លោក Trump បានសរសេរនៅលើ Twitter កាលពីថ្ងៃទី ១៣ ខែកុម្ភៈកន្លងទៅនេះថា៖ «គណបក្សសាធារណរដ្ឋចង់ចរចា ហើយគណបក្សប្រជាធិបតេយ្យក៏បញ្ជាក់ផងដែរថា ពួកគេចង់ចរចា។ វាជាការប្រសើរណាស់ប្រសិនបើនៅទីបំផុតយើងអាចដោះស្រាយបញ្ហា DACA បានក្រោយពីចំណាយ ពេលអស់ជាច្រើនឆ្នាំកន្លងមកនេះ»។ លោក Trump សរសេរដូច្នេះចង់សំដៅទៅលើកម្មវិធីសកម្មភាពផ្អាកការបញ្ជូនចេញពីសហរដ្ឋអាមេរិកនូវជនអន្តោប្រវេសន៍ដែលចូលមកក្នុងសហរដ្ឋអាមេរិកខុសច្បាប់តាំងពីនៅកុមារដែលហៅកាត់ថា DACA។
កាលពីឆ្នាំមុន លោក Trump បានបញ្ចប់កម្មវិធី DACA នេះ ដែលនេះជាកម្មវិធីមួយការពារបណ្ដោះអាសន្នចំពោះជនអន្តោប្រវេសន៍វ័យក្មេងពីការបញ្ជូនចេញពីសហរដ្ឋអាមេរិក និងទុកពេលឲ្យសភារហូតដល់ថ្ងៃទី ៥ ខែមិនា ដើម្បីអនុម័តច្បាប់ដោះស្រាយបញ្ហាឋានៈស្របច្បាប់របស់ពួកគេ។
ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេង ៩៧ លើ ១ សំឡេង កាលពីយប់ថ្ងៃទី ១២ ខែកុម្ភៈកន្លងទៅនេះ ដើម្បីចាប់ផ្ដើមជជែកដេញដោលដ៏ទូលំទូលាយមួយចំពោះការកែទម្រង់បញ្ហាអន្តោប្រវេសន៍ ស្របពេលដែលមានការខ្វែងគំនិតគ្នារវាងគណបក្សទាំងពីរទាក់ទិននឹងទំហំ និងខ្លឹមសារនៃអ្វីដែលសមាជិកសភានានាសង្ឃឹមថានឹងឃើញនៅក្នុងកម្រងច្បាប់ចុងក្រោយ។
លោក Mitch McConnell សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Kentucky និងជាមេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភា បានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ព្រឹទ្ធសភាអាចចាប់យកឱកាសនេះដើម្បីសម្រេចឲ្យបាននូវការវិវឌ្ឍដ៏ពិតប្រាកដមួយ»។
លោក Trump បានស្នើផ្ដល់ឲ្យអ្នកដែលទទួលបានផលប្រយោជន៍ពីកម្មវិធី DACA នូវវិថីឆ្ពោះទៅកាន់ការទទួលបានសញ្ជាតិអាមេរិកាំង ដែលនេះជាអ្វីដែលគាំទ្រដោយសមាជិកសភាភាគច្រើនបំផុតមកពីគណបក្សនយោបាយទាំងពីរ។ ប៉ុន្តែលោក Trump ក៏បានទទូចផងដែរឲ្យមានការសាងសង់ជញ្ជាំងនៅតាមបណ្ដោយព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក កាត់បន្ថយចំនួនជនអន្តោប្រវេសន៍ស្របច្បាប់ដែលសហរដ្ឋអាមេរិកទទួលយក និងផ្ដល់អាទិភាពដល់អ្នកណាដែលមានជំនាញការងារជឿនលឿនឲ្យចូលក្នុងសហរដ្ឋអាមេរិក។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋបានបង្ហាញនូវសំណើច្បាប់មួយដែលហៅថាច្បាប់ពង្រឹងនិងការពារព្រំដែន (Secure and Succeed Act) ដែលរៀបរាប់អំពីគោលនយោបាយរបស់សេតវិមានសម្រាប់បញ្ហាអន្តោប្រវេសន៍។
