ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បញ្ជូន​នាវា​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​បង្ហាញ​ចិន​អំពី​សេរីភាព​នាវាចរណ៍​នៅ​ក្នុង​សមុទ្រ​ដែល​មាន​ជម្លោះ


រូបឯកសារ៖ រដ្ឋមន្រ្តីការពារជាតិចិន Wei Fenghe ជួបជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper នៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ រដ្ឋមន្រ្តីការពារជាតិចិន Wei Fenghe ជួបជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper នៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការ​បង្កើន​សកម្មភាព​ខ្លាំង​ខុស​ធម្មតា​របស់​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ខែ​មុន បាន​បង្ហាញ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ព្យាយាម​បង្រៀន​ប្រទេស​ចិន​នូវ​ក្បួន​ច្បាប់​មួយ​ចំនួន​សម្រាប់​ការ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ផ្លូវការ​មួយ​ចំនួន និង​ការ​លើក​ឡើង​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​នានា។

កាល​ពី​ពេល​ថ្មីៗ​នេះ ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​នាវា​ពីរ​គ្រឿង​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រទេស​ចិន​កំពុង​បង្កើន​ការ​ត្រួតត្រា​លើ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ប៉ុន្តែ​រង​ការ​ប្រឆាំង​ពី​រដ្ឋាភិបាល ៥ ផ្សេង​ទៀត បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ដែល​ផលិត​នៅ​ចិន​ផ្ទាល់​ជា​លើក​ដំបូង​បង្អស់​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​សម្រាប់​ធ្វើ​ការ​ស្រាវជ្រាវ និង​សាកល្បង។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចង់​បង្ហាញ​ប្រទេស​ចិន​ថា​ត្រូវតែ​ទុក​សមុទ្រ​បែប​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច និង​នយោបាយ​នេះ​ឲ្យ​នៅ​បើក​ចំហ ជាជាង​ព្យាយាម​វាត​ទី​សម្រាប់​ការ​ប្រើប្រាស់​ផ្ដាច់​មុខ​តែ​ខ្លួន​ឯង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​បញ្ជាការដ្ឋាន​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក និង​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា ទោះបីជា​អ្នក​ជំនាញ​មួយ​ចំនួន​យល់​ឃើញ​ថា កត្តា​ដែល​អាច​មាន​ជម្លោះ​ប្រដាប់​អាវុធ​នោះ​គឺ​មាន​តិចតួច​ក៏​ដោយ។

លោក Stephen Nagy សាស្ត្រាចារ្យ​ផ្នែក​នយោបាយ និង​ការ​សិក្សា​កិច្ចការ​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ Christian University នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន បាន​និយាយ​ថា៖ «ឥឡូវ​នេះ សហរដ្ឋ​អាមេរិក​កំពុង​ព្យាយាម​តម្រែតម្រង់ និង​កែប្រែ​ឥរិយាបថ​របស់​ចិន ហើយ​ការ​ធ្វើ​ដូច្នេះ​គឺ​ពិតជា​ពិបាក‍»។

លោក​បាន​បន្ថែម​ថា៖ «ការ​ដាក់​សម្ពាធ​ដ៏​ទូលំទូលាយ​នេះ​គឺ​ជា​មធ្យោបាយ​ដើម្បី​ចាប់ផ្ដើម​កែប្រែ​ឥរិយាបថ​របស់​ចិន នៅ​ក្នុង​វិធី​មួយ​ដែល​មិន​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ហួស​ពី​ការ​គ្រប់គ្រង​បាន​រហូត​ដល់​ក្លាយ​ទៅ​ជា​ជម្លោះ‍»។

ការ​កើន​ឡើង​នូវ​ការ​ដាក់​សម្ពាធ​យោធា​ជើង​ទឹក

នាវា​ដឹក​យន្តហោះ​របស់​ចិន​បាន​បើក​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ និង «ហ្វឹក​ហាត់​ជា​ប្រចាំ‍» នៅ​ក្នុង «ដែន​ទឹក​ដែល​ពាក់​ព័ន្ធ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង‍»។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ Xinhau ផ្លូវការ​របស់​ចិន​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា ដោយ​ស្រង់​សម្ដី​របស់​អ្នក​នាំ​ពាក្យ​យោធា​រំដោះ​ប្រជាជន​ចិន។

