សហមេធាវីការពារក្តីឱ្យលោកកឹម សុខា ចាត់ទុកការបកស្រាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពាក់ព័ន្ធនឹងសំណុំរឿងលោកកឹម សុខា ថា អាចជាទល្ហីករណ៍ ឬសំអាងមួយដែលតុលាការគួរយកទៅគិតគូរវាសរកផ្លូវ បិទបញ្ចប់នីតិវិធីជំនុំជម្រះសំណុំរឿងរបស់លោកកឹម សុខា ដែលរងការចោទប្រកាន់ពីបទក្បត់ជាតិនោះ។
នៅក្នុងជំនួបមួយជាមួយក្រុមមន្ត្រីកម្ពុជា និងពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាប្រមាណ២០០០នាក់ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកហ៊ុន សែន ថ្លែងចំៗដល់ករណីលោកកឹម សុខាថា លោកមិនបានចោទថា អាមេរិកមានការជាប់ពាក់ព័ន្ធក្នុងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខាទេ ប៉ុន្តែគឺលោកកឹម សុខាទេ ជាអ្នកនិយាយខ្លួនគាត់។ ដូច្នេះលោកថា លោកកឹម សុខា ត្រូវដោះស្រាយជាមួយសហរដ្ឋអាមេរិក។ លោកហ៊ុន សែនថ្លែងកាលពីថ្ងៃពុធយ៉ាងដូច្នេះ៖
«ខ្ញុំថា ខ្ញុំអត់ចោទអាមេរិកតើ! អ្វីដែលមាននោះគឺ ឯកឧត្តមកឹម សុខា គាត់និយាយខ្លួនឯងតើ! អ៊ីចឹង ត្រូវការដោះស្រាយរវាង អាមេរិក និងកឹម សុខា។ អ៊ីចឹង អាមេរិកប្រកាសបដិសេធ បានធ្វើអ៊ីចឹង ដូចកឹម សុខានិយាយអត់? វាតែប៉ុណ្ណឹងតើ! ប្រហែលជាពេលនេះ ឯកឧត្តមកឹម សុខាក៏មើលដែរ»
លោកបន្ថែមថា៖ «ខ្ញុំសុំជម្រាបខ្ញុំអត់យើង ទាំងតុលាការ ទាំងរាជរដ្ឋាភិបាល អត់មានចោទអាមេរិកទេ អ្វីដែលកើតមានគឺ កឹម សុខា និយាយអំពីអាមេរិកជួយអ៊ីចេះ! អ៊ីចេះ! អ៊ីចេះ!...មាននៅក្នុងហ្នឹងតើ! អ៊ីចឹង រឿងនេះ វាមិនមែនរឿងរវាងកម្ពុជា និងអាមេរិកឯណា! រឿងកឹម សុខា អ៊ីចឹង អាមេរិក ត្រូវធ្វើឥរិយាបថ យ៉ាងម៉េច ម៉េចលោកឯងយកឈ្មោះខ្ញុំទៅនិយាយ»។
ប្រតិកម្មទៅនឹងការបកស្រាយយ៉ាងដូច្នេះ សហមេធាវីការពារក្តីឱ្យលោក កឹម សុខា មួយរូបក្នុងចំណោម៤រូប គឺអ្នកស្រី ម៉េង សុភារី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា បើតាមការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី តុលាការគួរពិចារណាបិទបញ្ចប់រឿងក្តីលោក កឹម សុខាដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ។
អ្នកស្រីនិយាយថា៖ «បើសម្តេចមានប្រសាសន៍ថា ទាំងរដ្ឋាភិបាល ទាំងតុលាការ អត់មានចោទប្រកាន់ទៅលើឯកឧត្តមកឹម សុខាទេ អ៊ីចឹង រឿងគួរ គឺចប់ហើយ ពីព្រោះនៅក្នុងសុន្ទរកថា របស់ឯកឧត្តមកឹម សុខា ក៏អត់មានបាននិយាយថា ទៅឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិកដែរ ហើយចំណែកឯសហរដ្ឋអាមេរិក ក៏បានប្រកាសហើយថា ខ្លួនអត់មានគោលនយោបាយ ក្នុងការឈ្លានពាន ឬក៏ផ្តួលរំលំរដ្ឋាភិបាលកម្ពុជាយើងដែរ»។
អ្នកស្រីបន្ថែមថា៖ «ចំពោះការភាន់ច្រឡំទៅលើសុន្ទរកថា របស់ឯកឧត្តម កឹម សុខាថាមានការឃុបឃិតគ្នាជាមួយនឹងសហរដ្ឋអាមេរិកនោះ នោះអត់អីទេ គឺឯកឧត្តមកឹម សុខានឹងដោះស្រាយបញ្ហានេះ ជាមួយសហរដ្ឋអាមេរិក»។
អ្នកស្រី ម៉េង សុភារី ស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើលោកកឹម សុខា ឱ្យបានឆាប់ៗ ព្រោះបើតាមការថ្លែងរបស់លោកនាយរដ្ឋមន្ត្រី រដ្ឋាភិបាលអត់បានចោទប្រកាន់ថា លោកកឹម សុខា បានឃុបឃិតជាមួយសហរដ្ឋអាមេរិកនោះទេ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា ជឿថា សំណុំរឿងលោក កឹម សុខា ដែលមានអាយុកាលជាងបួនឆ្នាំមកហើយ នឹងអាចត្រូវបានបិទបញ្ចប់ ប្រសិនបើមានការស្រុះស្រួលគ្នាខាងនយោបាយ។
លោកបន្ថែមថា ភស្តុតាងសុន្ទរកថារបស់លោកកឹម សុខានៅប្រទេសអូស្រ្តាលីដែលត្រូវបានថតជាឃ្លីបវីដេអូ និងយកមកប្រើប្រាស់ក្នុងតុលាការនោះ មិនបានបង្ហាញថា មេដឹកនាំគណបក្សជំទាស់រូបនោះ មានបំណងផ្តួលរំលំរដ្ឋាភិបាលនោះទេ ពោលគឺលោកចង់បានការផ្លាស់ប្តូររដ្ឋាភិបាលតាមការបោះឆ្នោតតែប៉ុណ្ណោះ។ លោកនិយាយថា៖
«អ៊ីចឹង មកលើកយកការថ្លែង របស់លោកកឹម សុខា អីទាំងអស់នេះ មកធ្វើការចោទប្រកាន់ ខ្ញុំយល់ថា វាហាក់ដូចជា អត់មាន ទម្ងន់អ្វីសម្រាប់ ធ្វើការចោទប្រកាន់សម្រាប់លោកកឹម សុខាទេ។ ចំណុចនេះ យើងមានការសោកស្តាយដែរ ដូចជាដំណើរការសំណុំរឿងហ្នឹង យើងគិតទៅ គឺបួនឆ្នាំជាងហើយ ហើយមកទល់ពេលនេះ គឺអត់ទាន់ច្បាស់ អំពី មានភាពច្បាស់លាស់អំពីភស្តុតាងដាក់បន្ទុកទៅលើ លោកកឹម សុខានោះទេ»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ តែលោកមិនឆ្លើយ តបសំណួររបស់ VOAតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃសុក្រនេះ។
លោកកឹម សុខាកំពុងរងការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសឬតាមអ្វីដែលគេហៅម្យ៉ាងទៀតថាការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ កន្លងមកទាំងលោកកឹម សុខានិងសហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់ដ៏ចម្រូងចម្រាសនេះ៕