សហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកសន្តិសុខក្នុងទឹកប្រាក់ ៣៤៥ លានដុល្លារអាមេរិកដល់កោះតៃវ៉ាន់ ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយដែលគេទន្ទឹងរង់ចាំជាយូរមកហើយ ដែលមានបំណងជួយកោះនេះ ការពារខ្លួនពីការឈ្លានពានដ៏មានសក្ដានុពលរបស់ប្រទេសចិន។
សេចក្តីប្រកាសរបស់សេតវិមានកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅបានលើកឡើងថា ជំនួយដែលផ្តល់ទៅឱ្យកោះតៃវ៉ាន់ ដែលជាផ្នែកមួយនៃការដកចេញពីស្តុកសព្វាវុធដែលមានស្រាប់របស់សហរដ្ឋអាមេរិកនោះ នឹងរួមបញ្ចូល «ឧបករណ៍បច្ចេកទេស និងសេវាកម្មរបស់ក្រសួងការពារជាតិអាមេរិកក៏ដូចជាការបណ្តុះបណ្តាលយោធានិងការអប់រំយោធាផងដែរ»។
សេចក្តីប្រកាសនេះបានធ្វើឡើង នៅពេលដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបប្រជុំជាមួយសមភាគីអូស្ត្រាលីរបស់គេសម្រាប់ការពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំលើកទី៣៣ រវាងអូស្ត្រាលី និងសហរដ្ឋអាមេរិក ក្នុងទីក្រុង Brisbane ប្រទេសអូស្ត្រាលី។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Brisbane អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក លោកវរសេនីយ៍ទោ Martin Meiners បានថ្លែងថា កញ្ចប់ជំនួយនេះ «រួមបញ្ចូលសមត្ថភាពការពារខ្លួន ដែលតៃវ៉ាន់អាចនឹងប្រើប្រាស់ដើម្បីបង្កើនការរារាំងទប់ទល់នៅពេលនេះ និងនៅពេលអនាគត»។
លោកបានថ្លែងថា ប្រព័ន្ធការពារដែលមានក្នុងកញ្ចប់ជំនួយអាច «ដោះស្រាយស្តុកសព្វាវុធការពារដ៏សំខាន់ ការយល់ដឹងពីពហុវិស័យ សមត្ថភាពវាយប្រហាររថក្រោះ និងសមត្ថភាពការពារដែនអាកាស»។
របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានស្រង់សម្តីមន្ត្រីការពារជាតិអាមេរិក ដោយមិនបញ្ចេញអត្តសញ្ញាណដែលបានថ្លែងថា កញ្ចប់ជំនួយនេះ ក៏រួមបញ្ចូលទាំងយន្តហោះដ្រូនដែលគ្មានមនុស្សបើក MQ-9 Reaper ផងដែរ។ តៃវ៉ាន់ធ្លាប់បានទិញយន្តហោះដ្រូន MQ-9s ពីសហរដ្ឋអាមេរិកក្នុងពេលកន្លងទៅ។ មន្ត្រីក្រសួងការពារជាតិអាមេរិក បានបដិសេធមិនប្រាប់ថា តើទំនិញនៅក្នុងកញ្ចប់ជំនួយនឹងមកដល់តៃវ៉ាន់ឆាប់ៗក្នុងពេលណានោះទេ ប៉ុន្តែបានថ្លែងថាពួកគេកំពុង «ធ្វើការយ៉ាងរហ័ស» ដើម្បីដឹកជញ្ជូនជំនួយទាំងនោះ។
លោក Meiners បានថ្លែងថា ការប្រកាសពីកញ្ចប់ថវិកាថ្មីដែលមានទឹកប្រាក់ចំនួន ៣៤៥ លានដុល្លារអាមេរិកនេះ មិនបង្ហាញពីការគំរាមកំហែងថ្មីៗឬដែលនឹងកើតឡើងចំពោះតៃវ៉ាន់នោះទេ។ មិនដូចកញ្ចប់ជំនួយផ្នែកសន្តិសុខស្រដៀងគ្នា ដែលធ្វើឡើងក្រោមអំណាចដកស្តុកអាវុធរបស់ប្រធានាធិបតីសម្រាប់អ៊ុយក្រែននោះទេ កញ្ចប់ជំនួយនេះមិនតម្រូវឱ្យមានការប្រកាសអាសន្ននោះឡើយ។
ចិនបង្ហាញការមិនពេញចិត្ត
អ្នកនាំពាក្យស្ថានទូតចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Liu Pengyu បានប្រាប់ VOA តាមអ៊ីម៉ែលថា៖ «ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទំនាក់ទំនងយោធារបស់សហរដ្ឋអាមេរិកជាមួយនិងការផ្តល់អាវុធដល់កោះតៃវ៉ាន់»។
លោកបានថ្លែងថា៖ «ជំហរនេះគឺម៉ឺងម៉ាត់និងច្បាស់លាស់ណាស់។ សហរដ្ឋអាមេរិកគួរតែគោរពតាមគោលការណ៍ចិនតែមួយនិងសេចក្តីប្រកាសរួម៣រវាងចិននិងអាមេរិក ដែលរួមមានការឈប់ផ្តល់អាវុធដល់តៃវ៉ាន់ ការឈប់បង្កើតស្ថានការណ៍ថ្មី ដែលអាចនាំឱ្យមានភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ និងការឈប់បង្កហានិភ័យដល់សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។
សភាអាមេរិកបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកបញ្ជូនជំនួយសន្តិសុខដល់កោះតៃវ៉ាន់រហូតដល់ចំនួន ១ពាន់លានដុល្លារអាមេរិក តាមរយៈអំណាចក្នុងការដកស្តុកអាវុធរបស់ប្រធានាធិបតីក្នុងឆ្នាំសារពើពន្ធនេះ៕
សហរដ្ឋអាមេរិកបញ្ជូនជំនួយផ្នែកសន្តិសុខ ដែលមានទឹកប្រាក់ ៣៤៥ លានដុល្លារឱ្យតៃវ៉ាន់
ទីក្រុង Brisbane ប្រទេសអូស្ត្រាលី —