នាវា​ដឹក​យន្តហោះ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាស៊ី និង​ពី​សហរដ្ឋ​អាមេរិក ដោយសារតែ​វា​ជា​នាវា​ដឹក​យន្តហោះ​ទី​ពីរ​របស់​ចិន និង​ជា​នាវា​ដឹក​យន្តហោះ​លើក​ដំបូង​ដែល​ចិន​បាន​ផលិត​ឡើង​ដោយ​ខ្លួន​ឯង។ ប្រទេស​ចិន​កម្រ​ប្រកាស​ថា ខ្លួន​បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​ណាស់។

ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ខ្លួន​បាន​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ពីរ​គ្រឿង​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ថ្ងៃ​ទី ២០ និង​ទី ២១ ខែ​វិច្ឆិកា។ ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​ហៅ​បេសកកម្ម​ទាំង​ពីរ​នេះ​ថា​ជា «សេរីភាព​នៃ​ប្រតិបត្តិការ​នាវាចរណ៍» ប៉ុន្តែ មិន​បាន​បញ្ជាក់​លំអិត​អំពី​ថា​តើ​នាវា​ទាំង​ពីរ​គ្រឿង​នេះ​ធ្វើ​ប្រតិបត្តិការ​អ្វី​ខ្លះ​នោះ​ទេ។

នាវា USS Gabrielle Giffords ដែល​ជា​នាវា​ចម្បាំង​ប្រតិបត្តិការ​ក្បែរ​មាត់​សមុទ្រ បាន​ធ្វើ​ដំណើរ​ទៅ​ជិត​ថ្ម​ប៉ប្រះ​ទឹក Mischief Reef នៅ​ក្នុង​ប្រជុំ​កោះ Spratly។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេចក្ដី​ប្រកាស​នោះ។ ប្រទេស​ចិន​បាន​អភិវឌ្ឍ និង​គ្រប់គ្រង​ថ្ម​ប៉ប្រះ​ទឹក​នេះ​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់​ខ្លួន ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ដំឡើង​ប្រព័ន្ធ​យោធា​ផង​ដែរ។

នាវា​មួយ​គ្រឿង​ទៀត​របស់​សហរដ្ឋ​អាមេរិក គឺ​នាវា USS Wayne E. Meyer។ នាវា​ពិឃាដ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ជិត​ប្រជុំ​កោះ Paracel ដែល​ជា​បណ្ដុំ​កោះ​គ្រប់គ្រង​ដោយ​ចិន ប៉ុន្តែ​ការ​គ្រប់គ្រង​នេះ​ត្រូវ​បាន​ប្រឆាំង​ដោយ​ប្រទេស​វៀតណាម។

តាម​ធម្មតា ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បញ្ជូន​នាវា​ម្ដង​មួយ​គ្រឿង​ក្នុង​ចន្លោះ​ពេល​ប្រហែល​ជា​មួយ​ខែ​ម្ដង។

ក្រៅ​ពី​ប្រទេស​ចិន ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​កោះ​តៃវ៉ាន់​ទាមទារ​កាន់កាប់​ទាំង​ស្រុង ឬ​ក៏​មួយ​ផ្នែក​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ដែល​មាន​ទំហំ ៣ លាន ៥ សែន​គីឡូម៉ែត្រ​ការ៉េ លាត​សន្ធឹង​ពី​ទីក្រុង​ហុងកុង​ដល់​កោះ Borneo។ ពួកគេ​ផ្ដល់​តម្លៃ​ដល់​សមុទ្រ​នេះ ដោយសារតែ​វា​សំបូរ​ធនធាន​មច្ឆា ធនធាន​ធម្មជាតិ និង​ជា​ផ្លូវ​ដឹក​ជញ្ជូន​តាម​កប៉ាល់។

អន្តរជាតិ​បាន​ចាប់​អារម្មណ៍​លើ​ប្រទេស​ចិន​ក្នុង​រយៈពេល​មួយ​ទសវត្ស​កន្លង​មក​នេះ ដោយសារតែ​ចិន​មាន​កម្លាំង​យោធា​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ចំណោម​ភាគី​ជម្លោះ​ទាំង ៦ ហើយ​ចិន​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប​បំផុត ដូចជា​កន្លែង​ផ្ទុក​យន្តហោះ​ចម្បាំង​ជា​ដើម នៅ​លើ​កូន​កោះ​តូចៗ​រាប់​រយ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​យោង​លើ​តឹកតាង​ប្រវត្តិសាស្ត្រ​សម្រាប់​គាំទ្រ​ការ​ទាមទារ​កាន់កាប់​របស់​ខ្លួន​លើ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។