លោក Mitch McConnell បាននិយាយថា៖ «ខ្ញុំគាំទ្រសំណើរបស់លោកប្រធានាធិបតី Donald Trump និងសំណើរបស់គណបក្សសាធារណរដ្ឋដើម្បីអនុវត្តវា។ ច្បាប់ពង្រឹងនិងការពារព្រំដែននេះមានភាពយុត្តិធម៌ ដោយផ្ដោតលើការព្រួយបារម្ភសំខាន់ៗបំផុតរបស់គណបក្សទាំងពីរស្របទៅតាមលក្ខខណ្ឌដែលលោកប្រធានាធិបតី Trump បានស្នើឡើង»។
សំណើច្បាប់អន្តោប្រវេសន៍ណាមួយក៏ដោយគឺត្រូវការការគាំទ្រចំនួន ៣ ភាគ ៥ ដើម្បីឲ្យព្រឹទ្ធសភាអាចអនុម័តសំណើច្បាប់នេះបាន។ នៅក្នុងព្រឹទ្ធសភា គណបក្សសាធារណរដ្ឋមានអាសនៈច្រើនជាងគណបក្សប្រជាធិបតេយ្យចំនួនមួយអាសនៈ។ គណបក្សប្រជាធិបតេយ្យបានផ្ដល់សញ្ញាដល់គណបក្សសាធារណរដ្ឋថា គម្រោងអន្តោប្រវេសន៍នេះនឹងមិនទទួលជោគជ័យនោះទេ។
លោក Chuck Shumer សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ New York និងជាមេដឹកនាំសំឡេងភាគតិចនៃព្រឹទ្ធសភា បាននិយាយថា៖ «ចំណុចសំខាន់គឺត្រូវរកសំណើច្បាប់រួមមួយដែលទទួលយកបានដោយសមាជិកភាគច្រើននៃគណបក្សទាំងពីរ។ បញ្ហាដែលរារាំងតែមួយគត់គឺការព្យាយាមដោះស្រាយបញ្ហាដែលហួសសមត្ថភាព។ ឥឡូវនេះមិនមែនជាពេល ឬជាទីកន្លែងដើម្បីកែទម្រង់ប្រព័ន្ធអន្តោប្រវេសន៍ស្របច្បាប់ទាំងមូលនោះទេ។ ប៉ុន្តែ ពេលនេះគឺជាពេលវេលាសម្រាប់សំណើច្បាប់ដ៏តូចចង្អៀតមួយ»។
សមាជិកនានាខាងគណបក្សប្រជាធិបតេយ្យ និងសមាជិកមួយចំនួនខាងគណបក្សសាធារណរដ្ឋបានស្នើឲ្យមានការកែទម្រង់ច្បាប់អន្តោប្រវេសន៍តែលើបញ្ហាកម្មវិធី DACA និងការពង្រឹងសន្តិសុខព្រំដែនតែប៉ុណ្ណោះ។
ទោះបីជាផ្ដោតតែលើចំណុចទាំងពីរនេះក៏ដោយ ក៏សំណើច្បាប់នេះនៅតែទំនងជាមិនអាចទទួលបានការអនុម័តដដែល។ នេះបើតាមការបញ្ជាក់របស់លោកស្រី Dianne Feinstein សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ California។
លោកស្រី Feinstein បានប្រាប់ VOA ថា៖ «នឹងប្រហែលជាមានសំណើច្បាប់យ៉ាងតិច ៣។ សំណើច្បាប់ដំបូងទំនងជាសំណើច្បាប់របស់គណបក្សសាធារណរដ្ឋ។ សំណើច្បាប់ទីពីរទំនងជាសំណើច្បាប់របស់គណបក្សប្រជាធិបតេយ្យ។ សំណើច្បាប់ទាំងពីរនេះនឹងប្រហែលជាទទួលបរាជ័យ ហើយសំណើច្បាប់ទីបីគឺជាសំណើច្បាប់ដែលកើតចេញពីការសម្របសម្រួលគ្នា»។
សំណើច្បាប់ដែលកើតចេញពីការសម្របសម្រួលគ្នានេះអាចចេញមកពីក្រុមការងារនៃសមាជិកព្រឹទ្ធសភាដែលមានទស្សនៈកណ្ដាលនិយមរបស់គណបក្សទាំងពីរ។ ក្រុមការងារដែលដឹកនាំដោយសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Maine ខាងគណបក្សសាធារណរដ្ឋលោកស្រី Susan Collins នេះ បានជួយស្វែងរកដំណោះស្រាយចំពោះការបិទរដ្ឋាភិបាលសហព័ន្ធមួយផ្នែករយៈពេល ៣ ថ្ងៃកាលពីខែមុន។
