ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បារម្ភ​អំពី​ការ​ផលិត​ទំនិញ​ចិន​ច្រើន​លើស​តម្រូវការ​ទីផ្សារ


រូបឯកសារ៖ រូបភាពកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បង្ហាញ​បន្ទះសៀគ្វី​និង​ទង់ជាតិ​ចិន។
រូបឯកសារ៖ រូបភាពកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បង្ហាញ​បន្ទះសៀគ្វី​និង​ទង់ជាតិ​ចិន។

អនុរដ្ឋមន្ត្រី​ក្រសួង​ហរិញ្ញវត្ថុ​សហរដ្ឋ​អាមេរិក ​លោក Wally Adeyemo ​បាន​ថ្លែង​កាលពី​ថ្ងៃសុក្រ​ថា ​ប្រទេស​ចិន​ប្រឈមនឹង​បញ្ហា​សេដ្ឋកិច្ច​មួយ​ចំនួន ​ដែល​មាន​រួម​វិស័យ​អចលនទ្រព្យ ​និង​ការកើនឡើង​នៃ​ចំនួន​មនុស្ស​ចាស់។ ប៉ុន្តែ​លោក​មិនគិត​ថា​ វា​នឹង​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ទេ​ ក្រៅ​តែពី​ការផលិត​ទំនិញ​ច្រើន​លើស​សេចក្តី​ត្រូវការ​របស់​ចិន។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​

លោក Adeyemo ​បាន​ថ្លែង​នៅក្នុង​កម្មវិធី​មួយ​របស់​ក្រុមប្រឹក្សា​ទំនាក់ទំនង​ការបរទេស​នៅក្នុង​ទីក្រុងញូវយ៉ក ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ថា​៖ «ខ្ញុំ​មិន​បារម្ភ​ថា​ បញ្ហា​ទាំងឡាយ​របស់​ចិន​នឹង​មាន​ផលប៉ះពាល់​ធំដំ​លើ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ទេ‍»។

លោក​បន្ត​ថា៖​ «រឿង​មួយ​ដែល​ខ្ញុំ​បារម្ភ​ថា​នឹង​មាន​មក​ពី​ប្រទេស​ចិន​នោះ ​គឺ​ការ​ផលិត​ទំនិញ​ច្រើន​ហួស​សេចក្តី​ត្រូវការ​នៅក្នុង​ប្រទេស​ចិន ​ដែល​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក‍»។

លោក Adeyemo បាន​ថ្លែង​ថា ​សមត្ថភាព​ផលិត​រថយន្ត​ប្រើ​អគ្គិសនី​របស់​ចិន​ ដែល​មាន​ការឧបតម្ថ​ថវិកា​យ៉ាងច្រើន​ពី​រដ្ឋាភិបាល​ចិន ​ការផលិត​បន្ទះ​ស្រូប​ថាមពល​ព្រះអាទិត្យ ​ហើយនឹង​ទំនិញ​ផ្សេង​ទៀត ​បាននាំ​ឱ្យ​ឧស្សាហកម្ម​ផ្សេង​ទៀត​ ដូចជា​ដែកថែប ​និងអាលុយមីញូម ​ផលិត​ច្រើនលើស​សេចក្តី​ត្រូវការ​ក្នុងស្រុក។

រូបឯកសារ៖ អនុរដ្ឋមន្ត្រីក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិក លោក Wally Adeyemo ថ្លែងសុន្ទរកថានៅក្រសួងយុត្តិធម៌ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ អនុរដ្ឋមន្ត្រីក្រសួងហរិញ្ញវត្ថុសហរដ្ឋអាមេរិក លោក Wally Adeyemo ថ្លែងសុន្ទរកថានៅក្រសួងយុត្តិធម៌ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

លោក​ថ្លែង​ថា៖​ «ដូច្នេះ​ការផលិត​ច្រើនលើស​សេចក្តី​ត្រូវការ​ហ្នឹង ​នឹង​ត្រូវ​ទៅ​កន្លែង​ណា​មួយ​ហើយ‍»។

លោក​បន្ថែម​ថា ការយកពន្ធ​របស់​សហរដ្ឋ​អាមេរិកលើ​ទំនិញ​នាំចូល ​ហើយនឹង​ការអនុគ្រោះពន្ធ​សម្រាប់​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី ​និង​អាគុយ​រថយន្ត​អគ្គិសនី ​នឹង​ជួយ​ធ្វើឱ្យ​រថយន្ត​ប្រើថាមពល​អគ្គិសនី​របស់​ចិន ​ស្ថិត​នៅ​ក្រៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក ​ហើយ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក ​ប្រកួត​ប្រជែង​ដោយ​មាន​ភាពយុត្តិធម៌​ជាង។

លោក Adeyemo ​ថ្លែង​ថា៖​ «រឿង​នេះ​នឹង​ក្លាយ​ជា​ការប្រឈមមុខ​មួយ​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក ​ហើយ​ជារឿង​ដែល​យើង​កំពុងតែ​និយាយ​ជាមួយ​ប្រទេស​ចិន​ផ្ទាល់។ ពួកគេ​ត្រូវតែ​ប្រកួត​ប្រជែង​ស្មើ​គ្នា ​មិនមែន​ត្រឹមតែ​ជាមួយ​សហរដ្ឋ​អាមេរិក​ទេ ប៉ុន្តែ​ជាមួយ​ប្រទេស​ទាំងឡាយ​នៅជុំវិញ​ពិភពលោក​ផងដែរ‍»។

លោក Adeyemo ​បាន​ថ្លែង​ថា ​សហរដ្ឋ​អាមេរិក​ ក៏​កំពុងតែ​ព្យាយាម​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ផងដែរ​ដើម្បី​កាត់បន្ថយ​ការផលិត​ទំនិញ​លើស​សេចក្តី​ត្រូវការ​របស់​ចិន។ សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​ការស៊ើបអង្កេត​អំពី​ការជួយ​ឧបត្ថម្ភ​ធនមួយ ដែល​អាច​នាំឱ្យ​មាន​ការយកពន្ធ​ជា​លក្ខណៈ​ដាក់ទណ្ឌកម្ម​លើ​ការនាំចូល​លើ​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​របស់​ចិន៕

ប្រែសម្រួល​ដោយ​លោក ប៉ូច រាសី

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG