ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ មាជ សុវណ្ណារ៉ា ខក​ចិត្ត​ចំពោះ​លោក​ហ៊ុន សែន​ដែល​ពន្យារ​ពេល​ការ​ចរចា​នយោបាយ


លោក មា​ជ​ សុ​វ​ណ្ណា​រ៉ា​ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​គណបក្ស​​សង្គ្រោះជាតិ​៤​រូប​ផ្សេងទៀត ត្រូវ​បាន​បណ្តើរ​ចេញ​ពី​សាលសវនា​ការ​តុលាការ​កំពូល​ នៅ​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៧។
លោក មា​ជ​ សុ​វ​ណ្ណា​រ៉ា​ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​គណបក្ស​​សង្គ្រោះជាតិ​៤​រូប​ផ្សេងទៀត ត្រូវ​បាន​បណ្តើរ​ចេញ​ពី​សាលសវនា​ការ​តុលាការ​កំពូល​ នៅ​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៧។

លោក មាជ សុវណ្ណារ៉ា​ ស្រែក​ថា លោក ហ៊ុន សែន ជា​អ្នក​នយោបាយ​ដែល​ប្រមូល​ផ្តុំ​​អំណាច​ ធ្វើ​ឲ្យ​តុលាការ​មិន​ហ៊ាន​សម្រេច​សេចក្តី​ដោយ​យុត្តិធម៌។​​

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ តុលាការ​កំពូល​បាន​បើក​សវនាការ​លើ​បណ្តឹង​សុំ​មោឃភាព​នីតិវិធីរបស់​លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៤​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​តុលាការ​ជាន់​ទាប​កាត់​ក្តី​ដោយ​គ្មាន​ការ​ចូល​រួម​ពី​មេធាវី​របស់​ពួកគេ។​ មុន​ត្រូវ​បាន​បណ្តើរ​ចូល​សាល​សវនាការ លោក មាជ សុវណ្ណារ៉ា​ ស្រែក​ថា លោក ហ៊ុន សែន ជា​អ្នក​នយោបាយ​ដែល​ប្រមូល​ផ្តុំអំណាច​ ធ្វើ​ឲ្យ​តុលាការ​មិន​ហ៊ាន​សម្រេច​សេចក្តី​ដោយ​យុត្តិធម៌។

លោក​ មាជ​ សុវណ្ណារ៉ា​ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងស្ថិត​ក្នុង​បទ​ចោទ​មួយប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេ​ល​២០​ឆ្នាំ​ បាន​លើក​ឡើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ក្តោប​ក្តាប់​អំណាច​ធំៗ​ទាំង​៣​នៅ​ក្នុង​ដៃ​ ដូច្នេះ​លោក​មិន​រំពឹង​ថា តុលាការអាច​អនុវត្ត​ច្បាប់​ដើម្បី​ផ្តល់​យុត្តិ​ធម៌​ឲ្យលោក​បាន​ទេ។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ តុលាការ​កំពូល​បាន​បើក​សវនាការ​លើ​បណ្តឹង​របស់​លោក​ មាជ​ សុវណ្ណារ៉ា​ មន្ត្រី​គណបក្សសង្គ្រោះ​ជាតិ​ និង​សកម្មជន៤​នាក់​ផ្សេង​ទៀត រួម​មាន​លោក​ អ៊ុក ពេជ្រសំណាង លោក សាន សីហៈ លោក អាន បឋម និង​លោក ទេព ណារិន។ សកម្មជន​បក្ស​ប្រឆាំង​ទាំង​៥​រូប​ បាន​ប្តឹង​សុំ​មោឃភាព​នីតិវិធីរបស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​សម្រេចដាក់​ទោស​ពួក​គេឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពី​៧​ទៅ ​២០​ឆ្នាំ ដោយ​គ្មាន​មេធាវីការពារ​ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ចូលរួម​ និង​ធ្វើ​កុប្បកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដើម្បី​រំដោះ​ទី​លាន​ប្រជាធិបតេយ្យ​ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤។

