ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នឹងដោះស្រាយវិវាទដីធ្លី ដល់ពលរដ្ឋចំនួនជាង៥០០គ្រួសារ ដែលមានទំនាស់ជាមួយក្រុមហ៊ុនផានអ៊ីមិចរបស់លោកស្រី ស៊ុយ សុផាន។ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលត្រូវបានផ្ញើជូន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ កាលពីថ្ងៃព្រហស្បតិ៍។
លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានសរសេរថា៖ «... រាជរដ្ឋាភិបាលបានយល់ព្រមដូចខាងក្រោម៖ ១. តម្រូវឲ្យលោកស្រី ស៊ុយ សុផាន ចូលរួមដោះស្រាយជាមួយប្រជាពលរដ្ឋ និងជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដោយសុឆន្ទៈ បញ្ចប់វិវាទ និងស្មារតីទទួលខុសត្រូវ។ ២. រដ្ឋបាលសុរិយោដី ផ្អាកការចុះបញ្ជី ឬផ្ទេរផ្ទូរដី ដែលមិនទាន់ដោះស្រាយរួច ចៀសវាងធ្វើឲ្យវិវាទកាន់តែរីករាលតទៅទៀត»។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បញ្ជាក់ប្រាប់ VOA ថា ក្រសួងរៀបចំដែនដី នឹងចាប់ផ្ដើមដោះស្រាយវិវាទដីធ្លីនេះនាសប្ដាហ៍ក្រោយ។
«ធម្មតា គាត់ត្រូវតែចូលរួមដោះស្រាយហើយ ព្រោះគាត់ត្រូវការការពារអ្វីដែលគាត់មានជាឯកសារ រឹងមាំរបស់គាត់។ ហើយប្រជាពលរដ្ឋ គាត់មានឯកសាររបស់គាត់ដែរ ត្រូវយកមកដែរ ពិនិត្យមើលជាមួយគ្នា។ ក្រុមការងារដែលដោះស្រាយ នឹងត្រូវជួបគ្នារវាងប្រជាពលរដ្ឋ និងគាត់ហើយ ដើម្បីពិនិត្យឯកសារ ដើម្បីមើលដី វិវាទហ្នឹងយ៉ាងម៉េច រកខុស រកត្រូវ»។
លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីមិច ត្រូវបានគេស្គាល់ថាជាអ្នកជំនួញដ៏មានឥទ្ធិពលមួយរូប ដែលស្និទ្ធស្នាលនឹងគណបក្សប្រជាជនដ៏មានអំណាច។
ក្រុមប្រជាពលរដ្ឋដែលរងការបណ្ដេញចេញដោយបង្ខំទាំងនោះ បានធ្វើការតវ៉ាជាបន្តបន្ទាប់ ដើម្បីស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធជួយធ្វើអន្តរាគមន៍ ប៉ុន្តែពុំទទួលបានដំណោះស្រាយសមស្របនៅឡើយទេ។
បញ្ជីករណីវិវាទដីធ្លីរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យដឹងថា ក្រសួងនេះ នឹងដោះស្រាយវិវាទដីធ្លី រវាងលោកស្រី ស៊ុយ សុផាន និងប្រជាពលរដ្ឋ ចំនួន៥៥៤គ្រួសារ ដែលស្ថិតនៅក្នុងខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ និងស្រុកពញាឮ ខេត្តកណ្ដាល។
បញ្ជីដដែលបន្ថែមថា ប្រជាពលរដ្ឋ ចំនួន៥៥៤គ្រួសារនេះ បានដាក់ពាក្យប្ដឹងមកកាន់ក្រសួងដែនដី ដោយអះអាងថា ក្រុមហ៊ុនផានអ៊ីម៉ិច បានរំលោភកាត់ផ្ដាច់ផ្លូវសាធារណៈ រំលោភយកដីធ្លីពលរដ្ឋ រំលោភយកបឹងធម្មជាតិធ្វើជាកម្មសិទ្ធិ ប្រើគ្រឿងចក្រឈូសបំផ្លាញដី សាងសង់សំណង់ទាំងបំពាន ឃុបឃិតគ្នាជាប្រព័ន្ធ លួចធ្វើប័ណ្ណកម្មសិទ្ធិ និងក្លែងបន្លំឯកសារដីធ្លីជាដើម។
VOA បានព្យាយាមទាក់ទងលោកស្រី ស៊ុយ សុផាន ដើម្បីស្នើសុំការអត្ថាធិប្បាយជុំវិញរឿងនេះ ប៉ុន្តែមិនទាន់ទាក់ទងលោកស្រីបានទេ ត្រឹមថ្ងៃសុក្រនេះ។
យ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងអង្កេត គាំទ្រវិធានការរបស់ក្រសួងដែនដីនគរូបនីយកម្ម ក្នុងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសនៅពេលដែលភាគីម្ខាងនៃជម្លោះ គឺជាបុគ្គលដែលមានអំណាចទឹកប្រាក់។
«យើងដឹងហើយថា បញ្ហាវិវាទដីធ្លីដែលដោះស្រាយមិនចេះចប់ មិនចេះហើយហ្នឹង គឺច្រើនរវាងប្រជាពលរដ្ឋ និងអ្នកដែលមានលុយ មានអំណាច។ ឥឡូវបើក្រសួងដែនដីហ្នឹង លោកធ្វើកិច្ចការហ្នឹង ខ្ញុំសាទរ គាំទ្រ»។
ទោះជាយ៉ាងណាក៏ដោយ លោកថា ការដោះស្រាយវិវាទដីធ្លីនៅទូទាំងផ្ទៃប្រទេសកម្ពុជា គឺជាសមត្ថកិច្ចរបស់ក្រសួងដែនដីនគរូបនីយកម្ម ដោយមិនចាំបាច់មានការអនុញ្ញាតពីទីស្ដីការគណៈរដ្ឋមន្ត្រីនោះឡើយ។
លោក សៀ ភិរម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋាន បង្ហាញការសាទរ ចំពោះចំណាត់ការរបស់រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាដីធ្លីរ៉ាំរ៉ៃនេះ។
លោកថា ការដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជូនប្រជាពលរដ្ឋ គឺជាវិញ្ញាសាសំខាន់មួយចំពោះប្រជាប្រិយភាពរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជននៅក្នុងការបោះឆ្នោតដែលកាន់តែខិតជិតមកដល់។
លោកបន្តថាអ្នកបោះឆ្នោត មានភាពឈ្លាសវៃជាងមុនក្នុងការសម្រេចចិត្តជ្រើសរើសអ្នកដឹកនាំ តាមរយៈសន្លឹកឆ្នោតរបស់គេ។
«ការបោះឆ្នោតឃុំ សង្កាត់ ខែមិថុនា ឆ្នាំ២០១៧នេះ កាន់តែខិតជិតមកដល់ហើយ ចឹងបើសិនជានៅតែត្រេតត្រត ដោះស្រាយរឿងហ្នឹងអូសពេលទៀតទេ គឺចៅសង្កាត់ ឬមេឃុំរបស់គណបក្សកាន់អំណាចអី នឹងអាចមានការប៉ះពាល់ ប្រជាពលរដ្ឋលែងទុកចិត្ត លែងគាំទ្រអីចឹង»។
លោក សៀ ភិរម្យ កត់សម្គាល់ឃើញសញ្ញាវិជ្ជមាន នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលរដ្ឋាភិបាលបានប្ដេជ្ញាដោះស្រាយបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃនេះ ក៏ប៉ុន្តែ លោកថា ការអនុវត្តជាក់ស្ដែង ហាក់មានភាពយឺតយ៉ាវនៅឡើយ៕