ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Bolton បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសអ៊ីរ៉ង់គឺ «ស្ទើរតែច្បាស់ក្រឡែត» ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារកាលពីដើមខែនេះលើកប៉ាល់ដឹកប្រេងនៅក្នុងសមុទ្រនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ដោយថ្លែងទៅកាន់អ្នកកាសែតនៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានី Abu Dhabi ប្រទេសអេមីរ៉េតអារ៉ាប់រួម លោក Bolton មិនបានផ្ដល់ភស្តុតាងណាមួយដើម្បីគាំទ្រដល់ការចោទប្រកាន់របស់លោកនោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា កប៉ាល់ដឹកប្រេងទាំងនោះត្រូវបានបំផ្លាញដោយគ្រាប់ផ្ទុះដែលគេបង្កប់នៅក្នុងទឹក។
កាលពីមុន ប្រទេសអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនមែនជាអ្នកប្រព្រឹត្តិការវាយប្រហារនេះទេ ហើយនៅថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Mousavi បានបញ្ជាក់ថា ការចោទប្រកាន់របស់លោក Bolton គឺជារឿងដ៏គួរឲ្យចង់សើច។
ភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានរីករាលដាលឡើងនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសអំពីការសម្រេចរបស់លោកនៅក្នុងការព្យាយាមកាត់ផ្ដាច់ទាំងស្រុងនូវការនាំចេញប្រេងរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលអ៊ីរ៉ង់ឲ្យប្ដូរឥរិយាបថរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា និងប្រកាសអំពីវិធានការរបស់លោកនៅក្នុងការបង្កើនវត្តមានយោធាអាមេរិកាំងនៅតំបន់ឈូងសមុទ្រពែក្សដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកបាននិយាយថាជាការគំរាមកំហែងរបស់អ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានចោទប្រកាន់លោក Bolton និងមន្ត្រីផ្សេងទៀតថាជាអ្នកសង្គ្រាមនិយម និងបាននិយាយថា រដ្ឋបាលរបស់លោក Trump ដែលបានដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់ គឺកំពុងប្រព្រឹត្តិ «អំពើភេរវកម្មសេដ្ឋកិច្ច»៕