សមាជិកសភាអាមេរិកាំងកំពុងបង្កើនការព្រមានអំពីអ្វីដែលពួកគេមើលឃើញថាជា ការបរាជ័យរបស់អាមេរិកក្នុងការប្រកួតប្រជែងជាមួយប្រទេសចិនក្នុងវិស័យបច្ចេកវិទ្យាជីវសាស្ត្រ ដោយព្រមានពីហានិភ័យចំពោះសន្តិសុខជាតិ និងផលប្រយោជន៍ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែខណៈដែលប្រទេសទាំងពីរពង្រីកការប្រកួតប្រជែងរបស់ខ្លួនក្នុងឧស្សាហកម្មបច្ចេកវិទ្យាជីវសាស្ត្រ មនុស្សមួយចំនួនយល់ថា ការបិទក្រុមហ៊ុនចិននឹងប៉ះពាល់ដល់សហរដ្ឋអាមេរិក។
បច្ចេកវិទ្យាជីវសាស្ត្រនឹងធ្វើឱ្យជីវិតប្រចាំថ្ងៃរីកចម្រើន ដោយអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវប្រើប្រាស់បច្ចេកវិទ្យានេះធ្វើឱ្យមានភាពរីកចម្រើនឆាប់រហ័សក្នុងការព្យាបាលវេជ្ជសាស្រ្ត វិស្វកម្មហ្សែនក្នុងវិស័យកសិកម្ម និងសារធាតុជីវសាស្ត្រថ្មីៗ។ ដោយសារតែសក្តានុពលនៃបច្ចេកវិទ្យានេះ វាបានទាក់ទាញការចាប់អារម្មណ៍ពីរដ្ឋាភិបាលចិន និងសហរដ្ឋអាមេរិក។
សេចក្តីព្រាងច្បាប់នានាត្រូវបានស្នើឡើងនៅរដ្ឋសភា និងព្រឹទ្ធសភាដើម្បីរារាំង «ក្រុមហ៊ុនជីវបច្ចេកវិទ្យាបរទេសដែលជាក្តីបារម្ភ» មិនឱ្យធ្វើអាជីវកម្មជាមួយអ្នកផ្តល់សេវាវេជ្ជសាស្រ្តដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហព័ន្ធ។ សេចក្តីព្រាងច្បាប់ទាំងនោះបានកំណត់ឈ្មោះក្រុមហ៊ុនចិនចំនួនបួន។
ស្ថានទូតចិនបានថ្លែងថា អ្នកនៅពីក្រោយច្បាប់ទាំងនោះមាន «ភាពលម្អៀងមនោគមវិជ្ជា និងព្យាយាមគាបសង្កត់ក្រុមហ៊ុនចិន «ក្រោមលេសក្លែងក្លាយ»។ ស្ថានទូតចិនទាមទារឱ្យក្រុមហ៊ុនចិនទទួលបាន «ការអនុញ្ញាតធ្វើអាជីវកម្មដោយបើកចំហ យុត្តិធម៌ និងគ្មានការរើសអើង»។
ការជជែកវែកញែកអំពីបច្ចេកវិទ្យាជីវសាស្ត្រកំពុងធ្វើឡើងនៅពេលដែលរដ្ឋបាលលោក Biden ព្យាយាមរក្សាស្ថិរភាពទំនាក់ទំនងផុយស្រួយរវាងសហរដ្ឋអាមេរិក និងចិន ដែលមានភាពរកាំរកូសដោយសារបញ្ហាជាច្រើន រួមទាំងសង្រ្គាមពាណិជ្ជកម្ម ជំងឺរាតត្បាតកូវីដ១៩ សន្តិសុខតាមអ៊ីនធឺណិត និងសកម្មភាពយោធានៅសមុទ្រចិនខាងត្បូង។
អ្នករិះគន់ច្បាប់នេះព្រមានថា ការរឹតត្បិតលើក្រុមហ៊ុនចិននឹងរារាំងការរីកចម្រើនដែលអាចនាំមកនូវភាពល្អប្រសើរ។
អ្នកស្រី Abigail Coplin សាស្រ្តាចារ្យជំនួយនៅមហាវិទ្យាល័យ Vassar ជំនាញផ្នែកឧស្សាហកម្មបច្ចេកវិទ្យាជីវសាស្ត្រចិនបានថ្លែងថា៖ «នៅក្នុងបច្ចេកវិទ្យាជីវសាស្ត្រ គេមិនអាចរក្សាការប្រកួតប្រជែងដោយបិទទ្វារពីអ្នកដទៃបានទេ»។
អ្នកស្រីបានថ្លែងបន្តថា អ្នកស្រីមានការព្រួយបារម្ភថា អ្នកបង្កើតគោលនយោបាយរបស់សហរដ្ឋអាមេរិកអាចនឹងងប់ងុលនឹងកម្មវិធីបច្ចេកវិទ្យាយោធាខ្លាំងពេក ដោយប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការព្យាបាលជំងឺ និងចិញ្ចឹមប្រជាជនពិភពលោក។
នៅក្នុងលិខិតមួយផ្ញើជូនសមាជិកព្រឹទ្ធសភាដែលគាំទ្រច្បាប់នេះ អ្នកស្រី Rachel King នាយិកាប្រតិបត្តិនៃសមាគមពាណិជ្ជកម្មដែលមានឈ្មោះថា អង្គការច្នៃប្រឌិតបច្ចេកវិទ្យាជីវសាស្ត្របានថ្លែងថា ច្បាប់នេះនឹង «ធ្វើឱ្យខូចខាតមើលមិនឃើញចំពោះខ្សែសង្វាក់ផ្គត់ផ្គង់នៃការអភិវឌ្ឍថ្នាំ ទាំងថ្នាំព្យាបាលដែលត្រូវបានអនុម័តនាពេលបច្ចុប្បន្ន និងនៅលើទីផ្សារ ក៏ដូចជាចំពោះប្រព័ន្ធអភិវឌ្ឍន៍ដែលមានរាប់ទសវត្សរ៍មកហើយ»។
ប៉ុន្តែក្រុមអ្នកគាំទ្រថ្លែងថា ច្បាប់នេះមានសារៈសំខាន់ក្នុងការការពារផលប្រយោជន៍អាមេរិកាំង។
គណៈកម្មការសន្តិសុខជាតិស្តីពីបច្ចេកវិទ្យាជីវសាស្ត្រដែលកំពុងរីកចម្រើន ដែលជាក្រុមមួយបង្កើតឡើងដោយព្រឹទ្ធសភាអាមេរិកដើម្បីត្រួតពិនិត្យឧស្សាហកម្មនេះបានថ្លែងថា ច្បាប់នេះនឹងជួយធានាសុវត្ថិភាពដល់ទិន្នន័យរបស់រដ្ឋាភិបាលសហព័ន្ធ និងរបស់ពលរដ្ឋអាមេរិក ហើយវានឹងរារាំងការប្រកួតប្រជែងមិនស្មើភាពពីក្រុមហ៊ុនចិន។
គណៈកម្មការនេះបានថ្លែងថា ភាពជឿនលឿននៃបច្ចេកវិទ្យាជីវសាស្រ្តមិនត្រឹមតែផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដល់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងសមត្ថភាពយោធាផងដែរ។
លោក Mike Gallagher ប្រធានគណៈកម្មាធិការសភាពិសេសស្តីពីគណបក្សកុម្មុយនិស្តចិនបានថ្លែងថា គ្រោះថ្នាក់មានច្រើន។ លោក Gallagher បានស្នើសេចក្តីព្រាងច្បាប់ទៅរដ្ឋសភា និងបានដឹកនាំគណៈប្រតិភូសភាទៅទីក្រុង Boston ដើម្បីជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ។
លោក Gallagher បានថ្លែងថា៖ «វាមិនមែនគ្រាន់តែជាការប្រយុទ្ធលើសង្វាក់ផ្គត់ផ្គង់ ឬការប្រយុទ្ធលើសន្តិសុខជាតិ ឬលើសន្តិសុខសេដ្ឋកិច្ចទេ ខ្ញុំនឹងបង្ហាញថា វាជាការប្រយុទ្ធលើផ្នែកសីលធម៌ផងដែរ។ នៅពេលដែលវិស័យនេះរីកចម្រើនក្នុងល្បឿនលឿន ប្រទេសដែលឈ្នះការប្រកួតប្រជែងនឹងកំណត់ស្តង់ដាសីលធម៌ជុំវិញវិធីដែលត្រូវប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ»។
លោកលើកឡើងថា សហរដ្ឋអាមេរិកត្រូវតែ «កំណត់ច្បាប់សម្រាប់ផ្លូវធ្វើដំណើរ» ហើយប្រសិនបើមិនដូច្នេះទេ «យើងនឹងរស់នៅក្នុងពិភពលោកដែលមិនសូវមានសេរីភាព និងសីលធម៌តិចតួច» ។
ទាំងសហរដ្ឋអាមេរិក និងចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរក្នុងពិភពលោក បានកំណត់ថា បច្ចេកវិទ្យាជីវសាស្ត្រជាផលប្រយោជន៍ជាតិដ៏សំខាន់។
រដ្ឋបាលលោក Biden បានដាក់ចេញនូវ «វិធីសាស្រ្តរបស់រដ្ឋាភិបាលទាំងមូល» ដើម្បីជំរុញបច្ចេកវិទ្យាជីវសាស្រ្ត និងការផលិតជីវសាស្រ្តដែលមានសារៈសំខាន់សម្រាប់សុខភាព ការប្រែប្រួលអាកាសធាតុ ថាមពល សន្តិសុខស្បៀង កសិកម្ម និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់។
រដ្ឋាភិបាលចិនមានផែនការអភិវឌ្ឍ «កងកម្លាំងបច្ចេកវិទ្យាយុទ្ធសាស្ត្រជាតិ» នៅក្នុងបច្ចេកវិទ្យាជីវសាស្ត្រ ដែលនឹងត្រូវផ្តល់ភារកិច្ចក្នុងការធ្វើឱ្យមានរបកគំហើញ និងជួយប្រទេសចិនឱ្យសម្រេចបាន «ឯករាជ្យភាពបច្ចេកវិទ្យា» ដាច់ពីសហរដ្ឋអាមេរិក។
លោក Tom Bollyky ប្រធានផ្នែកសុខភាពពិភពលោកនៅក្រុមប្រឹក្សាទំនាក់ទំនងបរទេសរបស់មូលនិធិBloombergបានថ្លែងថា៖ «ទាំងរដ្ឋាភិបាលចិន និងប្រជាពលរដ្ឋអាមេរិកាំងបានកំណត់ថា បច្ចេកវិទ្យាជីវសាស្ត្រជាវិស័យសំខាន់សម្រាប់ការវិនិយោគទុន ដែលបង្ហាញពីឱកាសរីកចម្រើនក្នុងសេដ្ឋកិច្ចរបស់ពួកគេ»។
លោកបន្តថា វិធានការរឹតត្បិតណាមួយរបស់សហរដ្ឋអាមេរិក គួរតែត្រូវបានធ្វើឡើងដើម្បីដោះស្រាយក្តីបារម្ភផ្នែកយោធា និងក្តីបារម្ភអំពីសុវត្ថិភាពទិន្នន័យហ្សែន។
លោក Bollyky បានថ្លែងថា៖ «តាមធម្មតា វានឹងមានការប្រកួតប្រជែង ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមនៅក្នុងបច្ចេកវិទ្យាជីវសាស្ត្រគឺថា យើងកំពុងនិយាយអំពីសុខភាពមនុស្ស»។
លោក Ray Yip ដែលជាអ្នកបង្កើតការិយាល័យគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិកក្នុងប្រទេសចិនក៏មានការព្រួយបារម្ភផងដែរថា ការប្រកួតប្រជែងនឹងធ្វើឱ្យមានភាពយឺតយ៉ាវផ្នែកវេជ្ជសាស្ត្រ។
លោក Yip បានថ្លែងថា អត្ថប្រយោជន៍នៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលប្រសើរជាងមុនមានមិនត្រឹមតែសម្រាប់ប្រទេសនីមួយៗនោះទេ «ហើយវានឹងមិនលុបបំបាត់សមត្ថភាព ឬកិត្យានុភាពរបស់ប្រទេសដទៃនោះទេ»។
អ្វីដែលជាក្តីបារម្ភរបស់អ្នកស្រី Anna Puglisi សហការីជាន់ខ្ពស់នៅមជ្ឈមណ្ឌលសន្តិសុខនិងបច្ចេកវិទ្យាដែលកំពុងរីកចម្រើននៃសាកលវិទ្យាល័យ Georgetown គឺការខ្វះតម្លាភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំង និងការអនុវត្តទីផ្សារមិនស្មើភាពរបស់ខ្លួន។
