ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ដោយ​រួម​បញ្ចូល​ទាំង​ក្រុមហ៊ុន​ចិន​ផង​ដែរ


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចូលរួម​កិច្ច​ប្រជុំ​មួយ​នៅ​វិមាន​ក្រឹមឡាំង ក្នុងទីក្រុង​មូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចូលរួម​កិច្ច​ប្រជុំ​មួយ​នៅ​វិមាន​ក្រឹមឡាំង ក្នុងទីក្រុង​មូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ ទៅលើ​បុគ្គល​និង​ក្រុមហ៊ុន​រាប់រយ​ចំពោះ​ការគាំទ្រ​របស់​ពួក​គេ​ទៅ​លើ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ដែល​ក្នុង​នោះ​បូក​រួមទាំង​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​ផង​ដែរ។

ខណៈ​ដែល​ទណ្ឌកម្ម​ភាគច្រើន​ត្រូវ​បាន​ដាក់​លើ​បុគ្គល​ជនជាតិ​រុស្ស៊ី និង​ក្រុមហ៊ុនរុស្ស៊ី​វិធានការ​របស់​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​ក៏​រួម​បញ្ចូល​បុគ្គល​ជា​ពលរដ្ឋ​ចិន​និង​ក្រុមហ៊ុន​ចិន​ផងដែរ ទាំង​នៅ​ចិន​ដីគោក​និង​នៅ​ទីក្រុង​ហុងកុង ដោយសារតែ​ពួក​គេ​ផ្គត់ផ្គង់​សម្ភារៈ​ដល់​យោធា​រុស្ស៊ី។

ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​បាន​ផ្ដោត​គោលដៅ​ទៅ​លើ​បុគ្គល​និង​ក្រុមហ៊ុនដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាហ្សាក់ស្ថាន លិចតិចស្ដាញ តួកគី និង​អេមីរ៉ាតអារ៉ាប់រួម ខណៈដែល​សហភាព​អឺរ៉ុប​ក៏​បាន​ផ្ដោត​គោលដៅ​នៃ​ទណ្ឌកម្ម​របស់​ខ្លួន​ទៅលើ​បុគ្គល​និង​ស្ថាប័ន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា កាហ្សាក់ស្ថាន ស៊ែប៊ី ស្រីលង្កា​និង តួកគី​ផងដែរ។

ទណ្ឌកម្ម​ក៏ត្រូវបាន​ដាក់​ទៅលើ​មន្ត្រី​ពន្ធនាគារ​រុស្ស៊ី​ពាក់ព័ន្ធ​ទៅនឹង​ការស្លាប់​ដ៏គួរ​ឱ្យ​សង្ស័យ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី លោក Alexey Navalny នៅ​ក្នុង​ពន្ធនាគាររុស្ស៊ីមួយកាលពី​សប្ដាហ៍​មុន។

ក្រសួង​ការបរទេស​រុស្ស៊ី​បដិសេធទណ្ឌកម្ម​ទាំងនេះ ដោយ​ចាត់​ទុក​ថា​វា​ជា​«រឿង​ខុស​ច្បាប់» ហើយ​ថា រុស្ស៊ី​នឹង​ឆ្លើយ​តប​តាមរយៈ​ការ​ហាមឃាត់​ពលរដ្ឋ​ពី​សហភាព​អឺរ៉ុប​ដែលផ្ដល់​ជំនួយ​យោធា​ទៅ​អ៊ុយក្រែន​មិន​ឱ្យ​ចូល​ទឹកដី​រុស្ស៊ី។

ទាហានអ៊ុយក្រែន​ដាក់​កម្រងផ្កា​នៅមុខ​ផ្ទាំង​រូបថត​យុទ្ធជន​អ៊ុយក្រែន​ដែល​បាន​ស្លាប់​នៅ​សមរភូមិ​ ក្នុងខួប​២ឆ្នាំ​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ទាហានអ៊ុយក្រែន​ដាក់​កម្រងផ្កា​នៅមុខ​ផ្ទាំង​រូបថត​យុទ្ធជន​អ៊ុយក្រែន​ដែល​បាន​ស្លាប់​នៅ​សមរភូមិ​ ក្នុងខួប​២ឆ្នាំ​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

