ក្រុមអ្នកគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវគេរំពឹងថា នឹងធ្វើបាតុកម្មនៅថ្ងៃពុធនេះ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅពេលដែលពួកគេគាំទ្រការជំទាស់របស់លោក Trump ចំពោះជ័យជម្នះរបស់លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា។
លោក Trump មានគម្រោងថ្លែងនៅឯការធ្វើបាតុកម្មនេះនៅទីលាន Ellipse នៅភាគខាងត្បូងសេតវិមាន។
លោក Biden ក៏មានគម្រោងថ្លែងសុន្ទរកថាផងដែរនៅថ្ងៃពុធនេះពីគេហដ្ឋានរបស់លោក នៅក្នុងរដ្ឋ Delaware បន្ទាប់ពីបានជួបប្រជុំជាមួយនឹងទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកមក។
សភាទាំងពីរថ្នាក់ត្រូវគេរំពឹងថានឹងប្រកាសលទ្ធផលរបស់អង្គបោះឆ្នោតនៅថ្ងៃពុធនេះ ដើម្បីបញ្ជាក់ជាផ្លូវការនូវជ័យជម្នះរបស់លោក Biden។
មុនពេលព្រឹត្តិការណ៍នានាដែលនឹងធ្វើឡើងនៅថ្ងៃពុធនេះ លោក Trump បានបន្តការអះអាងដោយគ្មានភស្តុតាងនៅលើ Twitter ថា លោកបានឈ្នះការបោះឆ្នោត។
លោក Trump បានថ្លែងអំពីអ្នកដែលធ្វើដំណើរមកចូលរួមក្នុងបាតុកម្មនេះថា៖ «ពួកគេនឹងមិនអាចទ្រាំទ្រជាមួយនឹងការលួចប្លន់យកជ័យជម្នះភ្លូកទឹកភ្លូកដី [របស់យើង] លើការបោះឆ្នោតនេះបានទេ»។
មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា កាលពីយប់ថ្ងៃអង្គារ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលក្នុងនោះ ក្រុមខ្លះបានប៉ះទង្គិចជាមួយប៉ូលិសផងដែរ។
ផ្លូវនានានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនត្រូវបានបិទ ហើយអភិបាលរដ្ឋធានីវ៉ាស៊ីនតោនអ្នកស្រី Muriel Bowser បានស្នើដាក់ពង្រាយឆ្មាំការពារជាតិ ដោយព្រួយបារម្ភខ្លាចមានអំពើហិង្សាកើតឡើងម្តងទៀតរវាងក្រុមតវ៉ាប្រឆាំងនានា ដូចដែលបានកើតឡើងម្ដងរួចមកហើយកាលពីរដូវក្តៅឆ្នាំមុន។
អ្នកស្រី Bowser និងថ្នាក់ដឹកនាំនៅក្នុងរដ្ឋ Maryland និងរដ្ឋ Virginia ដែលនៅជុំវិញរដ្ឋធានីវ៉ាស៊ីនតោន បានជំរុញពលរដ្ឋឲ្យស្នាក់នៅផ្ទះនៅថ្ងៃពុធនេះ និងបញ្ចៀសការតវ៉ាប្រឆាំងគ្នាទៅវិញទៅមក៕