ខ្មាន់កាំភ្លើងនៅទីក្រុង Orlandoឈ្មោះ Omar Mateen ដែលដើមឡើយបាននិយាយជាភាសាអារ៉ាប់ដោយប្រកាសថា ខ្លួនគឺជា «ទាហានឥស្លាម» ក្នុងអំឡុងពេលនិយាយតាមទូរស័ព្ទជាមួយនឹងប៉ូលិសសង្រ្គោះបន្ទាន់ ខណៈដែលខ្លួនបានសម្លាប់មនុស្សអស់ចំនួន៤៩នាក់។ នេះបើយោងតាមអត្ថបទដកស្រង់ពីទូរស័ព្ទដែលប៉ូលិស FBI បានចេញផ្សាយកាលពីថ្ងៃច័ន្ទ។
«ខ្ញុំនៅទីក្រុង Orlando ហើយខ្ញុំបានធ្វើការបាញ់ប្រហារ» នេះជាសម្តីដែលជនសង្ស័យរូបនេះបាននិយាយទៅកាន់ប៉ូលិសតាមលេខទូរស័ព្ទសង្គ្រោះបន្ទាន់ ៩១១ ពីក្លឹបរាត្រី Pulse កាលពីព្រឹកថ្ងៃទី១២ខែមិថុនា។ ការចេញផ្សាយអត្ថបទដកស្រង់ពីទូរស័ព្ទនេះបានផ្តល់ព័ត៌មានលម្អិតថ្មីៗមួយចំនួនពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ។
ដំបូងឡើយអត្ថបទដកស្រង់ពីទូរស័ព្ទនេះត្រូវបានគេកែសម្រួលដើម្បីដកចេញនូវសម្តីរបស់ Mateen ដែលបានសន្យាភក្តីភាពដល់ក្រុមរដ្ឋឥស្លាម និង Abu Bakr al-Baghdadi ដែលជាមេដឹកនាំរបស់ក្រុមនេះ។ ក្រសួងយុត្តិធម៌បានចេញសេចក្តីថ្លែងការណ៍មួយខណៈពេលដែលចេញផ្សាយអត្ថបទដកស្រង់ពីទូរស័ព្ទទាំងស្រុងនេះថា ខ្លួនព្យាយាមធ្វើឲ្យមានតម្លាភាព ខណៈពេលដែលក្រុមគ្រួសាររបស់ជនរងគ្រោះនៅតែឈឺចាប់និងមិនបានប្រកាសជាសាធារណៈសម្រាប់ក្រុមភេរវកម្មណាមួយឡើយ។
«ខ្ញុំប្តេជ្ញាចិត្តថានឹងស្មោះស្ម័គ្រចំពោះ Abu Bakr al-Baghdadi។ សូមឲ្យព្រះជាម្ចាស់ការពារលោក ជំនួសឲ្យក្រុមរដ្ឋឥស្លាម។» នេះគឺជាអត្ថបទដកស្រង់ដែលបានកែសម្រួលរួចហើយ ដែលជនសង្ស័យបានទូរស័ព្ទទៅកាន់ប៉ូលិសសង្គ្រោះបន្ទាន់លេខ ៩១១ ហើយអាជ្ញាធរនិយាយថា ការនិយាយតាមទូរស័ព្ទនោះមានរយៈពេល៥០វិនាទី។
លោកប្រធានសភា Paul Ryan បានរិះគន់ចំពោះការចេញផ្សាយតែអត្ថបទដកស្រង់ដែលកែសម្រួលរួចហើយ។
លោក Ryan បាននិយាយយ៉ាងដូច្នេះថា «ការព្យាយាមកែសម្រួលអត្ថបទដកស្រង់ពីទូរស័ព្ទ ឆ្លុះបញ្ចាំងពីបញ្ហាកាន់តែធំនិងធ្ងន់ធ្ងរជាងមុន។ រដ្ឋបាលនេះនៅតែបន្តនិយាយបន្ធូរបន្ថយស្ថានការណ៍និងបង្វែរការផ្តោតអារម្មណ៍ចេញពីការគំរាមកំហែងរបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាម។ ទង្វើនេះមិនអាចទទួលយកបាននោះទេ។ ដើម្បីបំបាត់អំពើភេរវកម្ម យើងត្រូវតែទទួលបានព័ត៌មានច្បាស់លាស់មើលអំពីអ្នកដែលយើងកំពុងតែប្រយុទ្ធជាមួយ»៕