មន្ត្រី​ចិន​មិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ឆ្លើយបត​ទៅ​នឹង​ទណ្ឌកម្ម​ទាំងនេះ​ភ្លាមៗ​នោះ​ទេ។ ប៉ុន្តែ​អ្នកស្រី Mao Ning អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​អង្គារ​អំពី​ទណ្ឌកម្ម​ដែល​នឹងកើត​មាន​នេះ​ថាចិន​ដើរ​តាម​ «ជំហរ​របស់​ខ្លួន​ដែល​មាន​ភាព​ជាក់ស្ដែង​និង​មិន​លម្អៀង​ចំពោះ​វិបត្តិ​នៅ​អ៊ុយក្រែន» ហើយចិន​ក៏​បាន​ធ្វើកិច្ចការ​យ៉ាង​សកម្ម​ដើម្បី​លើក​កម្ពស់​កិច្ចពិភាក្សា​សន្តិភាព»។

អ្នក​ស្រី​បន្ត​ថា៖ «ចិន​មិន​បាន​អង្គុយ​នៅ​ស្ងៀម ហើយ​ក៏​មិន​បាន​កេង​ប្រវ័ញ្ច​ទៅ​លើ​ស្ថានភាព​នេះ​ដើម្បី​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ដែរ»។

មន្ត្រី​អ៊ុយក្រែន​និង​សេចក្តីរាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​បាន​ចោទ​ថាក្រុមហ៊ុនចិន​បាន​ផ្គត់ផ្គង់​គ្រឿង​អេឡិចត្រូនិច​សំខាន់ៗនិង​បច្ចេកវិទ្យា ​ដែល​ប្រើប្រាស់​សម្រាប់​វិស័យយោធា​និង​ស៊ីវិល​ទៅ​ឱ្យ​យោធា​រុស្ស៊ី​ចាប់តាំង​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើអ៊ុយក្រែនចាប់ផ្ដើមកាល​ពី​ពីរ​ឆ្នាំ​កន្លង​ទៅ។ ការផ្គត់ផ្គង់​ទាំងនោះ​រួមមាន​គ្រឿង​បង្គុំសម្រាប់ផលិតដ្រូន។ ប៉ុន្តែ​រុស្ស៊ី​បាន​ច្រានចោល​ការ​ចោទប្រកាន់​ទាំងនោះ។

បុគ្គល​និង​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​រងទណ្ឌកម្ម​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ជំនួញជាមួយក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិក ឬ​ជាមួយ​ក្រុមហ៊ុន​ពី​សហភាព​អឺរ៉ុប។

ប៉ុន្តែ ក្រុម​អ្នក​វិភាគ​ផ្នែក​ច្បាប់​និង​នយោបាយ​មិន​យល់​ស្រប​គ្នា​ទៅ​លើ​ប្រសិទ្ធភាពនៃ​ការដាក់​ទណ្ឌកម្ម​ទាំង​នេះ។

លោក​មេធាវី Mark Handley ដែល​ជា​មន្ត្រីជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន​ច្បាប់ Duane Morris LLP មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ Philadelphia សហរដ្ឋ​អាមេរិក ​បាន​ថ្លែង​ថា ការដាក់​ទណ្ឌកម្ម​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ទទួល​ផល​ប៉ះពាល់​លើ​មុខជំនួញ​អន្តរជាតិ​របស់​ពួក​គេ។

លោកថ្លែង​ថា៖ «បញ្ហា​មួយ​ចំនួន​ដូចជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អន្តរជាតិ​និង​ការដឹក​ជញ្ជូន​តាម​នាវា​អាច​នឹង​មាន​ភាព​ស្មុគស្មាញ​កាន់តែ​ខ្លាំង ​នៅ​ពេល​ពួក​គេ​ស្ថិត​នៅលើ​បញ្ជី​ទណ្ឌកម្ម»។

