អគារសភាអាមេរិកត្រូវបានដាក់ក្នុងភាពអាសន្ន ដោយសារក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump ជាច្រើននាក់ បានព្យាយាមចូលក្នុងអគារសភាដែលត្រូវបានហាមឃាត់។ ការប្រកាសអាសន្ននេះត្រូវបានធ្វើឡើង ខណៈដែលសមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាកំពុងបើកសម័យប្រជុំពេញអង្គដើម្បីរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោតនៅតាមរដ្ឋនីមួយៗ។
ការរាប់សន្លឹកឆ្នោតនៅសភាសហរដ្ឋអាមេរិកនេះគឺជាជំហានចុងក្រោយបង្អស់ក្នុងការបញ្ជាក់នូវជ័យជម្នះរបស់លោក Biden បន្ទាប់ពីអង្គបោះឆ្នោតបានបោះឆ្នោតជាផ្លូវការជ្រើសរើសលោកជាប្រធានាធិបតីថ្មីកាលពីថ្ងៃទី១៤ ខែធ្នូ កន្លងទៅនេះ។
ក្រុមអ្នកគាំទ្រលោក Trump ដែលបានប្រមូលផ្តុំគ្នានៅកណ្តាលរដ្ឋធានីវ៉ាស៊ីនតោនដើម្បីគាំទ្រការជំទាស់របស់លោក Trump ទៅលើលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី បានប៉ះទង្គិចគ្នាជាមួយក្រុមមន្ត្រីសន្តិសុខនិងប៉ូលិស ដោយមានការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករផងដែរ៕