អ្នកស្រីថ្លែងថា៖ «ការប្រកួតប្រជែងគឺជារឿងមួយ។ ការប្រកួតប្រជែងមិនស្មើភាពគឺជារឿងមួយទៀត»។
អ្នកស្រី Puglisi បានពណ៌នាក្រុមហ៊ុន BGI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រចិនដ៏ធំមួយដែលត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងសេចក្តីព្រាងច្បាប់នៅរដ្ឋសភា និងព្រឹទ្ធសភាថាជា «ជើងខ្លាំងថ្នាក់ជាតិ» ដែលត្រូវបានឧបត្ថម្ភធន និងផ្តល់ការអនុគ្រោះពីរដ្ឋនៅក្នុងប្រព័ន្ធដែល «ធ្វើឱ្យមានភាពស្រពិចស្រពិលថាតើវាជាក្រុមហ៊ុនឯកជន និងសាធារណៈ ស៊ីវិល និងយោធា»។
អ្នកស្រី Puglisi បានថ្លែងថា៖ «ប្រព័ន្ធនេះបង្កើតការបង្ខូចទ្រង់ទ្រាយទីផ្សារ និងធ្វើឱ្យខូចដល់បទដ្ឋានវិទ្យាសាស្ត្រសកល ដោយប្រើអ្នកស្រាវជ្រាវ និងគ្រឹះស្ថានសិក្សា និងពាណិជ្ជកម្ម ដើម្បីបន្តគោលដៅរបស់រដ្ឋ»។
ក្រុមហ៊ុន BGI ដែលបានសង្កត់ធ្ងន់លើកម្មសិទ្ធិឯកជនរបស់ខ្លួន ផ្តល់ជូននូវឧបករណ៍ធ្វើតេស្តហ្សែន និងការធ្វើតេស្តពិនិត្យមុនពេលសម្រាលកូនដ៏ពេញនិយម ដើម្បីពិនិត្យរកមើលជំងឺបញ្ញាលូតលាស់យឺត (Down syndrome) និងអាការៈផ្សេងៗទៀត។ សមាជិកសភាអាមេរិកថា ពួកគេបារម្ភថា ទិន្នន័យបែបនេះអាចធ្លាក់ទៅក្នុងដៃរដ្ឋាភិបាលចិន។
ក្រសួងការពារជាតិបានដាក់ក្រុមហ៊ុន BGI ក្នុងបញ្ជីក្រុមហ៊ុនយោធាចិន ហើយក្រសួងពាណិជ្ជកម្មបានដាក់ក្នុងបញ្ជីខ្មៅក្រោមហេតុផលសិទ្ធិមនុស្ស ដោយលើកឡើងពីហានិភ័យដែលបច្ចេកវិទ្យារបស់ក្រុមហ៊ុន BGI អាចនឹងរួមចំណែកដល់ការឃ្លាំមើល។ ក្រុមហ៊ុន BGI បានច្រានចោលការចោទប្រកាន់នេះ។
ក្នុងការលើកឡើងពីក្តីបារម្ភរបស់ខ្លួនអំពីក្រុមហ៊ុន BGI គណៈកម្មការសន្តិសុខជាតិស្តីពីបច្ចេកវិទ្យាជីវសាស្ត្រដែលកំពុងរីកចម្រើនថ្លែងថា ក្រុមហ៊ុនត្រូវបានតម្រូវឱ្យចែករំលែកទិន្នន័យជាមួយរដ្ឋាភិបាលចិន សហការជាដៃគូជាមួយយោធាចិន និងទទួលជំនួយពីរដ្ឋចិនយ៉ាងច្រើនសន្ធឹកសន្ធាប់។
ការឧបត្ថម្ភធនរបស់រដ្ឋបានអនុញ្ញាតឱ្យក្រុមហ៊ុន BGI ផ្តល់សេវាកែប្រែហ្សែនក្នុងតម្លៃប្រកួតប្រជែងខ្ពស់ ដែលទាក់ទាញអ្នកស្រាវជ្រាវអាមេរិក។ នេះបើយោងតាមគណៈកម្មការខាងលើ។ ទិន្នន័យហ្សែនដែលធ្លាប់មានក្នុងដៃរដ្ឋាភិបាលចិន «តំណាងឱ្យទ្រព្យសកម្មយុទ្ធសាស្រ្តដែលមានឯកជនភាព សុវត្ថិភាព សេដ្ឋកិច្ច និងផលប៉ះពាល់ផ្នែកសីលធម៌»។
ក្រុមហ៊ុន BGI មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗនោះទេ៕
វេទិកាបញ្ចេញមតិ