ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​យល់​ថា ចិន​កំពុង​ចាត់​«វិធានការ​ជាក់លាក់»​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន


រូបឯកសារ៖ រដ្ឋមន្ត្រី​សន្តិសុខសាធារណៈចិន​លោក Wang Xiaohong ជួប​ពិភាក្សាគ្នាជាមួយ​រដ្ឋមន្ត្រី​សន្តិសុខមាតុភូមិ​សហរដ្ឋអាមេរិកលោក Alejandro Mayorkas នៅទីក្រុងវីយែន (Vienna) ប្រទេសអូទ្រីស កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (Screenshot of China Central Television via Reuters Connect)
រូបឯកសារ៖ រដ្ឋមន្ត្រី​សន្តិសុខសាធារណៈចិន​លោក Wang Xiaohong ជួប​ពិភាក្សាគ្នាជាមួយ​រដ្ឋមន្ត្រី​សន្តិសុខមាតុភូមិ​សហរដ្ឋអាមេរិកលោក Alejandro Mayorkas នៅទីក្រុងវីយែន (Vienna) ប្រទេសអូទ្រីស កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (Screenshot of China Central Television via Reuters Connect)

ជំនួប​កម្រិត​ខ្ពស់​មួយ​រវាង​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​លោក Alejandro Mayorkas និង​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​លោក Wang Xiaohong គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​មាន​ក្ដី​សង្ឃឹម​ថា កិច្ច​ពិភាក្សា​ផ្សេងៗ​នៅ​ពេល​បច្ចុប្បន្ន​នេះ​នឹង​អាច​ជួយ​កាត់ផ្ដាច់​លំហូរ​គ្រឿងញៀន​នានា​ដូចជា​ថ្នាំញៀន​ហ្វេនតានីល (Fentanyl) ជាដើម​មិន​ឱ្យ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Mayorkas បាន​ជួប​ជាមួយ​លោក Wang Xiaohong នៅ​ទីក្រុង​វីយែន​នៃ​ប្រទេស​អូទ្រីស​កាលពី​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​បញ្ឈប់​ការ​រីក​រាលដាល​នៃ​ថ្នាំញៀន​ហ្វេនតានីល​និង​សារធាតុ​គីមី​ដែល​ប្រើ​សម្រាប់​ផលិត​ថ្នាំញៀន​នេះ។

សំណៅ​អត្ថបទ​របស់​សហរដ្ឋ​អាមេរិក​អំពី​ជំនួប​នេះ​បាន​បង្ហាញ​ថា ជំនួប​នេះ​មាន​លក្ខណៈ «ស្មោះត្រង់​និង​ស្ថាបនា»។ មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​អ្នក​យកព័ត៌មាន​កាលពី​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ​ថា មាន​សញ្ញា​បង្ហាញ​អំពី​ការ​វិវឌ្ឍ​ទៅមុខ។

មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​ប្រាប់​អ្នក​យកព័ត៌មាន​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «នេះ​ជា​កិច្ចប្រជុំ​ប្រកប​ដោយ​ផ្លែផ្កា​បំផុត»។

មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា ជំនួប​លើក​ដំបូង​រវាង​លោក Mayorkas និង​លោក Wang Xiaohong នេះ​មាន​រយៈពេល​ប្រហែល ៤ ម៉ោង ដោយ​ការ​ពិភាក្សា​បាន​បន្ត​ធ្វើ​សូម្បីតែ​នៅ​ក្នុង​ពេល​ទទួលទាន​អាហារ​ពេលល្ងាច​ក៏ដោយ។

ជំនួប​នៅ​ក្នុង​ទីក្រុង​វីយែន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​តាមអនឡាញ​មួយ​កាលពី​ខែ​មករា​រវាង​លោក Mayorkas និង​លោក Wang Xiaohong ក៏ដូចជា​កិច្ចប្រជុំ​របស់​ក្រុម​ការងារ​ប្រឆាំង​គ្រឿងញៀន​សហរដ្ឋអាមេរិក-ចិន​កាលពី​ថ្ងៃ​ទី ៣០ ខែ​មករា​ផងដែរ។

មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​មួយរូប​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ដោយ​ពន្យល់​អំពី​សុទិដ្ឋិនិយម​បែប​ប្រយ័ត្ន​ប្រយែង​របស់​សហរដ្ឋ​អាមេរិក​ថា៖ «យើង​មាន​វិធានការ​ជាក់លាក់​ជាច្រើន»។

មន្ត្រី​រូប​នេះ​បាន​លើកឡើង​ដូច្នេះ​ថា៖ «យើង​ឃើញ​ថា ប្រទេស​ចិន​ចាត់​វិធានការ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ជាក់លាក់​មួយ​ចំនួន។ យើង​ក៏​បាន​ដឹង​ផងដែរ​ថា ពួកគេ​បាន​ចែករំលែក​ព័ត៌មាន​ជាមួយ​ក្រុមប្រឹក្សា​អន្តរជាតិ​ប្រឆាំង​គ្រឿងញៀន (International Narcotics Control Board) ដែល​ជួយ​ប្រទេស​ផ្សេង​ទៀត​ក្នុង​ការ​តាមដាន​រក​បុគ្គល​និង​សារធាតុ​គីមី​ទាំងនេះ»។

មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា៖ «នៅ​ទីបំផុត គោលដៅ​របស់​យើង​គឺ​បញ្ឈប់​លំហូរ​សារធាតុ​គីមី​ដើម​ដែល​ហូរ​ចេញ​ពី​ប្រទេស​ចិន​ទៅកាន់​ប្រទេស​ម៉ិកស៊ិក និង​បញ្ឈប់​គ្រឿងញៀន​ដែល​ហូរ​ចេញ​ពី​ប្រទេស​ម៉ិកស៊ិក​មកកាន់​សហរដ្ឋ​អាមេរិក»។

ទីភ្នាក់ងារ​សារព័ត៌មាន Xinhua របស់​ចិន​បាន​រាយការណ៍​ថា មន្ត្រី​ចិន​ក៏បាន​ចាត់ទុក​កិច្ចប្រជុំ​នៅ​ទីក្រុង​វីយែន​នេះ​ថា​មាន​លក្ខណៈ​ស្ថាបនា​ដែរ ប៉ុន្តែ​ថា មន្ត្រី​ចិន​ក៏​បាន​ផ្ដោត​លើ​ការ​រឹតត្បិត​ទិដ្ឋាការ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​និស្សិត​ចិន​ផងដែរ។

លោក Wang Xiaohong បាន​ប្រាប់​លោក Mayorkas ថា សហរដ្ឋ​អាមេរិក​គួរតែ «បញ្ឈប់​ការ​យាយី​និង​ការ​សួរចម្លើយ​និស្សិត​ចិន​ដោយ​គ្មាន​ហេតុផល និង​ធានា​យ៉ាង​ណា​ឱ្យ​ពលរដ្ឋ​ចិន​ទទួល​បាន​ការ​ប្រព្រឹត្តិ​មក​លើ​ខ្លួន​ដោយ​យុត្តិធម៌​និង​ពោរពេញ​ដោយ​សេចក្ដី​ថ្លៃថ្នូរ​នៅ​ពេល​ពួកគេ​ចូល​ទៅ​ដល់​សហរដ្ឋ​អាមេរិក»។

មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​មួយរូប​ដែល​បាន​ថ្លែង​ទៅកាន់​អ្នកយក​ព័ត៌មាន​កាល​ពី​ថ្ងៃទី ១២ ខែ​កុម្ភៈ បាន​ទទួលស្គាល់​ថា មន្ត្រី​ចិន​បាន​លើកឡើង​អំពី​ក្ដី​បារម្ភ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រឹតត្បិត​ទិដ្ឋាការ​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​លោក​បាន​បដិសេធ​បកស្រាយ​បន្ថែម​អំពី​រឿង​នេះ ដោយ​និយាយ​ថា គោលដៅ​នៃ​កិច្ចប្រជុំ​នោះ​គឺ​ផ្ដោតលើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន។

ជំនួប​រវាង​លោក Mayorkas និង​លោក Wang Xiaohong នេះ​បាន​ធ្វើឡើង​ក្នុង​ពេល​ពីរ​ថ្ងៃ​ក្រោយមក​បន្ទាប់ពី​មាន​ការ​ពិភាក្សា​នៅ​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់​រវាង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi លើ​បញ្ហា​ជាច្រើន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កិច្ច​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​និង​ការ​ឆែកឆេរ​របស់​សហរដ្ឋ​អាមេរិក​លើ​ពលរដ្ឋ​ចិន​ផងដែរ៕

ប្រែ​សម្រួល​ដោយ​លោក នៀម ឆេង

XS
SM
MD
LG