ការ​ព្យាយាម​បង្ហាញ​ឲ្យ​ចិន​ឃើញ​ពី​សេរីភាព​ធ្វើ​នាវាចរណ៍

កាល​ពី​ឆ្នាំ ២០១៦ រដ្ឋាភិបាល​ចិន​បាន​ច្រានចោល​ការ​សម្រេច​ប្រឆាំង​នឹង​ការ​ទាមទារ​របស់​ខ្លួន​របស់​តុលាការ​មួយ ដែល​បាន​បង្កើត​ក្រោម​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ពាក់ព័ន្ធ​នឹង​ការ​សម្រេច​នៃ​អាជ្ញា​កណ្ដាល​ពិភពលោក​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ស្នើ​ឲ្យ​ប្រទេស​ចិន​គោរព​តាម​ច្បាប់​ដែន​សមុទ្រ​អន្តរជាតិ។

បេសកកម្ម​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ចង់​បង្ហាញ​ថា ថ្ម​ប៉ប្រះ​ទឹក Mischief Reef មិន «ស្ថិត​ក្នុង​រង្វង់​ដែន​សមុទ្រ​របស់​ប្រទេស​ណា​មួយ‍» នៅ​ក្រោម​ច្បាប់​អន្តរជាតិ​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក។

សេចក្ដី​ប្រកាស​របស់​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ដដែល​នេះ​បាន​បញ្ជាក់​ថា ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រជុំ​កោះ Paracels រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចង់​បង្ហាញ​ថា «ច្បាប់​អន្តរជាតិ​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​នៃ​ទ្វីប​ណា​មួយ‍» ដូចជា ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​ជា​ដើម បង្កើត​មូលដ្ឋាន​នៅ​ជុំវិញ​ប្រជុំ​កោះ​ទាំង​មូល​នោះ​ទេ។

មន្ត្រី​អាមេរិកាំង​នឹង​តាមដាន​ប្រទេស​ចិន​ជា​បន្ត​ជាប់​រហូត​នៅ​តាម​សមុទ្រ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Andrew Yang អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​សិក្សា​គោល​នយោបាយ​ជាន់​ខ្ពស់​របស់​ចិន​នៅ​កោះ​តៃវ៉ាន់។

លោក​និយាយ​ដូច្នេះ​ថា៖ «វា​ជា​កិច្ច​ប្រឹងប្រែង​ជា​បន្ត​មួយ​ដើម្បី​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​សេរីភាព​នៃ​ប្រតិបត្តិការ​នាវាចរណ៍‍»។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ចិន​ប្រហែល​ជា​បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ដែល​ទើបតែ​ផលិត​ថ្មី​របស់​ខ្លួន​ទៅ​កាន់​សមុទ្រ ដើម្បី​ជា​ការ​សាកល្បង​ដំណើរការ​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​បង្ក​ហេតុ​ណា​មួយ​ទេ។

គ្មាន​នរណា​ម្នាក់​រំពឹង​ថា ប្រទេស​ចិន​នឹង​បញ្ឈប់​ការ​ទាមទារ​ដែន​សមុទ្រ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​នៅ​ទី​បំផុត ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​ប្រហែល​ជា​អាច​ឈាន​ទៅ​ដល់ «ការ​យល់ស្រប​គ្នា​លើ​ក្បួន​ច្បាប់​សម្រាប់​ប្រតិបត្តិការ‍» នៅ​ក្នុង​សមុទ្រ​ដែល​មាន​ជម្លោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Nagy.

លោក​បាន​ប្រៀបធៀប​លទ្ធផល​នោះ​ជាមួយ​នឹង​ការ​យល់ស្រប​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​កាលពី​សម័យ​សង្គ្រាម​ត្រជាក់។

អ្នកស្រី Rachel McMarr អ្នក​តំណាង​បញ្ជាការដ្ឋាន​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក បាន​ប្រាប់ VOA ថា៖ «ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើ​ការ​ហោះហើរ​យន្តហោះ បញ្ជូន​នាវា និង​ធ្វើ​ប្រតិបត្តិការ​នៅ​កន្លែង​ណា​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត និង​បង្ហាញ​ការ​តាំង​ចិត្ត​តាម​រយៈ​វត្តមាន​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​កន្លែង​ផ្សេងៗ​ទៀត‍»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG