អង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនបានស្នើសុំឱ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការស៊ើបអង្កេតលើអ្នកការពារសិទ្ធិមនុស្សកម្ពុជា គឺលោក អំ សំអាត និងលោកចាន់ ពុទ្ធិស័ក្តជាបន្ទាន់។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃអង្គារ ក្រុមអង្គការលើកលែងទោសអន្តរជាតិ(Amnesty International) អ្នកការពារសិទ្ធិជនស៊ីវិល (Civil Rights Defenders) គណៈកម្មាធិការក្រុមអ្នកច្បាប់អន្តរជាតិអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចាត់ទុកថា នេះគឺជាសំណុំរឿងដែលមានលក្ខណៈនយោបាយដែលមានចេតនាបំភិតបំភ័យអ្នកការពារសិទ្ធិមនុស្ស។
លោកស្រី ចម្ប៉ា ប៉ាថែល នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកនៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty International)បានបញ្ជាក់ថា៖
«ការស៊ើបអង្កេតលើលោកសំអាតនិងលោកពុទ្ធិស័ក្តដោយអាជ្ញាធរកម្ពុជាគឺជាការមិនគួរឱ្យជឿទាល់តែសោះហើយវាគឺជាករណីជាក់ស្តែងនៃការយាយីខាងផ្លូវតុលាការ។ តាមធម្មតាការប្រើប្រាស់កម្លាំងជ្រុលហួសមិនចាំបាច់ដោយកងកម្លាំងសន្តិសុខគឺមិនដែលទទួលការដាក់ទោសអ្វីទេហើយអ្នកដែលលើកកម្ពស់និងការពារសិទ្ធិមនុស្សតែងតែប្រឈមនឹងដំណើរការរឿងក្តីព្រហ្មទណ្ឌនៅតុលាការ»។
សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ និងលោក ចាន់ ពុទ្ធិស័ក្ត សកម្មជនការពារសិទ្ធិលំនៅដ្ឋាន នៅតំបន់បឹងកក់ ឲ្យចូលខ្លួននៅថ្ងៃពុធនេះក្នុងនាមជាជនសង្ស័យ ពាក់ព័ន្ធនឹងអំពើហិង្សា ដែលបានកើតឡើងកាលពីថ្ងៃ១០ ខែតុលា ឆ្នាំ២០១៦។
លោកហ្វៀល រ៉ូប៊ឺតសុន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ីបានបញ្ជាក់ថា៖
«សំណុំរឿងប្រឆាំងនឹងលោកសំអាតនិងលោកពុទ្ធិស័ក្តគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងធំរបស់អាជ្ញាធរកម្ពុជាដើម្បីទម្លាក់តម្លៃនៃការងារស្របច្បាប់របស់អង្គការសិទ្ធិមនុស្សនិងបង្ហាញពីការគំរាមកំហែងដាក់គុកយ៉ាងច្បាស់ដល់អ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេស។
លោកបានបន្ថែមថាយុទ្ធនាការគំរាមកំហែងនេះត្រូវតែបញ្ឈប់ជាបន្ទាន់។
លោក អំ សំអាត និងលោកចាន់ ពុទ្ធិស័ក្តរងការវាយដំពីកងសន្តិសុខមួយក្រុមក្នុងពេលដែលលោកតាមឃ្លាំមើលការប្រារព្ធទិវាសិទ្ធិមនុស្សក្នុងទីក្រុងភ្នំពេញ។ នេះបើតាមសាក្សីនិងវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម។
លោក ឃីងលី អាបុត (Kingsley Abbott) ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់នៃគណៈកម្មាធិការក្រុមអ្នកច្បាប់អន្តរជាតិបានបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាគួរតែសរសើរដល់ការងាររបស់លោកសំអាតនិងលោកពុទ្ធិស័ក្តហើយ «សំណុំរឿងនេះត្រូវតែបញ្ចប់ជាផ្លូវការនិងជាបន្ទាន់និងត្រូវមានការស៊ើបអង្កេតដោយពិតប្រាកដពាក់ព័ន្ធនឹងការប្រើកម្លាំងជ្រុលហួសរបស់ក្រុមសន្តិសុខ»៕