ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បោះឆ្នោត​ជំទាស់​នឹង​ការ​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​រដ្ឋ Arizona


សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Georgia អ្នកស្រី Kelly Loeffler ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភាដោយដកជំហរតវ៉ាប្រឆាំងរបស់អ្នកស្រី ទៅនឹងលទ្ធផលនៃការបោះឆ្នោតក្នុងរដ្ឋ Arizona បន្ទាប់ពីក្រុមបាតុករបានសម្រុកចូលក្នុងវិមានសភា នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Georgia អ្នកស្រី Kelly Loeffler ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភាដោយដកជំហរតវ៉ាប្រឆាំងរបស់អ្នកស្រី ទៅនឹងលទ្ធផលនៃការបោះឆ្នោតក្នុងរដ្ឋ Arizona បន្ទាប់ពីក្រុមបាតុករបានសម្រុកចូលក្នុងវិមានសភា នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

នៅ​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក នា​យប់​ថ្ងៃ​ពុធ​ សមាជិក​ព្រឹទ្ធសភា​បាន​បោះឆ្នោតជំទាស់​ដោយ​សំឡេង ៩៣ ទល់​នឹង​ ៦ ទៅ​នឹង​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​រដ្ឋ Arizona ដែល​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Joe Biden បាន​ឈ្នះ។ នេះ​មាន​ន័យ​ថា លោក Biden នៅ​តែ​រក្សា​ជ័យជម្នះ​របស់​លោក ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ក្នុង​រដ្ឋ​នេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។

ការ​តវ៉ា​ប្រឆាំង​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Texas លោក Ted Cruz និងសមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាងរដ្ឋ Arizona លោក Paul Gosar ដោយមានការចូលរួមគាំទ្រពីសមាជិកបក្សមួយចំនួនទៀត។

ការ​បោះឆ្នោត​ជំទាស់​នេះ បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​សម័យ​ប្រជុំពេញ​អង្គ​របស់​សភា​ទាំង​ពីរ​ថ្នាក់ ត្រូវបាន​បង្អាក់ ​ដោយសារ​ក្រុម​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump​ បាន​ឡោមព័ទ្ធ​វិមានសភា​ និង​ខ្លះ​បាន​សម្រុក​ចូល​ក្នុង​វិមាន​សភា​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បញ្ជាក់​ជា​ផ្លូវការ​របស់​សភា​ទាំង​ពីរ​ថ្នាក់​ទៅ​លើ​ជ័យជម្នះ​របស់​លោក Joe Biden​ នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី។

ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​នៅក្នុង​រដ្ឋ Arizona របស់​សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយចំនួន បាន​ធ្វើឡើង​ដោយ​ផ្អែក​លើ​ការ​អះអាង​ដោយ​គ្មាន​ភស្តុតាង ​ដែល​ត្រូវបាន​ជំរុញ​ដោយ​លោក​ប្រធានាធិបតី Donald Trump និង​ដោយ​ផ្អែក​លើ​បញ្ហា​ដោយ​ឡែក​ផ្សេង​ទៀត។ ការ​អះអាង​ទាំង​អស់​នេះ ត្រូវបាន​តុលាការ​និង​មន្ត្រី​បោះឆ្នោត​ក្នុង​រដ្ឋ​ Arizona ច្រានចោល៕

XS
SM
MD
LG