ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​ចង់​ពង្រីក​វត្តមាន​នៅ​ឥណ្ឌា​ខណៈ​ចំណង​ទាក់ទង​សេដ្ឋកិច្ច​​កាន់​តែ​រីកចម្រើន


រូប​ឯកសារ៖ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen ថ្លែង​នៅ​ទី​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២៣។
រូប​ឯកសារ៖ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen ថ្លែង​នៅ​ទី​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២៣។

ក្នុង​សញ្ញា​មួយ​ដែល​បង្ហាញ​ថា ទំនាក់ទំនង​សេដ្ឋកិច្ច​ឥណ្ឌា ​និង​តៃវ៉ាន់​កំពុង​មាន​ការ​កើន​ឡើង រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ក្នុង​ខែ​នេះ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ពង្រីក​វត្តមាន​ក្នុង​ប្រទេស​ឥណ្ឌា​ដោយ​បើក​ការិយាល័យ​តំណាង​នៅ​ទីក្រុង Mumbai។

ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​ញូវដែលី​ព្យាយាម​រក្សា​ទំនាក់ទំនង​នយោបាយ​ជាមួយ​តៃវ៉ាន់​កុំ​ឱ្យ​លេច​ធ្លោ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មាន​ភាព​រីកចម្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​កិច្ចការ​បរទេស​ឥណ្ឌា លោក Arindam Bagchi បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី០៦ ខែ​កក្កដា​ថា ផែនការ​របស់​តៃវ៉ាន់​ក្នុង​ការ​បើក​មជ្ឈមណ្ឌល​មំបៃ (Mumbai) គួរ​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​បរិបទ​គោលនយោបាយ​ឥណ្ឌា​ដែល «សម្រប​សម្រួល លើក​កម្ពស់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ក្នុង​វិស័យ​ពាណិជ្ជកម្ម ទេស ចរណ៍ វប្បធម៌ ការ​អប់រំ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ប្រជាជន និង​ប្រជាជន​ផ្សេង​ទៀត»។

អ្នក​វិភាគ​បាន​ចង្អុល​បង្ហាញ​ថា​ការ​បោះ​ជំហាន​របស់​តៃវ៉ាន់​កើត​ឡើង​ចំ​ពេល​ដែល​ប្រទេស​ទាំង២​មាន​ទំនាក់ទំនង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ជាមួយ​ប្រទេស​ចិន។

ភាព​តានតឹង​កាន់​តែ​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​តៃវ៉ាន់​សម្លឹង​មើល​ការពង្រីក​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស​ចិន ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​ញូវដែលី​ចង់​ប្រើ​ឱកាស​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ដែល​កំពុង​ស្វែងរក​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទៅ​ផ្សេងៗ​ទៅ​កាន់​ប្រទេស​ឥណ្ឌា។

លោក Manoj Joshi សហការី​ជំនាញ​នៅ​មូលនិធិ​ការសង្កេត​ការស្រាវជា្រវឬ Observer Research Foundation នៅ​ទីក្រុង​ញូវដែលីបាន​ប្រាប់ VOA ថា៖ «ការពង្រីក​វត្តមាន​របស់​តៃវ៉ាន់​នៅ​ប្រទេស​ឥណ្ឌា​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ក្នុង​បរិបទ​ផ្តាច់​ខ្លួន​ចេញ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ពលរដ្ឋ​តៃវ៉ាន់​កំពុង​ដើរចេញ​ពី​ចិន​ដើម្បី​មាន​ជម្រើស​ផ្សេង​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ដូចជា​វៀតណាម​ឬ​ឥណ្ឌា»។

មជ្ឈមណ្ឌល​សេដ្ឋកិច្ច​និង​វប្បធម៌​មំបៃ​តៃប៉ិ​ឬMumbai Taipei Economic and Cultural Center ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បើក​នៅ​ឆ្នាំ ២០២៤ ហើយ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ទី​ ៣ របស់​តៃវ៉ាន់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ តៃវ៉ាន់​មាន​មជ្ឈមណ្ឌល​នេះ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ញូវដែលី​និង​មួយ​ទៀត​នៅ​ក្នុង​ទីក្រុង Chennai នៅ​ភាគ​ខាង​ត្បូង។ ទីក្រុង​ Mumbai ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​ប្រទេស​ឥណ្ឌា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កន្លែង​សំខាន់​សម្រាប់​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

