នៅសប្តាហ៍ក្រោយនេះ កោះតៃវ៉ាន់នឹងរៀបចំសមយុទ្ធនិងការហ្វឹកហាត់យោធាដែលរួមមានការការពារអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់កោះនេះពីការវាយប្រហារដើម្បីបញ្ឈប់ការបុកច្រាំងឡើងគោកដ៏ធំមួយហើយនឹងធ្វើឱ្យប្រាកដថាផ្លូវនាវាចរណ៍នៅបើកចំហរនៅក្នុងការឆ្លើយតបទៅនឹងការត្រាប់ការរាំងខ្ទប់ដោយប្រទេសចិន។
សមយុទ្ធប្រចាំឆ្នាំឈ្មោះ Han Kuang និង Wan An ដែលចាប់ផ្តើមពីថ្ងៃទី២៤ដល់ថ្ងៃទី២៩ ខែកក្កដាក៏នឹងរួមបញ្ចូលទាំងការហ្វឹកហាត់ជ្រកពួននៅទីសុវត្ថិភាពនិងការជម្លៀសនៅក្នុងស្រុកនានានៅទូទាំងកោះតៃវ៉ាន់ជាលើកទី១។
សមយុទ្ធនៅឆ្នាំនេះ មានភាពចម្រុះនិងទូលំទូលាយបំផុតនៅពេលបច្ចុប្បន្ននេះកើតមានឡើងនៅពេលដែលការគំរាមកំហែងខាងយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់បានកើនឡើងជារឿយៗនិងជាក់លាក់។
ពួកអ្នកវិភាគប្រាប់ VOA ថាសមយុទ្ធនេះមានគោលបំណងពង្រឹងសមត្ថភាពរបស់កោះតៃវ៉ាន់ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការគំរាមកំហែងខាងយោធាមកពីចិនដីគោកហើយនឹងអនុវត្តមេរៀននានាពីសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
ក្នុងអំឡុងនៃសមយុទ្ធនៅឆ្នាំនេះ កោះតៃវ៉ាន់នឹងពង្រីកការដាក់ពង្រាយមីស៊ីលប្រឆាំងនាវានិងយន្តហោះហើយនឹងបន្ថែមសមយុទ្ធនៃការចុះនិងហោះឡើងរបស់យន្តហោះនៅឯអាកាសយានដ្ឋានស៊ីវិលនៅក្នុងស្រុក Taitung ភាគខាងកើត។
ខណៈដែលសមយុទ្ធនៅក្នុងតំបន់ភាគខាងកើតកោះតៃវ៉ាន់នឹងផ្តោតយ៉ាងសំខាន់លើការរក្សាកម្លាំងប្រយុទ្ធតាមអាកាសរបស់តៃវ៉ាន់នោះ កិច្ចប្រតិបត្តិការប្រឆាំងនឹងយន្តហោះនៅឯចំណតអាកាសយានដ្ឋានអន្តរជាតិ Taoyuanនឹងផ្តោតលើការធ្វើត្រាប់នៃការការពារចំណតអាកាសយានដ្ឋានដ៏មមាញឹករបស់កោះតៃវ៉ាន់ក្នុងពេលមានការវាយប្រហារដោយកងទ័ពរំដោះប្រជាជនចិន (PLA)។
សមយុទ្ធនៅឯអាកាសយានដ្ឋានTaoyuanដែលជាច្រកអន្តរជាតិដ៏សំខាន់មួយរបស់កោះនេះភ្ជាប់ជាមួយពិភពលោកខាងក្រៅនោះ នឹងសាកល្បងសមត្ថភាពខាងយោធាដើម្បីវាយបកការវាយប្រហារតាមអាកាសនិងធ្វើត្រាប់តាមដូចមានទាហានមកពីចិនដីគោកដែលលោតឆ័ត្រចុះដើម្បីប៉ុនប៉ងកាន់កាប់មជ្ឈមណ្ឌលដឹកជញ្ជូននេះ៕