ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា ស.រ.អា «ត្រៀម​ខ្លួន​រួចជាស្រេច​នៅក្នុង​ការដឹកនាំ​ពិភពលោក មិនមែន​ដកខ្លួន​ចេញ​នោះ​ទេ»


លោក Joe Biden ដែល​គេ​សន្មត់​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក បាន​គ្រវីដៃ​នៅ​ពេល​លោក​ដើរ​ចេញ​ពី​មហោស្រព The Queen នៅ​ទីក្រុង Wilmington រដ្ឋ Delaware នៅ​ថ្ងៃ​ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Joe Biden ដែល​គេ​សន្មត់​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក បាន​គ្រវីដៃ​នៅ​ពេល​លោក​ដើរ​ចេញ​ពី​មហោស្រព The Queen នៅ​ទីក្រុង Wilmington រដ្ឋ Delaware នៅ​ថ្ងៃ​ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Joe Biden ដែល​គេ​សន្មត់​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក «ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​ដឹកនាំ​ពិភពលោក មិនមែន​ដក​ខ្លួន​ចេញ​នោះ​ទេ»។ ករណី​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ងាក​ចេញ​ពី​គោលការណ៍ «ផ្ដល់​អាទិភាព​ដំបូង​លើ​សហរដ្ឋ​អាមេរិក» របស់​លោក​ប្រធានាធិបតី Donald Trump។

ស្រប​ពេល​ដែល​លោក​ត្រៀម​ខ្លួន​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាង​មុខនេះ លោក Biden បាន​និយាយ​ថា សហរដ្ឋ​អាមេរិក «ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ប្រឈម​ជាមួយ​នឹង​សត្រូវ មិន​បដិសេធ​ជាមួយ​សម្ព័ន្ធមិត្ត និង​ត្រៀម​ខ្លួន​លើក​តម្កើង​គុណ​តម្លៃ​របស់​ខ្លួន»។

នៅ​ក្នុង​ទីក្រុង Wilmington រដ្ឋ Delaware លោក Biden បាន​ណែនាំ​ជា​សាធារណៈ​នូវ​មន្ត្រី​មួយ​ចំនួន​ដែល​លោក​បាន​តែងតាំង​ឲ្យ​កាន់​មុខ​តំណែង​កំពូលៗ​ផ្នែក​គោល​នយោបាយ​ការបរទេស និង​សន្តិសុខ​ជាតិ។

លោក Biden បាន​និយាយ​ថា៖ «ពួកគេ​តំណាង​ឲ្យ​ជំនឿ​ស្នូល​របស់​ខ្ញុំ​ដែល​ថា សហរដ្ឋ​អាមេរិក​រឹងមាំ​បំផុត​នៅ​ពេល​ដែល​ធ្វើការ​ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន។ នេះ​ជា​វិធី​ដែល​យើង​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​មាន​សុវត្ថិភាព ដោយ​មិន​បាច់​ប្រឡូក​នៅ​ក្នុង​ជម្លោះ​យោធា​ដែល​មិន​ចាំបាច់ និង​ជា​វិធី​គ្រប់គ្រង​សត្រូវ ក៏​ដូចជា​រារាំង​ក្រុម​ភេរវកម្ម​ផងដែរ»។

ការ​តែងតាំង​របស់​លោក Biden ជា​ពិសេស​ការ​តែងតាំង​លោក Antony Blinken ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស មាន​ទស្សន​វិស័យ​ជា​សកល​ខុស​គ្នា​ឆ្ងាយ​ពី​រដ្ឋបាល​របស់​លោក Trump។

ក្រោម​ការ​ដឹកនំា​របស់​លោក Trump សហរដ្ឋ​អាមេរិក​តែងតែ​មាន​ទំនាក់ទំនង​រកាំរកូស​ជាមួយ​សម្ព័ន្ធ​មិត្ត​បស្ចិម​ប្រទេស ហើយ​លោក Trump ហាក់ដូចជា​រួសរាយ​ជាមួយ​មេដឹកនាំ​ផ្ដាច់ការ​នានា​ដូចជា​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan និង​មេដឹកនំា​កូរ៉េខាងជើង​លោក Kim Jong Un ជាដើម។

លោក Biden បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​ដឹកនាំ​មិនមែន​ត្រឹមតែ​តាម​រយៈគំរូ​នៃ​អំណាច​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​តាម​រយៈ​អំណាច​នៃ​គំរូ​របស់​យើង​ផង​ដែរ»៕

XS
SM
MD
LG