យ៉ាងណាក៏ដោយ លោក Pieter Cleppe ដែល​ជា​និពន្ធ​នាយក​នៃ​សារព័ត៌មាន​អន ឡាញ BrusselsReport.eu បាន​ប្រាប់​វីអូអេ​ថា៖ «ការស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្របង្ហាញ​ថា​ ទណ្ឌកម្ម​ភាគច្រើន​បរាជ័យ ជាពិសេស​ប្រសិន​បើ​ទណ្ឌកម្ម​នោះ​មាន​រយៈ​ពេល​កាន់ តែ​យូរ ដូចជា​ករណី​សម្រាប់​ប្រទេស​រុស្ស៊ី​ជាដើម។ ការណ៍​នេះ​ដោយសារ​ថា ប្រទេស​ដែល​ជាគោលដៅ​នៃ​ទណ្ឌកម្ម​បាន​ដឹង​ពី​វិធី​ដើម្បី​ប្រឈម​មុខ​ជាមួយ​នឹង​ទណ្ឌកម្មទាំង​នោះ។ ការដាក់​ទណ្ឌកម្ម​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋរុស្ស៊ី​សាមញ្ញ ប៉ុន្តែ​វា​មិន​អាច​បញ្ឈប់​អំពើ​ល្មើស​របស់​រុស្ស៊ី​ដែល​ជាគោលដៅ​ចម្បង​នៃ​ទណ្ឌកម្ម​នោះ​បាន​ទេ»

ក្រុមការងារ The Yermak-McFaul International ដែល​សិក្សារ​អំពី​ទណ្ឌកម្ម​លើ​រុស្ស៊ី​និងក្រុម​អ្នកវិភាគ​អ៊ុយក្រែន ​នៅវិទ្យាស្ថាន KSE កាលពី​ខែ​មករា បាន​ចុះផ្សាយ​របាយ​ការណ៍​មួយ​ដែល​បង្ហាញ​ថា បច្ចេកវិទ្យាដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​រួចហើយក៏នៅ​តែ​ធ្លាក់​ទៅដល់​ដៃ​យោធា​រុស្ស៊ី​តាមរយៈ​ប្រទេស​ទី ៣ ​ដែល​ដើរតួ​ជាឈ្មួញ​កណ្ដាល។ សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា បញ្ហា​នេះ​នឹង​លែងកើត​មាន​ទៀត​ហើយ​តាមរយៈ​វិធានការ​ថ្មីៗ​របស់​ពួកគេ។

ទោះបីជា​ទណ្ឌកម្ម​ដ៏ច្រើន​ដែល​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​នេះ​ក៏ដោយ​ សេដ្ឋកិច្ច​របស់​រុស្ស៊ី​មាន​ភាព​ធន់​ ដោយហេតុ​ថា រុស្ស៊ី​បាន​បង្វែរ​ពីការ​ធ្វើពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​ទៅ​ធ្វើ​ជំនួញ​និង​លក់​ផលិតផល​ប្រេង​កាន់តែ​ច្រើន​ទៅ​ឲ្យ​ប្រទេស​ដែលជា​មិត្តរបស់​រដ្ឋាភិបាល​ក្រុង​មូស្គូ ដូចជា​ឥណ្ឌា ប្រេស៊ីល​និង​ចិន​ជាដើម។

លោក Junhua Zhang អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​អឺរ៉ុប​សម្រាប់​ការសិក្សា​អំពី​តំបន់​អាស៊ី​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ព្រុចស៊ែល​ បាន​ថ្លែង​ថា ការរំពឹង​ទុក​ខ្ពស់​បំផុត​របស់​សហភាព​អឺរ៉ុប​ គឺ​ធ្វើ​យ៉ាងណា​ឱ្យចិន​ចួលរួម​ជាមួយ​សហភាព​អឺរ៉ុប​ក្នុងការ​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី ប៉ុន្តែ​ការរំពឹង​ទុក​បែប​នេះ​ខុស​ពី​ការពិត។ ក្ដីរំពឹង​ទាប​បំផុត​របស់​សហភាព​អឺរ៉ុប​គឺ​ធ្វើឱ្យ​ក្រុមហ៊ុន​នានា​របស់​ចិន​ឈប់​ធ្វើការ​ជាមួយ​រុស្ស៊ី។ ប៉ុន្តែ​លោក​ថា បើនិយាយ​ឱ្យ​មែនទែន​ទៅ មានតែ​មនុស្ស​ល្ងីល្ងើ​ទេ​ដែល​មាន​ការរំពឹង​ទុក​បែប​នេះ។

រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin ពិភាក្សា​នៅក្នុង​កិច្ច​ប្រជុំ​មួយ នៅវិមានក្រឹមឡាំង ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ (Sputnik, Kremlin Pool Photo via AP)
រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin ពិភាក្សា​នៅក្នុង​កិច្ច​ប្រជុំ​មួយ នៅវិមានក្រឹមឡាំង ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ (Sputnik, Kremlin Pool Photo via AP)

លោក​ថ្លែង​ថា៖ «យើង​គិត​មើល​ទៅ ប្រធានាធិបតីចិន Xi Jinping មើល​ឃើញ​លោក ​Putin ថា ​មិត្ត​ល្អ​បំផុត​របស់​លោក ហើយ​អ្នកដែល​នៅ​ក្រោមឱវាទ​របស់​លោក​នឹង​ធ្វើ​ដូចគ្នាដែរ។ សហភាព​អឺរ៉ុប​ក៏​បាន​យល់​ឃើញ​អំពី​ចំណុច​នេះ​ដែរ»។

ប៉ុន្តែអ្នកវិភាគ​ផ្សេង​ទៀត​លើកឡើង​ថា ទណ្ឌកម្ម​នានា​ទៅ​លើ​ក្រុមហ៊ុន​ចិន​អាច​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងគិតឡើង​វិញ។

អ្នកស្រី Aliona Hlivco អតីត​តំណាងរាស្ត្រ​អ៊ុយក្រែន​និង​ជា​នាយិករ​គ្រប់គ្រង​អង្គការ​ស្រាវជ្រាវនិង​ការវិភាគ Henry Jackson Society មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​និយាយ​ថា ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​ចិន​អាច​មាន​ប្រយោជន៍​ក្នុងការ​បញ្ឈប់​សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។

អ្នកស្រី​ថ្លែង​ថា៖ «បច្ចុប្បន្ន​នេះ ចិន​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​លោក​ខាង​លិច​មាន​ភាព​ប្រសើរ​ឡើង។ ដូច្នេះ ការទាញ​ចិន​ឱ្យ​គោរពតាម​ច្បាប់អន្តរជាតិអាច​ជា​ឱកាស​ដ៏ល្អ»។

សហភាព​អឺរ៉ុប​គឺជា​ប្លុក​ដៃគូ​ពាណិជ្ជកម្ម​ធំ​លំដាប់​ទីពីរ​របស់​ចិន បន្ទាប់​ពី​សមាគម​ប្រជាជាតិអាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន។

អង្គភាព​គយ​ចិន​បាន​ឱ្យ​ដឹង​ថា ពាណិជ្ជកម្ម​រវាង​ចិន​និង​សហភាព​អឺរ៉ុប​មាន​ទំហំ ៧៨៣ ពាន់​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​ ២០២៣ ដែល​ធ្លាក់​ចុះ ៧,៦ភាគរយ ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០២២។

នៅ​ឆ្នាំ ២០២៣ ដដែល ខណៈ​ដែល​រុស្ស៊ី​បាន​បាត់បង់​ទីផ្សារ​ភាគច្រើន​នៅ​អឺរ៉ុប​ ដោយ សារតែ​ទណ្ឌកម្ម​នោះ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​និង​រុស្ស៊ី​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​មួយ​ក្នុង​ទឹកប្រាក់ ២៤០ ពាន់លាន​ដុល្លារ​ ដែល​ជា​ទំហំ​មួយ​កើន​រហូត​ដល់​ទៅ​២៦,៣ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០២២។

ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​នៅ​ឆ្នាំ ២០២៣ បាន​ធ្លាក់ចុះ ១១ ភាគរយ​មក​នៅ​ត្រឹម ៦៦៤ ពាន់​លាន​ដុល្លារ ដែល​ជា​ការធ្លាក់ចុះ​លើក​ដំបូង​ចាប់​តាំងពី​ឆ្នាំ ២០១៩ មក។ នេះ​បើយោង​តាម​ទិន្នន័យ​គយ​សហរដ្ឋ​អាមេរិក។ ក្រសួង​ពាណិជ្ជកម្មសហរដ្ឋ​អាមេរិកបាន​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​នាំចូល​ទំនិញ​ពី​ប្រទេស​ម៉ិកស៊ិក​ច្រើន​ជាង​នាំចូល​ពី​ចិន ជាលើក​ទី ១ ​ក្នុង​រយៈ​ពេល​ ២០ ​ឆ្នាំ​ចុង​ក្រោយ​នេះ៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG