ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបទេស​អាមេរិក​ជំរុញ​ឱ្យ​​កម្ពុជា​ទម្លាក់​បទ​ចោទប្រកាន់​លើ​​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង


រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្រសួងការបរទេសសហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្រសួងការបរទេសសហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

ភ្នំពេញ — នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាមេរិក​អាស៊ាន​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ សហរដ្ឋ​អាមេរិក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ពិចារណាទម្លាក់​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​អ្នក​នយោបាយគណបក្ស​ជំទាស់។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ចុះកាល​ពី​ថ្ងៃ​ទី ១៤ ខែ​ឧសភា អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក​ Ned Price បាន​លើកឡើង​ថា នៅ​ក្នុង​ជំនួប​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេសខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ដែល​ត្រូវ​បាន​ជំរុញ​ពី​ក្រោយ​ដោយ​ហេតុផល​នយោបាយ​ប្រឆាំង​នឹង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ និង​អនុញ្ញាត​ឱ្យ​ពួក​គេ​ចូលរួម​ដោយ​សេរី​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។

បន្ថែម​ពី​លើ​នេះ​ សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការបទេស​កម្ពុជា​លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Blinken ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​រឹតត្បិត​សិទ្ធិ​មនុស្ស និង​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​ផង​ដែរ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ឱ្យ​ដឹង​ថា​ ​សំណើ​របស់​រដ្ឋាភិបាល​អាមេរិក​អាច​សម្រេច​ទៅ​បាន ឬ​មិន​បាន​នោះ គឺ​អាស្រ័យ​លើ​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា។

ប៉ុន្តែ​លោក​ជឿថា កម្ពុជា​អាច​ប្រឈម​គំនាប​បន្ថែមលើ​ផ្នែក​ពាណិជ្ជកម្ម ឬ​ទណ្ឌកម្ម​ផ្សេងៗ​ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា មិន​មាន​ការ​ជឿនលឿន​ណា​មួយ​ចំពោះ​ចំណុច​ផ្សេងៗ​ដែល​បស្ចិមលោក​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ។

លោក​និយាយ​ថា៖ «ក៏​ប៉ុន្តែ​គ្រាន់​ថា ​អ្វី​ដែល​ជា​បញ្ហា​ ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​បែប​ហ្នឹង​ហើយ យើង​អត់​មាន​ការ​អនុវត្ត​តាម បញ្ហា​គឺ​អាច​នឹង​មាន​រង​ការ​ដាក់​សម្ពាធ​ផ្សេងៗ​ពី​ខាង​សហរដ្ឋ​អាមេរិក​ទៀត​ដែរ»។

លោក ​ស៊ឹង សែនករុណា​ ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា កន្លង​មក​ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ផ្តោតច្រើន​លើ​ការ​កែ​ទម្រង់​ផ្សេងៗ បន្ទាប់​ពី​មាន​ការ​ស្នើសុំ​ពី​សហរដ្ឋ​អាមេរិក ឬ​ប្រទេស​នៅលោកសេរីនោះ​ទេ ហើយ​ជា​ទូទៅ គឺ​តែងតែមិន​អើ​ពើ​ ឬ​ធ្វើ​ការច្រាន​ចោល​រាល់​សំណើ​នោះ។

កាល​ពី​ថ្ងៃ​សុក្រ ​ទី​ ១៣ ខែ​ឧសភា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក​ Antony Blinken បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ ប្រាក់​ សុខុន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ទី​មាន​ការ​ជួបពិភាក្សា​គ្នា​ជា​លើក​ដំបូង​ និង​ជា​ប្រវត្តិសាស្ត្រ​រវាង​ក្រុម​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ និង​ក្រុម​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន អំឡុង​ពេល​អាមេរិក​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​ ឆ្នាំ​ ២០២២។

រូបឯកសារ៖ អ្នកទោសនយោបាយត្រូវបានដឹកតាមរថយន្តមកកាន់សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។
រូបឯកសារ៖ អ្នកទោសនយោបាយត្រូវបានដឹកតាមរថយន្តមកកាន់សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។

អ្នក​វិភាគ​នយោបាយ​លោក​ សេង សារី ​បាន​ថ្លែងថា សហរដ្ឋអាមេរិក​តែងតែ​ជំរុញ​ឱ្យ​អ្នកនយោបាយ​ ដែល​មាន​និន្នាការ​ផ្ទុយ​ពីគណបក្ស​កាន់​អំណាច ទទួល​បាន​ឱកាស​និង​សិទ្ធិ​សេរីភាព​ពេញលេញ​ នៅ​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ផ្នែក​នយោបាយ។

លោក​បាន​បន្ត​ថា ស្រប​ពេល​ដូចគ្នា​នេះ​ដែរ លោក​សង្កេត​ឃើញ​មាន​សញ្ញា​សន្សឹមៗ​នៃ​ការ​ផ្សះផ្សា​គ្នា​រវាង​អ្នកនយោបាយ​នៅ​កម្ពុជា ឆ្ពោះ​ទៅ​រកដំណោះស្រាយ​ជម្លោះ​នយោបាយ​ដែល​កំពុង​ជាប់គាំង​នៅ​កម្ពុជា។

