បេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិកដែលគេសន្មតថានឹងទទួលបានការតែងតាំងពីគណបក្ស បានប្រើប្រាស់ពាក្យប្រមាថនៅក្នុងការប្រជុំអ្នកគាំទ្រមួយនៅរដ្ឋតិចសាស កាលពីយប់ថ្ងៃសុក្រ ដើម្បីពណ៌នាខ្មាន់កាំភ្លើងឈ្មោះ Omar Mateen ដែលបានបើកការបាញ់ប្រហារនៅឯក្លឹបរាត្រីមួយក្នុងទីក្រុង Orlando រដ្ឋ Florida។ ហេតុការណ៍បាញ់ប្រហារនោះបានបណ្តាលឲ្យមនុស្ស៤៩ស្លាប់និងរបួសជាច្រើននាក់ទៀត។
លោក Donald Trump ក៏បានថ្លែងប្រាប់ដល់ហ្វូងអ្នកគាំទ្រលោកថា លទ្ធផលនៃហេតុការណ៍នោះនឹងខុសពីនេះប្រសិនបើអ្នកយាមកាមមានប្រដាប់ដោយអាវុធនោះ។
លោកបាននិយាយយ៉ាងដូច្នេះថា «ប្រសិនបើមនុស្សទាំងនោះមានកាំភ្លើងនៅជាប់ចង្កេះឬកជើងរបស់ពួកគេ ហើយមនុស្សចង្រៃម្នាក់នោះលេចមុខមកនិងចាប់ផ្តើមបាញ់ប្រហារ នោះម្នាក់ក្នុងចំណោមពួកគេទាំងនោះដែលមានកាំភ្លើងនឹងអាចធ្វើការបាញ់ប្រហារតបទៅវិញ។ ប្រសិនបើដូច្នេះមែន ទិដ្ឋភាពនោះប្រាកដជាមានភាពអស្ចារ្យខ្លាំងណាស់។»
លោក Trump ក៏បានរិះគន់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលបានស្នើឲ្យមានការដាក់កម្រិតទៅលើការប្រើប្រាស់កាំភ្លើង បន្ទាប់ពីមានការសម្លាប់រង្គាលនៅទីក្រុង Orlando រួចមក។ លោក Trump បាននិយាយថា «លោកប្រធានាធិបតីអូបាម៉ា កំពុងតែព្យាយាមធ្វើឲ្យអំពើភេរវកម្មទៅជារឿងកាំភ្លើង។ វាមិនមែនជារឿងកាំភ្លើងទេ។ មិនមែនទេ។ តាមពិតវាជាការពង្វក់។ វាជាការស្អប់។ វាជាការស្អប់ខ្ពើមដ៏ជ្រាលជ្រៅ។»
លោក Trump ក៏បានដៀមដាមគូប្រជែងខាងគណបក្សប្រជាធិបតេយ្យផងដែរ។ លោកបានថ្លែងប្រាប់អ្នកគាំទ្ររបស់លោកថា លោកស្រី Hillary Clinton ចង់អនុញ្ញាតឲ្យជនភៀសខ្លួនចូលមកកាន់សហរដ្ឋអាមេរិកពីបណ្តាប្រទេសដែលចង់សម្លាប់បុរសស្រឡាញ់ភេទដូចគ្នា ហើយពួកគេយកស្រ្តីធ្វើជាទាសករ ចំណែកឯលោកស្រី Hillary Clinton ចង់ឲ្យពួកគេចូលមកក្នុងសហរដ្ឋអាមេរិក។
មេដឹកនាំខាងគណបក្សសាធារណរដ្ឋមួយចំនួនបានលើកទឹកចិត្តឲ្យលោក Trump បន្ធូរបន្ថយការប្រើប្រាស់វោហារស័ព្ទស្អប់ខ្ពើមរបស់ខ្លួន ប៉ុន្តែលោក Trump បានបដិសេធយ៉ាងដាច់អហង្ការ៕