ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃចន្ទនេះថា កិច្ចព្រមព្រៀងជាមួយនឹងប្រទេសអ៊ីរ៉ង់អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺអាចទៅរួច ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដើម្បីរារាំងសកម្មភាពនានា ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ជាសកម្មភាពដែលស្ថិតនៅពីក្រោយសន្ទុះនៃការវាយប្រហារនៅតំបន់មជ្ឈិមបូព៌ា។
លោក Trump បាននិយាយនៅក្នុងអំឡុងពេលសន្និសីទកាសែតជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ថា៖ «ខ្ញុំពិតជាជឿថា ប្រទេសអ៊ីរ៉ង់នឹងចង់ធ្វើកិច្ចព្រមព្រៀង ហើយខ្ញុំគិតថា ការធ្វើដូច្នេះគឺបានន័យថាពួកគេឆ្លាតខ្លាំងណាស់។ ខ្ញុំគិតថា រឿងនេះអាចកើតឡើងបាន»។
លោក Trump បានបញ្ជាក់ថា៖ «ប្រទេសអ៊ីរ៉ង់មានឱកាសក្លាយជាប្រទេសអស្ចារ្យក្រោមការដឹកនាំរបស់រដ្ឋាភិបាលដដែលដូចពេលបច្ចុប្បន្ននេះ។ ខ្ញុំចង់បញ្ជាក់ឲ្យបានច្បាស់ថា សហរដ្ឋអាមេរិកគ្មានបំណងចង់ឲ្យមានការផ្លាស់ប្ដូររបបដឹកនាំរបស់អ៊ីរ៉ង់នោះទេ។ អ្វីដែលសហរដ្ឋអាមេរិកចង់បានគឺការគ្មានអាវុធនុយក្លេអ៊ែរ»។
ភាពតានតឹងបានកើនឡើងរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បន្ទាប់ពីមានការវាយប្រហារលើកប៉ាល់ដឹកប្រេងនៅក្នុងតំបន់ឈូងសមុទ្រពែក្សនៅក្នុងខែនេះមក។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលជាអ្នកគាំទ្រខ្លាំងក្លាចំពោះប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាគូប្រជែងនឹងអ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា បានរិះគន់ថា ការវាយប្រហារលើកប៉ាល់ដឹកប្រេងនេះគឺធ្វើឡើងដោយអ៊ីរ៉ង់ ប៉ុន្តែរដ្ឋាភិបាលអ៊ីរ៉ង់បានបដិសេធ។
លោក Trump នៅក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ៤ ថ្ងៃទៅកាន់ប្រទេសជប៉ុន បានស្វាគមន៍ការជួយជ្រោមជ្រែងរបស់លោក Abe នៅក្នុងការដោះស្រាយជាមួយនឹងអ៊ីរ៉ង់ បន្ទាប់ពីទូរទស្សន៍ NHK របស់ជប៉ុន បានផ្សាយថា លោក Abe កំពុងពិចារណាធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់នៅពាក់កណ្ដាលខែមិថុនាខាងមុខនេះ៕