ឥណ្ឌា​ក៏​ដូចជា​ប្រទេស​ភាគ​ច្រើន​ផ្សេង​ទៀត​ដែរ មិន​មាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវ​ការ​ជាមួយ​តៃវ៉ាន់​ទេ ហើយ​ការិយាល័យ​តំណាង​របស់​តៃវ៉ាន់​ដើរ​តួ​ជា​បេសកកម្ម​ការ​ទូត​មិន​ផ្លូវ​ការ។ ដូច​គ្នា​នេះ​ដែរ ការិយាល័យ​របស់​រដ្ឋាភិបាល​ក្រុង​ញូវដែលី​នៅ​ទីក្រុង​តៃប៉ិ និង​សមាគម​ឥណ្ឌា-តៃប៉ិ ដឹកនាំ​ដោយ​អ្នក​ការ​ទូត​ជាន់​ខ្ពស់។

ក្រសួង​ការបរទេស​តៃវ៉ាន់​បាន​ថ្លែង​កាលពី​ថ្ងៃពុធ ទី៥ ខែកក្កដា​ថា​គោលបំណង​នៃ​ការ​បើក​មជ្ឈមណ្ឌល​មួយ​នៅ​ទីក្រុង​មំបៃ​គឺ​ដើម្បី​ជំរុញ​បន្ថែម​ទៀត​នូវ«ទំនាក់ទំនង​សំខាន់ៗ» ជាមួយ​ឥណ្ឌា​និង«ធ្វើ​ឱ្យ​ការ​ផ្លាស់ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ»។ ក្រសួង​នេះ​បាន​កត់សម្គាល់​ពី«វឌ្ឍនភាព​ដ៏​សំខាន់»នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជ កម្ម វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សំខាន់ៗ។

អ្នក​វិភាគ​បាន​ថ្លែង​ថាទំនាក់ទំនង​ពាណិជ្ជកម្ម​ដែល​កំពុង​កើន​ឡើង​របស់​ឥណ្ឌា​ជាមួយ​តៃវ៉ាន់​មិន​មាន​ឥទ្ធិពល​នយោបាយ​ទេ។

ពួកគេ​បាន​ថ្លែង​ថា រដ្ឋាភិបាល​ក្រុង​ញូវដែលី​មិន​ចង់​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បន្ទាប់ពី​ការ​ជាប់​គាំង​យោធា​រយៈពេល៣ឆ្នាំ​នៅ​តាម​ព្រំដែន​ជួរ​ភ្នំ​ហិមាល័យ (Himalayan) របស់​ខ្លួន​ជាមួយ​ចិន​កាន់​តែ​អាក្រក់​នោះ​ទេ។

លោក Mahapatra បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ឥណ្ឌា​មិន​ប្រឆាំង​នឹង​គោល​នយោបាយ​ចិន​តែ​មួយ​ទេ ប៉ុន្តែ​យើង​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​មិន​មាន​គោលបំណង​យុទ្ធសាស្ត្រ​ឬ​យោធា​អ្វី​នោះ​ទេ»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់​ទុក​តៃវ៉ាន់​ដែល​ជា​កោះ​ប្រជាធិបតេយ្យ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង ជា​ខេត្ត​របស់​ចិន​ដែល​នឹង​ត្រូវ​បង្រួប​បង្រួម​ជាមួយ​ចិន​ដីគោក​នៅ​ថ្ងៃ​ណា​មួយ និង​បង្អាក់​មិន​ឱ្យ​មាន​ការ​ទាក់ទិន​ជា​សាធារណៈ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​តៃប៉ិ​នោះ​ទេ។

លោក Joshi បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖«ឥណ្ឌា​នឹង​ប្រយ័ត្នប្រយែង​មិន​ឱ្យ​ដើរ​ហួស​ព្រំដែន។ វា​ជា​ការ​ប្រុងប្រយ័ត្ន ហើយ​អ្នក​ទំនង​ជា​មិន​ឃើញ​ការ​ផ្លាស់ប្តូរ​នយោបាយ​កម្រិត​ខ្ពស់​រវាង​ប្រទេស​ទាំង២នោះ​ទេ»៕

ប្រែសម្រួល​ដោយ ​លោក ជឹង ប៉ូជីន

XS
SM
MD
LG