក​នេះ គឺ​ជា​ការ​បន្ដ​ដំណើរការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង​ត​ទៅ​ទៀត‍។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី Julie Pace។ ​

លោកស្រី Pace នៃ​បណ្ដាញ​សារព័ត៌មាន Associated Press បាន​ថ្លែង​ថា៖ «នេះ​គឺ​ជា​វិធាន​ដែល​នឹង​ត្រួតត្រា​ទៅ​លើ​អ្វី​ដែល​នឹង​កើតឡើង​បន្ទាប់​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សក្ខីកម្ម​ជា​សាធារណៈ និង​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​សាធារណជន​នឹង​ដឹង​អំពី​អ្វី​ដែល​បាន​កើតឡើង​នៅ​ពី​ក្រោយ​នោះ»។

ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​គឺ​ជា​ជំពូក​ថ្មី​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក John Hudak​ អ្នកវិភាគ​នៃ​វិទ្យាស្ថាន Brookings។

លោក Hudak និយាយ​ថា៖ «មូលហេតុ​នៃ​ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​បន្ដ​ដំណើរការ​ត​ទៅ​មុខ​ទៀត ដែល​នឹង​ក្លាយ​ជា​ដំណាក់កាល​សាធារណៈ ហើយ​វា​ក៏​នឹង​ជួយកុំ​ឲ្យ​សមាជិក​គណបក្ស​សាធារណរដ្ឋ​លង់​ជ្រៅ​ត​ទៅ​ទៀត ក្នុង​ការ​ប្រឆាំង​នឹង​ដំណើរការ​ស៊ើបអង្កេត​នេះ‍»។

វា​គឺ​ជា​ដំណើរការ​មួយ​ដែល​អាច​បន្ដ​គ្មាន​ទី​បញ្ចប់។ នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ លោកJohn Fortier។

លោក Fortier ថ្លែង​ថា៖ «ដំណើរការ​ស៊ើបអង្កេត​នៅ​ក្នុង​រដ្ឋសភា ប្រហែល​ជា​ត្រូវ​បន្ដរយៈពេល​រាប់​ខែ។ យើង​ទើប​តែ​ចាប់​ផ្ដើម​ដំណើរការ​នេះ​ប៉ុណ្ណោះ។ ប្រសិន​បើ​មាន​សវនាការ​ព្រឹទ្ធសភា​មែន ហើយ​មេដឹកនាំ​សំឡេង​ភាគច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​និយាយ​ថា នឹង​មាន​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​ នោះ​គេ​នឹង​ត្រូវ​ការ​ពេលវេលា​ប្រហែល​ជា​មួយ​ឬ​ពីរ​ខែ​ទៀត។ ដំណើរការ​នេះ​អាច​បន្ដ​រហូត​ដល់​ឆ្នាំ​ក្រោយ‍»។

ការ​បោះឆ្នោត​របស់​រដ្ឋសភា​អាមេរិក​ទៅ​លើ​ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​ស្មើ​នឹង​ការ​ចោទប្រកាន់​ចំពោះ​ការ​ប្រព្រឹត្ត​ខុស​ឆ្គង។ ​

នេះ​មាន​ន័យ​ថា នឹង​ឈាន​ទៅ​ដល់​ការ​បើក​សវនាការ​ព្រឹទ្ធសភា ដែល​សមាជិក​ព្រឹទ្ធសភា​នឹង​សម្រេច​ថា​តើ​ត្រូវ​ដក​លោក​ប្រធានាធិបតី​ពី​តំណែង​ដែរ​ឬ​យ៉ាងណា។ ​

សវនាការ​សាធារណៈ​ទៅ​លើ​ការ​ស៊ើបអង្កេត​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ៕

ប្រែ​សម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG