ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី​ Wendy Sherman​ បង្ហាញ​ក្តីបារម្ភ​ចំពោះ​សេរីភាព​មូល​ដ្ឋាន​នៅ​កម្ពុជា


រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់​ សុខុន (ឆ្វេង) ឈរ​ថតរូប​ជាមួយ​នឹង​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិកអ្នកស្រី Wendy Sherman ក្នុង​ជំនួប​ដាច់​ដោយឡែក​មួយ​នៅ​វ៉ាស៊ីនតោន ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ (Facebook/Ministry of Foreign Affairs and International Cooperation - Cambodia)
រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់​ សុខុន (ឆ្វេង) ឈរ​ថតរូប​ជាមួយ​នឹង​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិកអ្នកស្រី Wendy Sherman ក្នុង​ជំនួប​ដាច់​ដោយឡែក​មួយ​នៅ​វ៉ាស៊ីនតោន ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ (Facebook/Ministry of Foreign Affairs and International Cooperation - Cambodia)

ក្នុង​ជំនួប​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់​ សុខុន​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃ​ពុធ​ អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិកអ្នកស្រី Wendy Sherman បាន​លើក​ឡើង​អំពី​ការ​បារម្ភ​ ពាក់​ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​នៅកម្ពុជា​ ក្នុងនោះ​ក៏មានការ​លើកឡើង​ពាក់ព័ន្ធ​នឹងបទ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​នយោបាយ​គណបក្ស​ជំទាស់​លោក​កឹម សុខាផងដែរ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។

បើ​តាម​សេចក្តី​ប្រកាស​ចេញផ្សាយ​កាល​ពីថ្ងៃទី​១១ ខែឧសភា​ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Ned Price ​ផ្តល់​ការ​អត្ថាធិប្បាយ​ថា​ អ្នកស្រី Wendy Sherman បាន​លើកឡើង​ផងដែរ​នូវ​ការ​រឹតត្បិត​លើ​មេដឹកនាំសង្គមស៊ីវិល​ នៅ​មុនការ​បោះឆ្នោត​ឃុំសង្កាត់​ខែ​មិថុនា​ ឆ្នាំ​២០២២​ និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០២៣​ និង​បញ្ជាក់​សាថ្មី​អំពី​ក្តីបារម្ភ​របស់​សហរដ្ឋ​អំពី​វត្តមាន​របស់​កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ការ​សាង​សង់​សំណង់​អគារ​ផ្សេង​ៗ​នៅមូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម។

ការ​លើកឡើង​របស់អ្នកស្រី Wendy Sherman អំពីបញ្ហា​ទាក់​ទង​នឹង​ប្រទេ​សកម្ពុជា​នេះ​ ធ្វើឡើង​ខណៈ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់​ សុខុន និង​មន្ត្រីជាន់​ខ្ពស់​កម្ពុជា​ឯទៀត​កំពុង​អមដំណើរ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ដែល​ជាប្រធាន​ប្តូរវេនអាស៊ាន​សម្រាប់​ឆ្នាំ​២០២២​ចូលរួមកិច្ច​ប្រជុំ​ កំពូល​ពិសេស​អា​មេរិក​-អាស៊ាន នៅថ្ងៃទី​១២ និង​១៣ ខែ​ឧសភានេះ។

សេចក្តី​ប្រកាស​ដដែលរបស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ឱ្យដឹងបន្ថែមថា​ អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកអ្នកស្រី Wendy Sherman ​ក៏បាន​អរគុណ​កម្ពុជាចំពោះការ​គាំទ្ររបស់​ខ្លួន​ ក្នុង​សម្របសម្រួល​កិច្ច​ប្រជុំ​កំពូល​ពិសេស​អា​មេរិក​-អាស៊ាន​ដែលកំពុង​ខិត​ជិត​មក​ដល់ និង​បាន​សន្យា​ឱ្យមាន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា​តាម​រយៈ​អាស៊ានក្នុងវិស័យ​នានា​ដែល​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។

​ដោយ​ឡែក​ អំឡុង​ពេលមាន​វត្តមាន​នៅរដ្ឋធានីវ៉ាស៊ីនតោន​ លោក​ ហ៊ុន សែន​ ប្រាប់​ក្រុមមន្ត្រីកម្ពុជា​ និង​ពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋអាមេរិក​ និងប្រទេស​កាណាដា​ក្នុងជំនួបមួយ​ថា​ លោក​មិន​បាន​ចោទ​ថា​ អាមេរិក​មានការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​សំណុំរឿង​ក្បត់​ជាតិ​របស់​លោក កឹម សុខា​ទេ​ ប៉ុន្តែគឺ​លោកកឹម សុខា​ទេ​ ជាអ្នក​និយាយ​ខ្លួនគាត់។ ដូច្នេះ​លោក​ថា​ លោកកឹម សុខា​ ត្រូវ​ដោះស្រាយ​ជាមួយ​សហរដ្ឋអាមេរិក។​

លោកលើក​ឡើងយ៉ាង​ដូច្នេះ៖ «ខ្ញុំថា​ ខ្ញុំអត់​ចោទ​អាមេរិក​តើ! អ្វី​ដែល​មាន​នោះ​គឺ​ ឯកឧត្តម​កឹម សុខា​ គាត់​និយាយ​ខ្លួន​ឯង​តើ!​ អ៊ីចឹង​ ត្រូវ​ការ​ដោះស្រាយ​រវាង​ អាមេរិក​ និង​កឹម​ សុខា​។ អ៊ីចឹង​ អាមេរិក​ប្រកាស​បដិសេធ​ បាន​ធ្វើ​អ៊ីចឹង​ ដូច​កឹម សុខា​និយាយ​អត់? វាតែប៉ុណ្ណឹង​តើ!​ ប្រហែល​ជាពេល​នេះ​ ឯកឧត្តមកឹម សុខា​ក៏មើល​ដែរ»៕

XS
SM
MD
LG