​មុន​នឹង​ត្រូវ​សមត្ថកិច្ចបណ្តើរ​ចូល​ក្នុង​សាល​សវនាការ​តុលាការ​កំពូល លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ទាំង​ដៃ​កំពុង​ជាប់​ខ្នោះ​ថា គម្រោង​នៃ​ការ​ចរចា​នយោបាយ​រវាង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច​ដែល​ជាដំណោះស្រាយ​តែមួយ​គត់​ក្នុង​ការ​ដោះលែង​ពួកគេ ត្រូវ​បាន​លោក ហ៊ុន សែន លើក​ពេល​ស្រេច​តែ​ចិត្ត។ លោក​បន្ថែម​ថា លោក ហ៊ុន សែន បានក្រឡាស់​សម្តី​ក្នុង​ការគាំទ្រ​វប្បធម៌​សន្ទនា​ ​ហើយ​លោក​ចាត់ទុក​ថា​ លោក ហ៊ុន សែន គ្មានភាពស្មោះ​ត្រង់​ក្នុង​ការ​ចរចា​រឿង​នយោបាយ។

មន្រ្តី​គណបក្ស​ប្រឆាំង​ដែល​មាន​សញ្ជាតិ​អាមេរិកាំងរូប​នេះបន្ថែម​ថា បទ​ចោទ​ដែល​តុលាការ​ចោទ​ប្រកាន់​លោក​និង​សកម្មជន​ផ្សេង​ទៀត គឺ​ជា​រឿង​នយោបាយ ដូច្នេះ​មាន​តែ​ការ​ដោះស្រាយ​ផ្នែក​នយោបាយ​ ទើប​អាច​មាន​សង្ឃឹម​ថា​ តុលាការដោះ​លែង​ពួក​លោក​ឲ្យ​មាន​សេរីភាពមក​វិញ។

លោក​ មាជ​ សុវណ្ណារ៉ា​ បញ្ជាក់​ថា៖

«ការ​មក​តុលាការ​ថ្ងៃ​នេះ​ គ្រាន់​តែបំពេញ​បង្រ្គប់​កិច្ច​នីតិវិធី​ច្បាប់​ពី​ដំបូង​ ពី​ឧទ្ធរណ៍ កំពូល​អី​ទេ ប៉ុន្តែ​ឲ្យ​ជឿ​ជាក់​គឺ​ថា ​រឿង​នយោបាយ​ត្រូវ​ដោះ​ដោយ​នយោបាយ។ ហើយ​ពីរ​បី​ថ្ងៃ​នេះ គឺ​ថា​លោក ហ៊ុន សែន លោក ស ខេង ហាក់​ដូច​ជា​មិន​ស៊ី​ខ្សែ​គ្នា ​អារឿង​ជំនួប​កំពូល​រឿង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ហ្នឹង​ សរសេរ​ជួប​ថ្ងៃ​២៥ ខែ​មករា ថ្ងៃទី​១៧ ហើយ​ថ្ងៃទី​១៧ លុប​ចោល​វិញ​ គឺ​ថា​អំណាច​នីតិបញ្ញត្តិ នីតិប្រតិបត្តិ អំណាច​តុលាការហ្នឹង ​នៅ​លើ​ ហ៊ុន សែន តែ​ម្នាក់​ឯង»។

ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​ប្រឆាំង​គ្រោង​ជួប​ចរចា​គ្នា​នៅ​ថ្ងៃទី​២៥ ខែ​មករា ខាង​មុខ​ ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​លើក​ពេល​វិញ​ បន្ទាប់​ពី​លោក ហ៊ុន សែន ព្រមានពី​ក្រៅ​ប្រទេស​មក​ថា ​លោកលែង​ចង់​ជួប​ចរចា​ជា​មួយ​បក្ស​ប្រឆាំង។ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​លែង​ចង់​ជួប​ជាមួយ​បក្ស​ប្រឆាំង ​ដោយ​សារពួកគេ​តែង​ប៉ុន​ប៉ងប្រើប្រាស់​ការ​ចរចា​នេះ ឲ្យ​ដោះ​លែង​មនុស្ស​មួយ​ចំនួន ដែល​លោក ហ៊ុន សែន ថា​ជា​ការ​បំពាន​ដល់​អំណាច​តុលាការ។

VOA មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និង​លោក សួស យ៉ារ៉ា ព្រម​ទាំង​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាន​ទេ។

