ក្នុងទស្សនកិច្ចជាលើកទីមួយរបស់លោកទៅកាន់ប្រទេសអាល្លឺម៉ង់ ក្នុងនាមជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo កំពុងជួបជាមួយលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel ក្នុងទីក្រុងប៊ែឡាំង។
មុនជំនួបនោះ លោក Pompeo បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas បន្ទាប់ពីកិច្ចប្រជុំរបស់អស់លោកថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនរារាំងប្រព័ន្ធ INSTEX ដែលអឺរ៉ុបកំពុងតែរៀបចំដើម្បីការពារក្រុមហ៊ុនជំនួញឲ្យជៀសផុតពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកាំងទេ បើសិនជាក្រុមហ៊ុនទាំងនោះរកស៊ីជាមួយប្រទេសអ៊ីរ៉ង់។
ប្រព័ន្ធនេះនឹងជួយទូទាត់លុយកាក់របស់ជំនួញស្របច្បាប់ ដែលមានរាប់ទាំងការលក់ថ្នាំពេទ្យ និងសេវាផ្សេងៗ ដែលទទួលបានការអនុញាតនៅក្រោមច្បាប់ដាក់ទណ្ឌកម្មនោះ។
ប្រព័ន្ធ INSTEX នេះមិនទាន់ដាក់ឲ្យប្រើប្រាស់នៅឡើយទេ ប៉ុន្តែបណ្តាប្រទេសអឺរ៉ុបសង្ឃឹមថានឹងមានដំណើរការនៅមុនរដូវក្តៅនេះ៕