លោកស្រី Collins បានប្រាប់ VOA ថា៖ «ខ្ញុំគិតថា ព្រឹទ្ធសភាអាចអនុម័តលើសំណើច្បាប់អន្តោប្រវេសន៍។ យើងកំពុងធ្វើការលើសំណើរួមមួយនៃគណបក្សទាំងពីរ ដែលនេះជាអ្វីដែលខ្ញុំរំពឹងថានឹងចេញរួចនៅក្នុងសប្ដាហ៍នេះ»។
ព្រឹទ្ធសភានឹងចាត់ទុកសំណើច្បាប់អន្តោប្រវេសន៍នីមួយៗថាជាការធ្វើវិសោធនកម្មលើសំណើច្បាប់ដែលមិនមានភាពចម្រូងចម្រាសមួយដែលនឹងដើរតួជាយានច្បាប់មួយសម្រាប់ការកែទម្រង់អន្តោប្រវេសន៍។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Wyoming លោក John Barrasso បាននិយាយថា៖ «នេះជាប្រធានបទដែលយើងបានពិភាក្សាគ្នាអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។ ដូច្នេះ ខ្ញុំសង្ឃឹមថានឹងមានការជជែកដេញដោលគ្នាប្រកបដោយស្មារតីខ្ពស់ និងបន្ទាប់មកបោះឆ្នោតលើសំណើច្បាប់នេះ ដែលសំណើច្បាប់ណាទទួលបានសំឡេងគាំទ្រចំនួន ៦០ សំឡេង នឹងទទួលបានការអនុម័ត»។
សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Illinois លោក Dick Durbin បាននិយាយថា៖ «ខ្ញុំមិនច្បាស់ថានឹងមានអ្វីកើតឡើងនោះទេ ពីព្រោះថាវាយូរមកហើយតាំងពីយើងបានសាកល្បងនូវអន្តោប្រវេសន៍ដែលបានកែទម្រង់ឡើងរបស់សហរដ្ឋអាមេរិកនេះ។ ប៉ុន្តែ វាជាការរំភើបផងដែរដែលគិតថា សមាជិកព្រឹទ្ធសភាទាំងអស់នៅទីបំផុតនឹងធ្វើការពិភាក្សាគ្នាលើរឿងនេះ»។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Missouri លោក Roy Blunt បានប្រាប់ VOA ថា៖ «ប្រជាពលរដ្ឋអាមេរិកាំង ៧០ ឬ ៨០ ភាគរយ ដែលក្នុងនោះមានទាំងខ្ញុំផងដែរ ឯកភាពថា ក្មេងៗដែលធំធាត់នៅក្នុងសហរដ្ឋអាមេរិកដែលមិនធ្វើខុសច្បាប់ ពួកគេមិនត្រឹមតែអាចរស់នៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែសហរដ្ឋអាមេរិកថែមទាំងចង់ឲ្យពួកគេរស់នៅ និងធ្វើជាផ្នែកមួយនៃសេដ្ឋកិច្ចរីកចម្រើន និងសង្គមដ៏រស់រវើករបស់សហរដ្ឋអាមេរិកផងដែរ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋអាមេរិកាំង ៧០ ភាគរយ គិតថា យើងគួរតែពង្រឹងសន្តិសុខនៅតាមព្រំដែន។ ជាការពិតណាស់ រឿងទាំងពីរនេះអាចដាក់បញ្ចូលគ្នាឲ្យក្លាយជាច្បាប់មួយដែលអាចឲ្យលោកប្រធានាធិបតី Trump ចុះហត្ថលេខាបាន»។
ដើម្បីបានក្លាយជាច្បាប់ សំណើច្បាប់ណាមួយដែលព្រឹទ្ធសភាអនុម័តក៏ទាមទារឲ្យមានការអនុម័តពីរដ្ឋសភា និងការចុះហត្ថលេខាពីលោកប្រធានាធិបតី Donald Trump ផងដែរ៕
ប្រែសម្រួលដោយ ភី សុភាដា