លោក​បាន​និយាយ​ថា៖ «អ្វី​ដែល​សំខាន់​នោះ​គឺ ពី​លោក​នាយករដ្ឋមន្រ្តី​ផ្ទាល់​ ក៏​បាន​បង្ហាញ​នូវ​សារ​វិជ្ជមាន​មួយ​ចំនួន​ដែល​ហាក់​ដូច​ជា​ ផ្តល់​[សញ្ញា]​នៅ​ក្នុង​ការ​ចង់​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ។ ដូច្នេះ​ ស្ថានភាព​លោក​ កឹម សុខា គឺ​នឹង ប្រសើរ​ឡើង​ ដោយសារ​លោក​នាយករដ្ឋមន្រ្តី ក្នុង​នាម​ប្រធាន​អំណាច​ប្រតិបត្តិ​ហ្នឹង ហាក់​ដូច​ជា ផ្តល់​នូវ​ឱកាស​ឱ្យ​ លោក​ កឹម សុខា​ ចេញ​សួរ​សុខទុក្ខ​កូន ចៅ និង​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​អី​ជា​ដើម»។

លោក​បាន​បន្ត​ថា៖ «លោក​នាយករដ្ឋមន្រ្តី​ផ្ទាល់​ក៏​ហាក់​ដូចជា ផ្តល់​នូវ​សញ្ញាណ​សម្រាប់​លោក​ សម រង្ស៊ី នៅ​ក្នុង​ការ​បើក​ភ្លើង​ខៀវ​នៅ​ក្នុង​ច្រក​សម្រាប់​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ក៏​ប៉ុន្តែ​កាលៈទេសៈ​បាន​ហួស​មួយ​ដំណាក់កាល​ទៅ​ហើយ។ ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ការ​ប្រែប្រួល»។​

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ផ្ញើ​សារ​តេឡេក្រាម​ថា ការ​ស្នើ​សុំ​ពី​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​អាមេរិក​គឺ​ជា «រឿង​ធម្មតា​មួយ» ហើយ​មិន​អាច «ជ្រៀតជ្រែក​លើ​កិច្ចការ​ផ្ទៃ​ក្នុង និង​រំលោភ​បំពាន​លើ​អធិបតេយ្យ និង​ច្បាប់​ជាតិ» របស់​កម្ពុជា​នោះ​ទេ។ ​

លោក​បាន​ថ្លែង​ថា៖ «ការ​អំពាវនាវ​របស់​គាត់​គឺ​ជា​រឿង​ធម្មតា គឺ​ជា​ការ​អំពាវនាវ​ដែល​មាន​ចរិត​ការទូត តាម​បែបបទ​ការ​ទូត។ ក៏​ប៉ុន្តែ​អ្វីៗ​ត្រូវ​អនុវត្ត​តាម​ច្បាប់។ អញ្ចឹង​កម្ពុជា​គឺ​ គ្មាន​អី​ដែល​ត្រូវ​ផ្អែក​ទៅ​លើ​ច្បាប់​ និង​នីតិវិធី​ច្បាប់​របស់​កម្ពុជា​នោះ​ទេ»។

គួរ​រំឭក​ផង​ដែរ ក្នុង​ជំនួប​ដោយ​ឡែក​មួយ​ទៀតជាមួយ​នឹងរដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់​ សុខុន​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី ១១ ខែ​ឧសភា អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោកស្រី Wendy Sherman បាន​លើក​ឡើង​អំពី​ការ​បារម្ភ​ ពាក់​ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​នៅកម្ពុជា​ ក្នុង​នោះ​ក៏មានការ​លើក​ឡើង​ពាក់ព័ន្ធ​នឹងបទ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​នយោបាយ​គណបក្ស​ជំទាស់​លោក​ កឹម សុខា ផងដែរ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មានដាច់​ដោយឡែក​មួយទៀតរបស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។

ដំណាល​គ្នា​នេះ​ដែរ​ អំឡុង​ពេល​មាន​វត្តមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ លោកនាយរកដ្ឋមន្រ្តី​ ហ៊ុន សែន​ ​បាន​ប្រាប់​ក្រុម​មន្ត្រី​កម្ពុជា​ និង​ពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​ និងប្រទេស​កាណាដា​ក្នុង​ជំនួប​មួយ​ថា​ លោក​មិន​បាន​ចោទ​ថា​ អាមេរិក​មានការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​សំណុំរឿង​ក្បត់​ជាតិ​របស់​លោក កឹម សុខា​ ទេ​ ប៉ុន្តែគឺ ​លោក កឹម សុខា ​ទេ​ ជា​អ្នក​និយាយ​ខ្លួនគាត់។ ដូច្នេះ​លោក​ថា​ លោក កឹម សុខា​ ត្រូវ​ដោះស្រាយ​ជាមួយ​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG