រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ហាក់ដូចជាកំពុងធ្វើបានល្អលើគោលដៅគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដែលបានដាក់ចេញជាយូរមកហើយលើ «ការបែរងាកទៅរកតំបន់អាស៊ី»។ បន្ទាប់ពីបានវិលត្រឡប់មកពីកិច្ចប្រជុំអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីកាលពីពេលថ្មីៗនេះមក លោកបានធ្វើដំណើរទៅកាន់ប្រទេសតុងហ្គាកាលពីថ្ងៃចន្ទ ហើយបន្ទាប់មកនឹងទៅនូវែលសេឡង់និងអូស្ត្រាលី។
លោក Blinken គឺជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដំបូងគេដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសតុងហ្គា ហើយនឹងសម្ពោធបើកស្ថានទូតអាមេរិកថ្មីនៅក្នុងរាជធានីនូគូអាឡូហ្វា។
នៅពេលដែលគេសួរថាតើដំណើរទស្សនកិច្ចនេះគឺដើម្បីប្រឆាំងនឹងវត្តមានរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិកឬក៏យ៉ាងណានោះ លោក Blinken បានថ្លែងកាលពីថ្ងៃទី ២១ ខែកក្កដានៅឯវេទិកាសន្តិសុខ Aspen ក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក ថា៖ «មានបញ្ហាច្រើនទាក់ទងនឹងទំនាក់ទំនងដែលយើងកំពុងព្យាយាមកសាងជាមួយប្រទេសទាំងនេះ ដែលកាលពីអតីតកាលត្រូវបានគេមិនយកចិត្តទុកដាក់»។
អ្នកស្រី Shihoko Goto ដែលជានាយកស្តីទីសម្រាប់កម្មវិធីអាស៊ីនិងជានាយកផ្នែកភូមិសាស្ត្រសេដ្ឋកិច្ចនៃមជ្ឈមណ្ឌល Wilson បានប្រាប់ VOA ថា ប្រទេសចិនមានស្ថានទូតធំមួយនៅតុងហ្គា ហើយបាននិងកំពុងផ្តល់ថវិកាដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទីនោះនិងនៅលើកោះប៉ាស៊ីហ្វិកផ្សេងទៀត។
អ្នកស្រីបានបន្ថែមថា៖ «តាមពិតសហរដ្ឋអាមេរិកចូលមកយឺតបន្តិចក្នុងការប្រកួតនោះ។ ប្រទេសដូចជាជប៉ុនជាដើមមានសកម្មភាពច្រើនជាង។ ហើយដោយយល់ដឹងពីសារៈសំខាន់នៃប្រទេសទាំងនេះ សហរដ្ឋអាមេរិកតាមរយៈការចូលប្រឡូកនៅទីនោះ កំពុងព្យាយាមប្រកួតប្រជែងទល់មុខគ្នាជាមួយប្រទេសចិនដើម្បីយកឈ្នះលើបេះដូងនិងចិត្តគំនិតនៃអ្នកកោះប៉ាស៊ីហ្វិក»។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួនគឺអូស្ត្រាលីនិងនូវែលសេឡង់ក៏មានការព្រួយបារម្ភផងដែរថា ចិនមានមហិច្ឆតាក្នុងការកសាងមូលដ្ឋានកងទ័ពជើងទឹកនៅក្នុងតំបន់ចាប់តាំងពីប្រទេស Solomon Islands បានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយចិនកាលពីឆ្នាំមុនមក។
លោក Brian Harding អ្នកជំនាញជាន់ខ្ពស់ផ្នែកតំបន់អាស៊ីអាគ្នេយ៍និងកោះប៉ាស៊ីហ្វិកនៃវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (USIP) បានមានប្រសាសន៍ថា កង្វល់ធំបំផុតរបស់ចិនគឺតៃវ៉ាន់ដោយសារប្រទេសដីកោះប៉ាស៊ីហ្វិកមួយចំនួននៅតែទទួលស្គាល់រដ្ឋាភិបាលតៃវ៉ាន់ហើយចិននៅមិនទាន់មានស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសទាំងនោះ។
លោកបានបន្ថែមថា៖ «រហូតមកដល់ពេលថ្មីៗនេះ ប្រទេសដីកោះប៉ាស៊ីហ្វិកចំនួន ៦ នៅតែទទួលស្គាល់តៃវ៉ាន់។ ចិនបានទទួលជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានអូសទាញប្រទេស Solomon Islands និងប្រទេសគិរីបាទីឱ្យងាកមកគាំទ្រខ្លួន។ ឥឡូវនេះចិនកំពុងតែចង់ធ្វើដូចគ្នានេះជាមួយនឹងប្រទេសផ្សេងទៀត»។
លោក Blinken នឹងធ្វើដំណើរពីប្រទេសតុងហ្គាទៅកាន់ប្រទេសនូវែលសេឡង់ ដែលនៅទីនោះលោកនឹងលើកទឹកចិត្តក្រុមបាល់ទាត់នារីរបស់សហរដ្ឋអាមេរិកក្នុងការប្រកួតពានរង្វាន់ពិភពលោក World Cup នៅពេលពួកគេប្រកួតជាមួយក្រុមបាល់ទាត់នារីរបស់ប្រទេសហូឡង់។ ប្រទេសចុងក្រោយរបស់លោកនៅក្នុងដំណើរទស្សនកិច្ចនេះគឺប្រទេសអូស្ត្រាលី៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង
លោក Blinken ធ្វើដំណើរទៅតុងហ្គា នូវែលសេឡង់ និងអូស្ត្រាលី ដើម្បីបង្កើនទំនាក់ទំនងអាមេរិកនិងតំបន់ប៉ាស៊ីហ្វិក
- Cindy Saine
វ៉ាស៊ីនតោន —