លោក អំ សំអាត មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ ​លីកាដូ ប្រាប់ VOA ​ថា កន្លង​មក​រាល់​ការ​ចាប់​ឃុំ​ខ្លួន និង​ដោះ​លែង​សកម្មជន​គណបក្ស​ប្រឆាំង ឬសកម្មជនការពារ​សិទ្ធិ​ផ្សេងៗ​ តែងកើត​មាន​ឡើង​ពាក់ព័ន្ធ​នឹង​ស្ថានភាពនយោបាយ។ លោក​បន្ត​ថា​ សកម្មជន​ទាំង​នោះ​នឹង​ត្រូវ​បាន​ដោះលែង​ ប្រសិន​បើ​លទ្ធផល​នៃ​ការ​ចរចា​របស់​អ្នក​នយោបាយ​មាន​ភាព​វិជ្ជមាន។

លោក អំ សំអាត ​មាន​ប្រសាសន៍​ថា៖​

«ប្រជាពលរដ្ឋ​ទូទៅ សហគមន៍​ជាតិ និង​អន្តរជាតិ គេ​មើល​ឃើញ​អញ្ចឹង​ថា ស្ថានភាព​នយោបាយ​ជាប់​គាំង ឬ​ក៏​តានតឹង​ហ្នឹង គឺ​សកម្មជន​គណបក្ស​នយោបាយ សកម្មជន​ការពារសិទ្ធិ​មនុស្ស សកម្មជន​ដី​ធ្លី​អី​ហ្នឹង​គឺមិន​ត្រូវ​បាន​ដោះលែង​ទេ។ នៅ​ពេល​ដែល​ស្ថានភាព​នយោបាយ​ចរចា​ត្រូវរ៉ូវ​គ្នា​ទៅ ឃើញ​ថា អ្នក​ទាំង​អស់​ហ្នឹង​ភាគ​ច្រើន​ត្រូវ​បាន​ដោះលែង»។

លោក អំ សំអាត បន្ថែម​ថា​ ប្រសិន​បើ​អំណាច​ធំៗ​ទាំង​៣ ដែល​រួមមាន​អំណាច​នីតិបញ្ញត្តិ​ អំណាច​នីតិ​ប្រតិបត្តិ និង​អំណាច​តុលាការ ស្ថិត​ក្នុង​ដៃ​មនុស្ស​តែ​ម្នាក់​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ប៉ះពាល់​ដល់​ការ​ទទួល​បាន​យុត្តិធម៌​ក្នុង​សង្គម។

លោក​បញ្ជាក់​ថា៖

«បើ​សិន​ជា​ប្រទេស​ណា​មួយ​ដែល​អំណាច​តុលាការ​ហ្នឹង​មិន​ឯករាជ្យ​ទេ អាហ្នឹង​ឃើញ​ថា​ វា​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​ការ​ផ្តល់​យុត្តិធម៌ និង​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ ហើយ​ក៏​វា​ធ្វើ​ឲ្យ​បាត់​ជំនឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ ហើយ​តុលាការ​ហ្នឹង​ក្លាយ​ទៅ​ជា​ឧបករណ៍​នៃ​អ្នក​នយោបាយ​ក្នុង​ការប្រើ​ប្រាស់ទៀត»។

ថ្លែង​ក្នុង​សាល​សវនាការ​នាព្រឹក​នេះ លោក មាជ សុវណ្ណារ៉ា ​និង​សកម្មជនបក្ស​ប្រឆាំង​ទាំង​៤​នាក់​ ​ បាន​ស្នើ​ឲ្យ​តុលាការប្រើ​ប្រាស់​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេច​ក្តី​ប្រកប​ដោយ​ភាព​យុត្តិធម៌​ និង​ឯករាជ្យ​ ជៀស​វាង​ការ​កាត់​ក្តី​ដោយ​រង​គំនាប​ពី​អ្នក​នយោបាយ។

ក្រោយ​សវនាការ​ដោយ​មាន​ការ​ទាញ​សេចក្តី​សន្និដ្ឋាន​ពី​ព្រះរាជអាជ្ញា និង​មេធាវី​របស់​សកម្មជន​ទាំង​៥​រូប​ អស់រយៈពេល​ជិត​២ម៉ោង ប្រធាន​ក្រុម​ប្រឹក្សាជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល​ សម្រេច​លើក​ពេល​ប្រកាសសាល​ដីកា​ទៅ​ព្រឹកថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៧៕

XS
SM
MD
LG